អន្តរជាតិ
សមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ប្តេជ្ញាបន្តដើរដោយគ្មានអាមេរិក តែទុកទ្វារចំហរក្រែងអាមេរិកត្រឡប់មកវិញ
× ចុងសប្តាហ៍នេះ បណ្តាប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលនៅសល់ទាំង ១១ យកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅវៀតណាមដើម្បីជជែកពិភាក្សាថាគួរបន្តកិច្ចព្រមព្រៀងនេះទៅមុខដោយរបៀបណាដោយគ្មានអាមេរិក។ ប្រទេសទាំងនោះនៅតែប្តេជ្ញាចិត្តរិះរកវិធីសាសស្ត្រនានាដែលអាចឲ្យគេអាចបន្តកិច្ចព្រមព្រៀងនេះ ស្របពេលដែលផ្លូវដើរនៅតែលំបាក និងមិនសូវច្បាស់លាស់នោះ។ អ្វីដែលសំខាន់សមាជិកនៅសល់ទាំង១១ នៅតែមានឆន្ទៈរក្សាទុកទ្វារបើកចំហរទទួលយកអាមេរិកវិញដែរ ក្នុងករណីមហាអំណាចសេដ្ឋកិច្ចទីមួយនេះចង់ត្រឡប់មកវិញ។
ក្រោយស្បថចូលកាន់តំណែងចុងខែមករា លោក ដូណាល់ ត្រាំ ចេញក្រឹត្យបញ្ចប់សមាជិកភាពអាមេរិកក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលជាមរតកបន្សល់ទុកពីជំនាន់លោក បារ៉ាក់ អូបាម៉ា ដោយអនុវត្តតាមគោលនយោបាយ«ដម្កល់ប្រយោជន៍អាមេរិកជាធំ»របស់លោកនោះ។ ការចាកចេញរបស់អាមេរិកដែលជាសមាជិកស្នូលនោះ ធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដាមាសដែលមិនទាន់ចេញជារូបរាងនេះស្លាប់ទៅវិញ។ ប៉ុន្តែសមាជិកនៅសល់មិនចង់ឲ្យកិច្ចព្រមព្រៀងនេះស្លាប់ទៅបែបនេះឡើយ ដ្បិតគេប្រឹងប្រែងនិងចំណាយពេលវេលាច្រើនណាស់ដើម្បីចរចាបង្កើតវាឡើងមក។
ដូច្នេះហើយ តំណាងប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកបានជួបជុំគ្នាជាថ្មីម្តងទៀតនៅក្នុងទឹកដីវៀតណាមក្រោមក្របខណ្ឌកិច្ចប្រជុំកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក (APEC) ដើម្បីជជែកពិភាក្សារិះរកវិធីជួយសង្គ្រោះកិច្ចព្រមព្រៀងនេះឲ្យរស់ឡើងវិញ។ អ្វីដែលគួរឲ្យកត់សម្គាល់ ជប៉ុន និងបណ្តាតំណាងឲ្យប្រទេសសមាជិក TPP បានឯកភាពគ្នាជាឯកច្ឆ័ន្ទដើម្បីរក្សាកិច្ចព្រមព្រៀងនេះ ទោះគ្មានសហរដ្ឋអាមេរិកចូលរួមក៏ដោយ។
កាលពីខែមីនាតំណាងប្រទេសសមាជិកកិច្ចព្រមព្រៀងនេះ ក៏បានជួបពិភាក្សាគ្នាម្តងដែរ នៅក្នុងទីក្រុង Vina del Mar នៅប្រទេសស៊ីលី ។ កាលនោះគេឃើញមានវត្តមាន មន្ត្រីជាន់ខ្ពស់ដែលជាតំណាងប្រទេស១២ នៃកិច្ចព្រមព្រៀងនេះ រួមជាមន្ត្រីចិន, កូឡុំប៊ី និងកូរ៉េខាងត្បូងផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្នុងកិច្ចពិភាក្សានាក្រុងហាណូយនៅចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មណូវែលសេឡង់ លោក Todd McClay បានលើកឡើងថា ការជួបពិភាក្សាគ្នានេះគឺផ្តោតសំខាន់លើការស្វែរកវិធានការអាចធានាឲ្យប្រទេសទាំង ១១ ដែលនៅជាសមាជិកអាចបន្តអនុវត្តកិច្ចព្រមព្រៀងនេះបាន។ គេមិនដឹងច្បាស់ថា សមាជិកនឹងត្រូវបន្តកិច្ចព្រមព្រៀងនេះដោយរបៀបណាច្បាស់លាស់ទេ ប៉ុន្តែរដ្ឋមន្ត្រីណូវែលសេឡង់ខាងលើបានបញ្ជាក់ថា គេនឹងចំណាយពេលសិក្សាពីលទ្ធភាពបន្ថែមនិងជួបគ្នាជាថ្មីនៅជប៉ុននៅខែកក្កដាខាងមុខ។ ដល់ខែវិច្ឆិកា សមាជិកទាំងអស់នឹងសម្រេចឲ្យបាននូវសំណើរមួយពាក់ព័ន្ធកិច្ចព្រមព្រៀងនេះ អាចស្របពេលដែលកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិករៀបចំឡើងនៅប្រទេសវៀតណាមផង។
១.សង្គ្រោះជីវិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នៅជួបឧបសគ្គធំ
ថ្វីបើរដ្ឋសេសសល់មានឆន្ទៈចង់ឈានទៅអនុវត្តកិច្ចព្រមព្រៀងនេះ ដោយគ្មានអាមេរិកក៏ដោយ គេត្រូវដោះស្រាយបញ្ហាប្រឈមច្រើនណាស់។បញ្ហាទីមួយ វាចាំបាច់ត្រូវមានការចរចាគ្នាឡើងវិញលើកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះក៏ដោយសារ តាមបទបញ្ញត្តិ វាតម្រូវឲ្យសមាជិកដែលមានផលិតផលក្នុងស្រុកសរុបយ៉ាងហោចណាស់ស្មើ ៨៥ភាគរយនៃផលិតផលក្នុងសរុបនៃសមាជិកកិច្ចព្រមព្រៀងទាំងមូលនោះ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ដូច្នេះហើយវាមិនមែនជារឿងងាយស្រួលឡើយនៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនោះ។
បញ្ហាមួយទៀត គឺប្រទេសសមាជិកទាំងអស់នៅតែរារែកនិងខ្វះការប្តេជ្ញាចិត្តបន្តសង្គ្រោះជីវិកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះមានសមាជិកដូចជា ម៉ាឡេស៊ី,វៀតណាម, សិង្ហបុរី, ព្រុយណេ, អូស្ត្រាលី, ណូវែលសេឡង់, ស៊ីលី, ម៉ិកស៊ិក, កាណាដា,ជប៉ុន និង ប៉េរូ។ ក្នុងចំណោមសមាជិកទាំង ១១ នេះ គេឃើញប្រទេសពីរដូចជា វៀតណាម និងម៉ាឡេស៊ី ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងដោយសន្យាអនុវត្តគោលនយោបាយកែទម្រង់ទ្រង់ទ្រាយស៊ីជម្រៅ ដើម្បីធ្វើយ៉ាងណាអាចចូលទីផ្សារអាមេរិកបានស្រួលជាងមុន។ ប៉ុន្តែនៅពេលនេះ វាលែងមានអាមេរិកទៀតហើយ ហើយវាក៏បញ្ជាក់បានថា ប្រទេសទាំងពីរនេះមិនសូវមានឆន្ទៈដើរទៅមុខជាប្រទេសផ្សេងទៀតឡើយ។ ណាមួយប្រទេសទាំងនេះហាក់ដូចជាងាកទៅផ្តោតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RECEP) ដែលប្រទេសក្នុងតំបន់ប្រឹងជំរុញឲ្យចេញជារូបរាងឆាប់ៗផងដែរ។
២. ទ្វារបើកចំហរ រង់ចាំអាមេរិកត្រឡប់វិញ
ក្នុងកិច្ចប្រជុំក្រុងហាណូយចុងសប្តាហ៍នេះដែរ សមាជិកកិច្ចព្រមព្រៀងនេះនៅលួចសង្ឃឹមថា អាមេរិកអាចនឹងងាកមកចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ។ ដូច្នេះហើយទ្វារនៅបើកចំហរជានិច្ចដើម្បីចាំទទួលអាមេរិកនៅពេលណាមួយខាងមុខ។
ប៉ុន្តែ វាជាសុបិនច្រើនជាងការពិត។ មន្ត្រីតំណាងពាណិជ្ជអាមេរិកថ្មីលោក Robert Lighthizer ដែលមានវត្តមានក្នុងវេទិកា APEC ដែរនោះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា គ្មានផ្លូវដែលអាមេរិកត្រូវងាកមកចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកិច្ចនេះឡើយ។ តំណាងជាន់ខ្ពស់អាមេរិកដែលទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម រូបនេះបានអះអាងថា ដើម្បីសម្រេចបានពាណិជ្ជកម្មសេរី វាចាំបាច់ត្រូវមានចំណាត់ការដោះស្រាយការប្រើប្រាស់វិធានការពាណិជ្ជកម្មមិនត្រឹមត្រូវដែលកន្លងមកវាធ្វើអាមេរិកប្រឈមឱនភាពពាណិជ្ជកម្មរហូត។ ប៉ុន្តែលោកបានបង្ហើបថា អាមេរិកនឹងព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីច្រើនជាមួយប្រទេសនានាក្នុងតំបន់នៅពេលខាងមុខដែរ។
«ខ្ញុំរង់ចាំធ្វើការងារជាមួយដៃគូពាណិជ្ជកម្មរបស់យើងនៅក្នុងតំបន់ដើម្បីពង្រីកទីផ្សានាំចេញរបស់អាមេរិកនិងដោះស្រាយបញ្ហាប្រឈមមានទាំងការអនុវត្តគោលនយោបាយពាណិជ្ជកម្មមិនស្មោះត្រង់ផងដែរ»។ នេះជាការបញ្ជាក់របស់លោក Robert Lighthizer។
ក្នុងវេទិកាពិភាក្សានេះដែរ តំណាងក្រុងវ៉ាស៊ីនតោនខាងលើបានព្យាយាមបកស្រាយពីគោលជំហររបស់អាមេរិកក្នុងការបង្កើតកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរី ហើយលោកបានព្យាយាមពន្យល់ថា អាមេរិកមិនមែនកំពុងអនុវត្តគោលនយោបាយគាំពារនិយមដូចគេចោទប្រកាន់ឡើយ។ ហើយដោយសារពាក្យ «គាំពារនិយម» នេះហើយបានធ្វើឲ្យសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចេញសេចក្តីថ្លែងការណ៍រួមមិនបាន។
លោក Robert Lighthizer បានពន្យល់ថា វាមានការភាន់ច្រឡំច្រើនជុំវិញការប្រើប្រាស់ពាក្យ គាំពារនិយមនេះ ហើយគេមិនអាចវែកញែកឲ្យដាច់ស្រឡះនៅឡើយរវាងវិធានការដែលជួយគាំទ្រពាណិជ្ជកម្មសេរី និងគោលនយោបាយគាំពារនិយមពាណិជ្ជកម្ម។ លោកបានបន្ថែមដូច្នេះថា៖« អ្វីដែលយើងចង់បានគឺពាណិជ្ជកម្មសេរី។ យើងចង់បានពាណិជ្ជកម្មដែលត្រឹមត្រូវ និងស្មោះត្រង់។ យើងចង់បានប្រព័ន្ធមួយដែលអនុញ្ញាតឲ្យយើងអាចពង្រីកទីផ្សារបានយ៉ាងមានប្រសិទ្ធភាពទូទាំងពិភពលោកផង»។
Tag:
TPP
APEC
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com