អន្តរជាតិ
Mourinho៖ កំហុសរដូវកាលនេះ ជាមេរៀនសម្រាប់ជោគជ័យនៅរដូវកាលក្រោយ
× លោក Jose Mourinho ជឿជាក់ថាលោកនឹងមិនធ្វើឱ្យមានកំហុសនៅក្នុងរដូវកាលទីពីររបស់លោកនៅ Manchester United ទៀតឡើយ ពីព្រោះអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានយល់ច្បាស់ពីកូនក្រុមរបស់លោក បន្ទាប់ពីឡើងកាន់តំណែងអស់រយៈពេលមួយរដូវកាលមក។
ក្រោមការដឹកនាំក្នុងរដូវកាលដំបូងរបស់ Mourinho ក្រុមបិសាចក្រហម Manchester United អាចមានឱកាសច្រើនដើម្បីឈ្នះពានពីរ ប្រសិនបើអាចផ្តួលក្រុម Ajax ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League បានបន្ទាប់ពីឈ្នះពាន EFL Cup មួយរួចទៅហើយកាលពីពាក់កណ្តាលរដូវកាល។
បើទោះបីជា Man Utd បញ្ចប់ទៅក្នុងចំណាត់ទី៦ក្នុងក្របខណ្ឌ Premier League រដូវកាលនេះក៏ដោយ ប៉ុន្តែក្រុមដែលដឹកនាំដោយអ្នកចាត់ការវ័យ៥៤ឆ្នាំនេះ នៅមានឱកាសចុងក្រោយមួយទៀតដើម្បីបានកៅអីលេង UEFA Champion League រដូវកាលក្រោយ ដោយគ្រាន់តែឈ្នះពាន Europa League ឲ្យបាននាការប្រកួតក្នុងរាត្រីថ្ងៃពុធសប្តាហិ៍នេះ។
Mourinho បានបញ្ជាក់ថា រដូវកាលដំបូងសម្រាប់ក្រុមថ្មីគឺតែងតែមានការលំបាកអ៊ីចឹងហើយ ប៉ុន្តែក្នុងរដូវកាលក្រោយ ២០១៧-២០១៨ នឹងធ្វើឲ្យបានល្អជាងនេះ ព្រោះបានសិក្សាពីកូនក្រុមអស់រយៈពេល១ឆ្នាំរួចមក។
«ខ្ញុំបានព្យាយាមដើម្បីវិភាគពីដំណើរការរបស់ក្រុម Man Utd មុនពេលដែលខ្ញុំមកដល់ទីនេះ ប៉ុន្តែអ្នកគ្រាន់តែដឹងតិចតួចពីផ្ទៃក្នុងរបស់ក្លិបនេះប៉ុណ្ណោះ»។ Mourinho បានប្រាប់ Omnisport ដូច្នេះ។
អតីតអ្នកចាត់ការក្រុម Chelsea រូបនេះបន្ថែមទៀតថា៖«រដូវកាលដំបូងគឺពិតជាមានការលំបាកណាស់។ ខ្ញុំរីករាយនឹងការដឹកនាំនារដូវកាលទីពីរបន្ទាប់ទៀត ហើយខ្ញុំជឿជាក់ថានឹងមិនធ្វើឲ្យមានកំហុសដូចរដូវកាលចាស់ទៀតនោះទេ»៕
Tag:
បាល់ទាត់
Jose Mourinho
Europa League
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com