អន្តរជាតិ
ខួប​៣​ឆ្នាំ​នៃ​ការធ្វើ​រដ្ឋប្រហារ លោកស្រី យី​ង​ឡាក់ ប្រាប់​របប​សឹក​ថៃ​ឲ្យ​រក្សា​ពាក្យសន្យា​
22, May 2017 , 9:39 pm        
រូបភាព
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ (Yingluck Shinawatra) បានស្នើ​ឲ្យ​របប​យោធា​រក្សា​ពាក្យសម្ដី​របស់ខ្លួន ដែល​បាន​សន្យា​ពេលធ្វើ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​លោកស្រី​កាលពី​បី​ឆ្នាំមុន​។ បើតាម​លោកស្រី យី​ង​ឡាក់ ក្រុម​យោធា​ថៃ​បាន​សន្យា​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ការបែកបាក់​នៅក្នុង​សង្គម ក៏ដូចជា​លើកស្ទួយ​សេដ្ឋកិច្ច​ប្រទេស​ផង​។ ប៉ុន្តែ​មកទល់ពេលនេះ ការកែទម្រង់​មិនទាន់​ចេញ​ជា​ដុំកំភួន​នៅឡើយ​។



​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ ជា​ខួប​ទី​៣​ឆ្នាំ​នៃ​ការធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​។ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ក្រុម​ឧ​ត្ត​ម​សេនីយ៍​ដឹកនាំ​ដោយ​មេទ័ព​ជើងគោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ដណ្ដើម​ពី​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ហើយ​ក៏បាន​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​កណ្ដាប់​ដែក និង​បិទ​សិទ្ធិ​ប្រជាជន​យ៉ាងខ្លាំង​។ ដោយឡែក ការបោះឆ្នោត ក៏​ចេះតែ​ពន្យារពេល​មួយឆ្នាំ​ហើយ​មួយឆ្នាំ​ទៀត​។​

​នៅ​ចំ​ខួប​ទី​៣​ឆ្នាំ​ដែល​ខ្លួន​ត្រូវ​យោធា​ប្លន់​អំណាច អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ក៏បាន​សរសេរ​សារ​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកស្រី ដែលមាន​ន័យ​ក្រើនរំឭក​របប​យោធា​ពី​ពាក្យសន្យា​ពេលធ្វើ​រដ្ឋប្រហារ​។ លោកស្រី​លើកឡើងថា ក្រុម​យោធា​បាន​យក​លេស​វិបត្តិ​នយោបាយ​ក្នុងប្រទេស ដើម្បី​ដណ្ដើម​អំណាច និង​បាន​សន្យា​កែទម្រង់​ប្រទេស​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម និង​វិសមភាព​សេដ្ឋកិច្ច ដែល​បញ្ហា​ទាំងនេះ​បាន​បែងចែក​សង្គម​ថៃ​យ៉ាងធ្ងន់ធ្ងរ​។​

​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​និយាយ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀតថា អស់​រយៈពេល​បី​ឆ្នាំ​មក ប្រជាជន​ថៃ​នៅតែ​ស្វែងរក​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​នីតិរដ្ឋ​ដដែល​។ លោកស្រី​បន្តថា​៖ «​យើង​មិនទាន់​ឃើញ​មាន​លទ្ធផល​ជាក់ស្ដែង​អ្វី​ឡើយ​ក្នុងការ​កែទម្រង់​របស់​របប​សឹក​។ បើ​ការកែទម្រង់​បរាជ័យ អ្វីៗ​នឹង​បាត់បង់​ទាំងអស់ ហើយ​វិបត្តិ​សេដ្ឋកិច្ច​នឹង​កើតមាន​ឡើយ ដោយសារតែ​ការ​គាស់​រំលើង​របប​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​»​។      

​ដោយសារ​បី​ឆ្នាំ​កន្លងផុត​ទៅដោយ​គ្មាន​លទ្ធផល​ចេញ​ជា​រូបរាង​តាម​ការសន្យា លោកស្រី យី​ង​ឡាក់ ដែលជា​ប្អូនស្រី​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​ទទូច​ឲ្យ​រដ្ឋាភិបាលយោធា​គោរព​សម្ដី​ដែល​ខ្លួន​សន្យា​ពេល​ដណ្ដើម​អំណាច​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​

​យ៉ាងណាមិញ មេដឹកនាំ​របប​សឹក​ថៃ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​និយាយ​ការពារ​ការដឹកនាំ​រប​ស់លោក​ក្នុងពេល​បី​ឆ្នាំនេះ​។ លោក​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា លោក​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​ក្នុងការ​កាច់ចង្កូត​ប្រទេស និង​ព្យាយាម​ដោះស្រាយ​វិបត្តិ​សង្គម ក៏ដូចជា​បញ្ហា​សេដ្ឋកិច្ច​ជាច្រើន​ដែរ ហើយ​លោក​ធ្វើ​គ្រប់យ៉ាង​ទៅតាម​ពេលវេលា និង​ធនធាន​ដែល​លោក​មាន​។ លោក​ក៏​ប្រាប់​ឲ្យ​ប្រជាជន​ថៃ​ដែរ​ថា លោក​មិន​សន្យា​ដូច​អ្នកនយោបាយ​ឡើយ ហើយ​អ្វីដែល​លោក​បារម្ភ គឺ​ប្រទេសជាតិ មិនមែន​ប្រជាធិបតេយ្យ​ឡើយ​។


Tag:
 ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com