អន្តរជាតិ
តៃវ៉ាន់​ខកចិត្ត ព្រោះ​គ្មាន​សិទ្ធិ​ចូលរួម​កិច្ចប្រជុំ​សុខភាព​ពិភពលោក​ដោយសារ​ចិន​រារាំង​
22, May 2017 , 4:26 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ Chen Shih-chung ក្នុងសន្និសីទសារព័ត៌មានមួយ (រូបភាព Taiwan Today)
រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ Chen Shih-chung ក្នុងសន្និសីទសារព័ត៌មានមួយ (រូបភាព Taiwan Today)
​កោះ​តៃវ៉ាន់ បាន​ខកចិត្ត​យ៉ាងខ្លាំង ក្រោយ​ខ្លួន​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទីក្រុង​ហ្សឺ​ណែវ​។ តៃវ៉ាន់ មិនអាច​ចូលរួម​ប្រជុំបាន ដ្បិត​ចិនដីគោក​បាន​រារាំង​ដោយសារ​មិន​ពេញ​ចិត្តនឹង​មេដឹកនាំ​តៃវ៉ាន់​បច្ចុប្បន្ន​ដែលមាន​ទំនោរ​ងាក​ទៅរក​ការប្រកាស​ឯករាជ្យ​។ ដោយសារ​គ្មាន​សិទ្ធិ​ចូលរួម​ប្រជុំ តៃវ៉ាន់ ក៏​ស្នើ​ឲ្យ​មាន​ការដាក់​សម្ពាធ​លើ​ចិនដីគោក​ដើម្បី​កុំ​ឲ្យ​រឿង​បែបនេះ​កើតឡើង​ម្ដងទៀត​។​



​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៩ មក កោះ​តៃវ៉ាន់ មិនមាន​វត្តមាន​ក្នុង​កិច្ច​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ឡើយ​។ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែឧសភា នៅឯ​ប្រទេស​ស្វ៊ី​ស ហើយ​តៃវ៉ាន់​តែង​ទទួលបាន​ការអញ្ជើញ​ឲ្យ​ចូលរួម​ជា​អ្នកសង្កេតការ​ពិសេស​អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ឆ្នាំនេះ កោះ​តៃវ៉ាន់​មិន​ទទួលបាន​ការអញ្ជើញ​ឡើយ ហើយ​បើតាម​ដឹង គឺ​បណ្ដាលមកពី​ចិនដីគោក​មិន​យល់ព្រម​តែម្ដង​។​

​រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់ Chen Shih-chung ដែល​បាន​ទៅដល់​ទីក្រុង​ហ្សឺ​ណែវ​ទៅហើយនោះ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា លោក​ខកចិត្ត​ខ្លាំងណាស់ និង​ទទូច​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​ក្រុង​ប៉េកាំង សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ខ្លួន​មាន​សិទ្ធិ​ចូលរួម​ប្រជុំ​ឡើងវិញ​នៅ​ឆ្នាំក្រោយ​។ ដោយឡែក​មន្ត្រីជាន់ខ្ពស់ WHO បាន​លើកឡើងថា ទំនាក់ទំនង​ល្អ​រវាង​ចិន និង​តៃវ៉ាន់ គឺជា​លក្ខខណ្ឌ​សមស្រប​ដែល​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​ចូលរួម​ប្រជុំបាន តែ​ឆ្នាំនេះ​ទំនាក់ទំនង​រវាង​ភាគី​មិនល្អ​ឡើយ ទើប​តៃវ៉ាន់​មិន​ត្រូវបាន​អញ្ជើញ​។​

​ដូច​បានដឹង​ស្រាប់ ទំនាក់ទំនង​ឆ្លង​ជ្រោយ​តៃវ៉ាន់​មិនល្អ​ឡើយ ក្រោយ​លោកស្រី Tsai Ing-wen ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ឆ្នាំមុន​។ លោកស្រី មាន​ជំហរ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់ ទោះជា​ចិន​ព្រមាន​ដាច់ខាត​ក្ដី ហើយ​ចាប់ពីពេលនោះ ចិន​តែង​ប្រឆាំង​រាល់​វត្តមាន​របស់​តៃវ៉ាន់​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ទាំងអស់​។ មុន​អាណត្តិ​របស់លោក​ស្រី Tsai ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់ មាន​ភាពល្អប្រសើរ​ច្រើន ព្រោះ​និន្នាការ​ប្រកាស​ឯករាជ្យ​មិនសូវ​ត្រូវបាន​លើកឡើង​ឡើយ​។​

​មិន​ត្រឹមតែ​មន្ត្រី​តៃវ៉ាន់​ឡើយ សូម្បីតែ​អ្នកសារព័ត៌មាន​មកពី​តៃវ៉ាន់ ក៏​គ្មាន​សិទ្ធិ​ចូល​យក​ព័ត៌មាន​ដែរ​។ បើទោះជា​មិនមាន​សិទ្ធិ​ចូលរួម​ប្រជុំ​ក្ដី រដ្ឋមន្ត្រី​សុខាភិបាល ក៏បាន​ជួប​មន្ត្រី​សុខាភិបាល​មកពី​ប្រទេស​ដទៃទៀត និង​បានស្នើ​ឲ្យ​ដាក់​សម្ពាធ​លើ​ចិន​ទៀតផង​។ លោក Chen Shih-chung បញ្ជាក់ថា តៃវ៉ាន់ នឹង​ប្រឹងប្រែង​យក​កៅអី​អ្នកសង្កេតការ​អចិន្ត្រៃយ៍​ឲ្យ​បាន បើទោះជា​វា​ជា​គោលដៅ​ដែល​លំបាក​ក៏ដោយចុះ ព្រោះ​ច្បាស់​ណាស់​ថា ចិន​នឹង​ជំទាស់​ដាចខាត​។​

​សូមបញ្ជាក់​ផងដែរ​ថា កោះ​តៃវ៉ាន់​របូត​កៅអី​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ឆ្នាំ​១៩៧២ ខណៈ​កៅអី​នោះ​ត្រូវប្រគល់​ទៅ​ឲ្យ​ចិនដីគោក​វិញ​។ មិន​ត្រឹមតែ​នៅ​អង្គការ​នេះឡើយ នៅតាម​ស្ថាប័ន​ពិភពលោក​ផ្សេងទៀត ក៏​កោះ​តៃវ៉ាន់​អស់​សមាជិកភាព​ដែរ ហើយ​សុទ្ធតែ​ត្រូវ​អង្គុយ​ជំនួស​ដោយ​ក្រុង​ប៉េកាំង​ទាំងអស់​។ មកទល់ពេលនេះ តៃវ៉ាន់ ក៏​មិនសូវមាន​ប្រទេស​រាប់រក​ដែរ ដ្បិត​ប្រទេស​ភាគច្រើន​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ប៉េកាំង​អស់ហើយ​៕  

Tag:
 តៃវ៉ាន់​
  ចិន​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com