អន្តរជាតិ
ដូ​ណា​ល់ ត្រាំ អំពាវនាវ​ឲ្យ​រដ្ឋ​ម៉ូ​ស្លី​ម​រួបរួមគ្នា​ប្រឆាំង​ហិង្សា​ជ្រុលនិយម​ជ្រក​ក្រោម​ស្លាក​សាសនា​
22, May 2017 , 10:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ម៉ូ​ស្លី​ម​ទាំងអស់​ចូលរួម​កម្លាំង​គ្នា​ប្រឆាំង​ចលនា​ជ្រុលនិយម និង​ក្រុម​ប្រើប្រាស់​អំពើហិង្សា​ជ្រក​ក្រោម​ស្លាក​សាសនា​ផងដែរ​។ នៅ​ចំពោះមុខ​មេដឹកនាំ​ប្រទេស​ម៉ូ​ស្លី​មនា​ទីក្រុង​រី​យ៉ា​ត ប្រធានាធិបតី អាមេរិក បាន​សង្កត់ធ្ងន់ថា ការ​កម្ចាត់ ចលនា​ជ្រុលនិយម​ជា​សង្គ្រាម​រវាង​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់ មិនមែនជា​សង្គ្រាម​សាសនា​ឡើយ​។​



​ថ្ងៃអាទិត្យ​ទី ២១ ឧសភា ក្នុង​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​អារ៉ាប់​អាមេរិក ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លៀតឱកាស​ស្នើសុំ​ឲ្យ​បណ្តា​មេដឹកនាំ​ប្រទេស​ម៉ូ​ស្លី​ម​ទាំងអស់​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ទប់​ទល់នឹង​មនោគមន៍វិជ្ជា​ជ្រុលនិយម​និង​រាល់​ការប្រើប្រាស់​ហិង្សា​ដែល​យក​សាសនា​ជា​ខែល​ផងដែរ​។

​ថ្លែង​ទៅកាន់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​ម៉ូ​ស្លី​ម​ជាច្រើន​នាក់ លោក ដូ​ណា​ល់ ត្រាំ ផ្តើម​សុន្ទរកថា​របស់​លោក​ដោយ​រិះគន់​អ៊ីរ៉ង់​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ជាពិសេស​អំពើហិង្សា​សាសនា ប៉ុន្តែ​លោក ព្យាយាម​បន្ទន់​សម្តី​ពេល​និយាយ​ដល់​បញ្ហា​សាសនា​ឥស្លាម​ខុសពី​ពេល​ឃោសនាបោះឆ្នោត​។ លោក​ថែមទាំង​បាន​បញ្ជាក់ថា ការប្រឆាំង​ចលនា​ជ្រុលនិយម​មិនមែនជា​«​សង្គ្រាម​សាសនា​ឡើយ​តែ​ជា​សង្គ្រាម​រវាង​កម្លាំង​ល្អ​និង​សភាវៈ​អាក្រក់​»​ប៉ុណ្ណោះ​។​

«​វា​ជា​សង្គ្រាម​រវាង​ក្រុម​ឧក្រិដ្ឋជន​ផ្សៃ​ព្រៃ​ដែល​ចង់​បំផ្លាញ​ជីវិត​មនុស្ស និង ប្រជាជន​ដែល​ព្យាយាម​ការពារ​ជីវិត​មនុស្ស​។ វា​ជា​សង្គ្រាម​រវាង​សភាវៈ​ល្អ និង សភាវៈ​អាក្រក់​ប៉ុណ្ណោះ​»​។ លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ដូច្នេះ​។​

​ជំហរ​របស់លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋមន្ត្រីការបរទេស​របស់លោក​ផងដែរ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​នោះ​។ លោក រិច ធី​ល័​រ​សិន ( Rex Tillerson) យល់ស្រប​ជាមួយ​ប្រធានាធិបតី ត្រាំ ដែលថា ការប្រឆាំង​ហិង្សា​ជ្រុលនិយម​មិន​ពាក់ព័ន្ធ​អ្វី​នឹង​សាសនា​ឡើយ​។ វា​ក៏​មិន​ពាក់ព័ន្ធ​ប្រទេស​ណាមួយ​ដែរ ឬ​ជនជាតិ​ណាមួយ​ដែរ​។

​ក្រោយ​ជាប់ឆ្នោត​ខែវិច្ឆិកា​ឆ្នាំ ២០១៦ គោ​លន​យោន​បាយ​សំខាន់​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ គឺ​កម្ចាត់​ភេរវជន​និង​ធ្វើយ៉ាងណា​ប្រឆាំង​មនោគមន៍វិជ្ជា​ជ្រុលនិយម​ដែល​បង្ក​ឲ្យ​មាន​ហិង្សា​ប្រដាប់អាវុធ​ពាសពេញ​ពិភពលោក​នោះ​។ បច្ចុប្បន្ន​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក ត្រាំ​នៅ​បន្ត​ត្រួត​ពិនិត្យមើល​យុទ្ធសាស្ត្រ​និង​កែសម្រួល​យុទ្ធសាស្ត្រ​នេះ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ផងដែរ​។ ដូច្នេះហើយ ការអំពាវនាវ​ទៅកាន់​បណ្តា​ប្រទេស​ម៉ូ​ស្លី​ម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅពេលនេះ​ជាការ​ស្វះ​ស្វែងរក​ការសហការ​និង​គាំទ្រ​ដើម្បី​បង្កើន​ប្រសិទ្ធ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ផង​។​

​យ៉ាងណាមិញ លោក ដូ​ណា​ល់ ត្រាំ មិនបាន​ខ្វល់ខ្វាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ប៉ុន្មាន​ទេ​។ លោក​រិះគន់​តែ​អ៊ីរ៉ង់ ហើយ​ព្យាយាម​លើកសរសើរ​បណ្តា​រដ្ឋ​អារ៉ាប់​ជា ពិសេស​អា​រ៉ា​ប៊ី សា​អូឌីត ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវជន​នៅ​យេ​ម៉ែន​។ ប៉ុន្តែ​លោក​មិន​និយាយ​សូម្បីតែ​បន្តិច​ពី​ការវាយប្រហារ​របស់​ស​ម្ព័​ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​លើ​លំនៅដ្ឋាន​ប្រជាជន សម្លាប់​អស់​ជន​ស៊ីវិល​អស់​រាប់រយ​នាក់​ឡើយ​។ អន្តរាគមន៍​របស់​អា​រ៉ា​ប៊ី សា​អូឌីត ខុសច្បាប់​នៅ​យេ​ម៉ែន​ដែល​បានសម្លាប់​រង្គាល​ជន​ស៊ីវិល​នេះ អាច​ស្មើនឹង​បទឧក្រិដ្ឋ​សង្គ្រាម និង​សង្គ្រាម​ប្រឆាំង​មនុស្សជាតិ​ដែរ​។​

​មិន​ត្រឹមតែ​មិន​ខ្វាយខ្វល់​រឿង​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏​សម្រេច​ចុះ​ព្រមព្រៀង​លក់​អាវុធ​ទំហំ​ជិត​១១០​ពាន់​លាន​ដុល្លារ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ទៀត ទោះ​មានការ​រិះគន់​ពី​សំណាក់​ក្រុម​សិទ្ធិមនុស្ស​ក្តី​។ អាមេរិក​អះអាងថា វា​ជាការ​រួមចំណែក​ជួយ​បង្កើន​សមត្ថភាព​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងការ​ទប់ទល់​ការគំរាមកំហែង​សន្តិសុខ​ជាពិសេស​បញ្ហា​ភេរវកម្ម​ផងដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អា​រ៉ា​ប៊ី សា​អូឌីត​
  អារ៉ាប់​
  រិច ធី​ល័​រ​សិន
© រក្សាសិទ្ធិដោយ thmeythmey.com