អន្តរជាតិ
លោក គីម ជុង​អ៊ុន ឆ្លើយ OK ឲ្យ​ពង្រាយ​មី​ស៊ី​ល​ថ្មី​ដើម្បី​ប្រយុទ្ធ​
22, May 2017 , 2:42 pm        
រូបភាព
​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន បានផ្ដល់​ភ្លើង​ខៀវ​ឲ្យ​មានការ​ពង្រាយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រភេទ​ថ្មី Pukguksong-2 ដែលជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​។ មី​ស៊ី​ល​ប្រភេទ​ថ្មី​នេះ ត្រូវបាន​បាញ់​សាកល្បង​ចំនួន​ពីរដង​ក្នុង​ឆ្នាំ ២០១៧ នេះ ដោយ​លើកទីមួយ​ក្នុង​ខែកុម្ភៈ និង​លើក​ទី​ពីរ​នៅ​ថ្ងៃទី​២១ ខែឧសភា ម្សិលមិញ​។ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា ការបាញ់​សាកល្បង​លើកចុងក្រោយ​ទទួលបាន​ជោគជ័យ ទើប​មេដឹកនាំ​កូរ៉េខាងជើង​សម្រេច​ពង្រាយ​មី​ស៊ី​ល​តែម្ដង​។​



​កូរ៉េខាងជើង នៅ​ថ្ងៃទី​២២ ខែឧសភា បានប្រកាស​ពី​ជោគជ័យ​នៃ​ការសាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ប្រភេទ​ថ្មី Pukguksong-2 ដែល​ត្រូវបាន​បាញ់​នៅ​ថ្ងៃទី​២១ ខែឧសភា ក្រោម​ការត្រួតពិនិត្យ​ដោយផ្ទាល់​ពី​សំណាក់​ប្រមុខ​ដឹកនាំ គីម ជុង​អ៊ុន ។ នេះ ជា​លើក​ទី​ពីរ​ក្នុង​ខែឧសភា​នេះ ដែល​កូរ៉េខាងជើង​ធ្វើតេស្ត​មី​ស៊ី​ល​របស់ខ្លួន ដោយ​មិនបាន​អើពើ​ការអំពាវនាវ​របស់​ស​ហគ​មន៍​អន្តរជាតិ​ឲ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក គីម ជុង​អ៊ុន សប្បាយចិត្ត​ខ្លាំង​នឹង​ជោគជ័យ​នេះ ព្រោះ​កម្រិត​បាញ់​ចំ​គោលដៅ​មាន​អាត្រា​ខ្ពស់ ហើយ​បាន​ហៅ​មី​ស៊ី​ល Pukguksong-2 នេះ ជា​អាវុធ​យុទ្ធសាស្ត្រ​ទៀតផង​។ មេដឹកនាំ​កូរ៉េខាងជើង ក៏​ដាក់​បញ្ជា​ឲ្យ​ផលិត​មី​ស៊ី​ល​ប្រភេទ​ថ្មី​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ពង្រាយ​នៅតាម​អង្គភាព​យុទ្ធសាស្ត្រ​របស់​កងទ័ព​ប្រជាជន​កូរ៉េ​ខាង​សម្រាប់​ការប្រយុទ្ធ និង​ដើម្បី​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​ដែរ​។


     មីស៊ីលបាលីស្ទិក Pukguksong-2 ដែលបាញ់កាលពីថ្ងៃទី១២ ខែកុម្ភៈ (រូបភាព Xinhua)

​ទាក់ទង​នឹង​ការសាកល្បង​មី​ស៊ី​ល​នៅ​ថ្ងៃទី​២១ ខែឧសភា មី​ស៊ី​ល Pukguksong-2 ត្រូវបាន​បាញ់​ចេញពី​ទីតាំង​ក្នុង​ទីក្រុង Pukchang តម្រង​ទិស​ទៅខាង​កើត ហើយ​ហោះ​បាន​ចម្ងាយ​ជាង ៥០០​គីឡូម៉ែត្រ មុននឹង​ធ្លាក់ចូល​សមុទ្រ​។ មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ធ​ម្យ​ម​ប្រភេទ​ថ្មី​នេះ ក៏​កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ​ជាមួយ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​សម្រាប់​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក (SLBM) ដែរ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់ នេះ​ជា​លើក​ទី​២ ដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ក្រោយ​លោក មូ​ន ចេ​អ៊ី​ន ចូលកាន់​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​មិន​ដល់​កន្លះ​ខែ​ស្រួលបួល​ផង​។ កូរ៉េខាងជើង ទំនង​ចង់​សាកល្បង​ការអត់ធ្មត់​របស់​មេដឹកនាំ​កូរ៉េខាងត្បូង ព្រោះ​លោក​មាន​ជំហរ​មិន​តឹងតែង​ដាក់​កូរ៉េខាងជើង​ឡើយ ហើយ​លោក​ជ្រើសរើស​ផ្លូវ​ចរចា​សម្រាប់​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​នេះ​។ ប៉ុន្តែ​កូ​រ៉​ខាងជើង បែរជា​បន្តធ្វើ​សកម្មភាព​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត​មិនចេះចប់​សោះ​។​

​បើទោះជា​មាន​សម្ពាធ​គ្រប់ទិសទី​ក្ដី កូរ៉េខាងជើង នៅតែ​មិន​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ ដោយ​លើកឡើងថា​វា​ជា​អាវុធ​ការពារ​ទឹកដី​របស់ខ្លួន​។ មកទល់ពេលនេះ កូរ៉េខាងជើង បាន​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៥​លើក​ទៅហើយ ខណៈ​គ្រាន់តែ​ឆ្នាំ​២០១៧​នេះ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ដល់​ទៅ ៨​ដង​។ លោក គីម ជុង​អ៊ុន ធ្លាប់​ប្រកាសថា ខ្លួន​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ឯណោះ​៕ 


Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com