កីឡាអន្តរជាតិ
អន្តរជាតិ
Moyes ចេញពី Sunderland ក្រោយដឹកនាំបាន១រដូវកាលដូច Man Utd និង Real Sociedad
× David Moyes បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅក្រុម Sunderland បន្ទាប់ពីក្រុមដែលមានរហស្សនាមថាឆ្មាខ្មៅ ធ្លាក់ទៅក្របខណ្ឌ Championship នារដូវកាលក្រោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិប Sunderland ។
លោក David Moyes បានប្រាប់ប្រធានក្លិប Suderland ពីការសម្រេចចិត្តចាកចេញរបស់ខ្លួន នាជំនួបមួយនៅទីក្រុងឡុងដ៍ កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា។ ក្នុងកិច្ចប្រជុំនោះអតីតអ្នកចាត់ការក្រុម Manchester United ក៏បានជូនពរក្រុមទាំងមូលផងដែរ៖«ខ្ញុំជូនដល់កីឡាករទាំងអស់ និងអ្នកដែលត្រូវមកជំនួសតំណែងខ្ញុំឲ្យពួកគេមានឱកាសឡើងមកលេងនៅក្របខណ្ឌ Premier League វិញ»។
ក្រុមឆ្មាខ្មៅ បានដកស្រង់សម្តីរបស់ ប្រធានក្លិប លោក Ellis Short ដែលថា ការចាកចេញរបស់លោក Moyes ពិតបង្កការលំបាកដល់ក្លិប ពីព្រោះគាត់បានខំប្រឹងប្រែងដោយមិនខ្លាចការនឿយហត់ដើម្បីជួយក្លិបឲ្យផុតពីតំបន់កាត់ចេញពី Premier League ប៉ុន្តែបរាជ័យ។
លោក Ellis ថា អ្នកចាត់ការទូទៅជនជាតិស្កុតឡេនរូបនេះ បានសម្រេចចិត្តចាកចេញដោយមិនទទួលយកប្រាក់សំណង ដែលនេះជាសមានចិត្តដ៏គួរឲ្យគោរព។ ក្រៅពីជូនពរដល់លោក Moyes ប្រធានក្លិបឆ្មាខ្មៅ អះអាងថា ក្លិបកំពុងស្វែងរកអ្នកបន្តវេន ក្នុងការដឹកនាំក្លិបនៅ Championship។
លោក Moyes បានទៅកាន់ទឹកដី Stadium of Light កាលពីខែកក្កដា ឆ្នាំមុន ដើម្បីជំនួសតំណែងលោក Sam Allardyce ដែលត្រូវទៅដឹកនាំក្រុមជម្រើសជាតិអង់គ្លេសវិញនោះ។ ឈានដល់អាយុ៥៤ឆ្នាំ លោក Moyes ឆ្លងកាត់អាជីពជាគ្រូបង្វឹកចាប់តាំងពីឆ្នាំ១៩៩៨មក ដោយចាប់ផ្តើមជាមួយក្លិប Preston North End ហើយបន្តដឹកនាំ Everton ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៣។
មុនទៅកាន់ Sunderland លោកបានដឹកនាំ Manchester United និង Real Sociedad ប៉ុន្តែអាជីពចុងក្រោយរបស់លោក មិនបានទទួលជោគជ័យនោះឡើយ។
ក្រោយឈរជើងនៅលីកកំពូលអង់គ្លេស Premier League អស់រយៈពេល១០រដូវកាលមក Sunderland ត្រូវបានកាត់ចេញទៅលីកលំដាប់ទី២វិញបន្ទាប់ពីចាញ់ Bournemouth កាលពីខែមុនមក។ ក្នុងចំណោម ៣៦ប្រកួតក្នុងលីក ឆ្មាខ្មៅអាចរកបាន២៤ពិន្ទុស្ថិតនៅបាតតារាងរដូវកាលនេះ ដោយរកជ័យជម្នះបានតែ៦ប្រកួតប៉ុណ្ណោះ៕
Tag:
បាល់ទាត់
David Moyes
Sunderland
© រក្សាសិទ្ធិដោយ thmeythmey.com