រថយន្ត
នៅ​សិង្ហ​បុរី គេ​អាច​ចុច​ប៊ូ​តុង​ទិញ​រថយន្ត​ប្រណីត ដូច​ទិញ​ភេសជ្ជៈ ឬ​សូកូឡា​
22, May 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ដូចជា​ទិញ​ស្ករ​គ្រាប់ សូកូឡា ភេសជ្ជៈ​យ៉ាង​ដូច្នោះ​ដែរ ប្រសិនបើ​លោកអ្នក​ស្រឡាញ់​ទំនិញ​មួយណា លោកអ្នក​អាចដាក់​លុយ ហើយ​ចុច​ទិញ​បាន​។ លោក Gary Hong ជនជាតិ​សិង្ហ​បុរី បាន​យកគំនិត​នេះ ដើម្បី​អនុវត្ត​លើ​ការ​ដាក់លក់​យន្ត​ទំនើបៗ​របស់ខ្លួន​។​



​ក្នុង​អាយុ​៤៥​ឆ្នាំ លោក Gary Hong គឺជា​អ្នកលក់​រថយន្ត​ទំនើបៗ ម្នាក់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ថ្ងៃមួយ​លោក​បាន​នាំ​កូនប្រុស​អាយុ​៤​ឆ្នាំទៅ​ទិញ​កូន​រថយន្ត​ដែលជា​ឧបករណ៍​លេង​របស់​ក្មេងៗ បន្ទាប់មក​លោក​បានសម្រេច​ចិត្ត​អនុវត្តតាម​គំនិត​សម្រាប់​របរជំនួញ​លក់​រថយន្ត​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​រថយន្ត​ទំនើប​ជាច្រើន ដូចជា Ferrari, Maserati, Lamborghini... ត្រូវបាន​ដាក់តាំង​នៅក្នុង​ទូរ​កញ្ចក់​៤​កន្លែង ដែលមាន​រហូតដល់​ទៅ​១៥​ជាន់ ដោយ​គេ​អាច​មើលឃើញ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​នៅ​ប្រទេស​សិង្ហ​បុរី​។ វា​ជា Show-room តាំង​លក់​រថយន្ត​របស់លោក Gary Hong​។​

​តាម​ការរៀប​រាប់រប​ស់ AFP អ្នកទិញ​អាច​មើលឃើញ​ម៉ូត​រថយន្ត​ដែល​ខ្លួន​ពេញចិត្ត ហើយ​ប្រសិនបើ​ពួកគាត់​ស្រឡាញ់​រថយន្ត​ណាមួយ ពួកគាត់​អាច​ចុច​ប៊ូ​តុង​ដើម្បី​មើល​វីដេអូ​។ បន្ទាប់ពី​មានការ​ត្រូវរ៉ូវ​តម្លៃ​ហើយ ពួកគាត់​អាច​ចុច​ប៊ូ​តុង​ជ្រើសរើស​រថយន្ត បន្ទាប់មក​រថយន្ត​នឹង​ធ្លាក់​មក​ដោយ​ស្វ័យប្រវត្តិ​តាម​ទូរ​ជណ្តើរយន្ត​។​

​លោក Gary Hong បាន​អះអាងថា ការធ្វើ​បែបនេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​លោក​ចំណេញ​ទីតាំង​ប៉ុណ្ណោះ​នោះទេ បន្ថែម​ពីលើ​នេះ ការលក់​របស់​បាន​កើនឡើង​៣០​ភាគរយ បើ​គិត​ចាប់តាំងពី​លោក​ចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ​២០១៦ មក​។​



​លោក Hong បាន​បញ្ជាក់ថា ក្រុម​លោក​មាន​រថយន្ត​ប្រណីត​ប្រមាណ​ពី​៧០​ទៅ​៨០​ដែល​នៅក្នុង​ឃ្លាំង ដោយ​លោក​អា​ចរក​ទីតាំង​ធំ​ជាង​នេះ​៥​ដង ប្រសិនបើ​លោក​អនុវត្ត​ការលក់​បែប​ប្រពៃណី​។ ទោះបីជា​យ៉ាងណាក៏ដោយ ការតាំង​បង្ហាញ​រថយន្ត​របស់លោក Hong មិនមែនជា​រឿង​ថ្មី​នោះឡើយ អ្នកលក់​នានា​នៅ​សហរដ្ឋអាមេរិក ក៏បាន​អនុវត្ត​បែបនេះ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់ Carvana៕





© រក្សាសិទ្ធិដោយ thmeythmey.com