ជាតិ
សុវត្តិភាព ចរាចរណ៍
ភាពខុសគ្នារវាង ផ្លូវថ្នល់ ផ្លូវជនបទ ផ្លូវខេត្ត និងផ្លូវជាតិ
× ប្រជាជនខ្មែរមួយចំនួន ដែលកំពុងតែធ្វើចរាចរណ៍ឬធ្វើដំណើរនៅលើដងវិថី និងផ្លូវគ្រប់ប្រភេទនៅទីសាធារណៈ ក្នុងទីក្រុង ទីប្រជុំជន តាមខេត្ត និងជនបទ មិនទាន់បានដឹងនិយមន័យច្បាស់ទេថា ផ្លូវថ្នល់ ផ្លូវជនបទ ផ្លូវខេត្ត និងផ្លូវជាតិ ខុសគ្នាយ៉ាងដូចម្តេច?
ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៤ ឆ្នាំ២០១៥ បានឲ្យនិយមន័យ ផ្លូវទាំងនោះ ដូចខាងក្រោម៖
ផ្លូវថ្នល់ គឺសំដៅដល់ទំហំទាំងមូលរួមមាន តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឫចិញ្ចឹមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់។
ផ្លូវជាតិ សំដៅដល់ផ្លូវដែលចរាចរណ៍ច្រើន ពោលគឺទី ១ ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយៗនៅទូទាំងប្រទេស។ ទី ២ ផ្លូវភ្ជាប់ចេញពីទីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយទៀត។ ទី ៣ ផ្លូវភ្ជាប់ពីចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវជាតិ។ ទី ៤ ផ្លូវបែងចែកពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយ។ ទី ៥ ផ្លូវបែកពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗ ដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងៗទៀត។
ផ្លូវខេត្ត សំដៅដល់ផ្លូវដែលមានចរាចរណ៍មធ្យម ដូចជា ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត ផ្លូវបែកចេញពីផ្លូវខេត្តឬក្រុងឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ផ្លូវភ្ជាប់ចេញពីក្រុងខេត្តមួយ ឆ្ពោះទៅកាន់ផ្លូវខេត្ត ផ្លូវបែកចេញពីផ្លូវខេត្ត ឆ្ពោះទៅកាន់ផ្លូវខេត្ត និងផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឬផ្លូវប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកព្រំដែនទ្វេភាគី តំបន់មានសក្ដានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត។
ផ្លូវជនបទ សំដៅដល់ផ្លូវដូចតទៅ ទី ១ ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងភូមិ ។ ទី ២ ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទី ៣ ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ ទី ៣ ផ្លូវដែលភ្ជាប់ពី ទីប្រជុំជនឃុំ សង្កាត់ ទៅសង្កាត់ ទី ៤ ផ្លូវដែលភ្ជាប់ ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ និងទី ៥ ផ្លូវដែលភ្ជាប់ ពីភូមិ ទៅភូមិ -ផ្លូវក្នុងភូមិ។
Tag:
ច្បាប់-ចរាចរណ៍-ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com