ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ទូតបារាំងផុតអាណត្តិថា សម្តេចនឹងរៀបចំតំបន់ព្រំដែនឲ្យចប់សព្វគ្រប់
× សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថា សម្ដេចនឹងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឲ្យបានចប់សព្វគ្រប់នៅក្នុងអំឡុងពេលដែលសម្ដេច កាន់តួនាទីជានាយករដ្ឋមន្ត្រីនេះ។
ថ្លែងក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំងលោក Jean claude Bimboeuf ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការងារ និងសុំជួបជម្រាបលានោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«នាពេលខាងមុខ សម្តេចនឹងរៀបចំតំបន់ព្រំដែនឲ្យបានចប់សព្វគ្រប់ ក្នុងអំឡុងពេលដែល សម្តេចជានាយករដ្ឋមន្ត្រី ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយមានបញ្ហាព្រំដែនតទៅទៀត»។
កន្លងមកបារាំង ក៏បានផ្តល់ផែនទីតាមសំណើររបស់កម្ពុជាផងដែរ ដើម្បីឲ្យរដ្ឋាភិបាលយកមកផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ បន្ទាប់ពីមានការរិះគន់ពីសំណាក់គណបក្សនយោបាយ។ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាក៏បានស្នើទៅបារាំងឲ្យផ្តល់អ្នកជំនាញមកជួយកម្ពុជាបន្តទៀតដែរ ទាក់ទងទៅនឹងព្រំដែនរវាងកម្ពុជា-វៀតណាម ។ នេះជាការបន្ថែមនៅលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
គួរបញ្ជាក់ថា កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាបោះបង្គោលព្រំដែន កាលពីឆ្នាំ២០០៦មក ក្នុងបណ្តោយព្រំដែនរវាងប្រទេសទាំងពីរប្រវែង១២៧០គីឡូម៉ែត្រ ដោយកំណត់បោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។ កម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនបានចំនួន៨៣ភាគរយ ពោលគឺបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នៅសល់១៧ភាគរយទៀតប៉ុណ្ណោះ។
ចំណែកព្រំដែនកម្ពុជានិងឡាវ មានព្រំដែនជាប់គ្នាប្រវែង៥៤០គីឡូម៉ែត្រ ដែលបានព្រមព្រៀងគ្នាបោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល ។ ប៉ុន្តែមកទល់ពេលនេះ ភាគីទាំងពីរ បានបោះបង្គោលចំនួន១២១ ដើមហើយ ដែលស្មើនឹង៨៣ភាគរយ ។ ចំណែកទីតាំងបង្គោលចំនួន២៤ទៀត ដែលកំពុងសម្របសម្រួលរៀបចំបោះបង្គោលនោះ គឺស្ថិតក្នុងខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែង ដូចជានៅចំណុចទន្លេល្ពៅ ទន្លេសាឡាំផៅ ទន្លេសេកុង តំបន់អូរតាង៉ាវជាដើម។ នេះបើតាមគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ៕
Tag:
ហ៊ុន សែន
បារាំង
ផែនទី
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com