ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឯកអគ្គរដ្ឋទូតបារាំង៖«អ្នកដឹកនាំជំនាន់ថ្មី ធ្វើឲ្យខ្ញុំមានសុទិដ្ឋិនិយមចំពោះកម្ពុជា»
× បន្ទាប់ពីបានបំពេញបេសកកម្មការទូត៣ឆ្នាំនៅប្រទេសកម្ពុជា លោកឯកអគ្គរដ្ឋទូតបារាំង ហ្សង់-ក្លូដ ពាំបឺស (Jean-Claude Poimboeuf) នឹងបញ្ចប់អាណត្តិនៅចុងខែឧសភានេះ។ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអេឡិកត្រូនិចថ្មីៗ លោកឯកអគ្គរដ្ឋទូតបានរម្លឹកពីសមិទ្ធផលធំៗដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។ នៅក្នុងប្រធានបទកម្ពុជាវិញ បើទោះបីជាលោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់អំពីទំនាស់រវាងគណបក្សនយោបាយ និងចំពោះបញ្ហាសង្គមមួយចំនួនដូចជា ចរាចរណ៍ វិសមភាពរវាងទីក្រុង និងជនបទក៏ដោយ នៅក្នុងបទសម្ភាសខាងក្រោមនេះ លោកនៅតែមើលឃើញចំណុចរីកចម្រើនជាច្រើនដែលកម្ពុជាបានសម្រេចដូចជា៖ គុណភាពការងាររបស់សង្គមស៊ីវិល សេរីភាពសារព័ត៌មាន និងពិសេសភាពរស់រវើកនៃអ្នកដឹកនាំជំនាន់ក្រោយ។
លោក លាង ដឺលុច៖ លោកឯកអគ្គរដ្ឋទូត តើមានសមិទ្ធផលអ្វីខ្លះ ដែលលោកសម្រេចបានក្នុងពេលលោកបំពេញបេសកកម្មនៅប្រទេសកម្ពុជា?
លោក Jean-Claude Poimboeuf៖ ក្នុងអំឡុងនៃអាណត្តិការងាររបស់ខ្ញុំនៅកម្ពុជា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរត្រូវបានកត់សម្គាល់ដោយទស្សនកិច្ចកម្រិតខ្ពស់ជាច្រើន ដូចជា៖ ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសបារាំងកាលពីខែតុលា ឆ្នាំ២០១៥ និងការយាងចូលរួមរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះបរមនាមតំណាងប្រទេសកម្ពុជា ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងប៉ារីស កាលពីខែធ្នូ ឆ្នាំ២០១៥។ ក្រៅពីនេះមានជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមភាគីបារាំងក្នុងអំឡុងពេលដែលលោកធ្វើទស្សនកិច្ចការងារនៅប្រទេសបារាំង កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគីនេះដែរ លោកស្រី អានីក ហ្ស៊ីរ៉ាដាំង រដ្ឋលេខាធិការទទួលបន្ទុកការអភិវឌ្ឍ និងហ្វ្រង់កូហ្វូនី បានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីខែឧសភាឆ្នាំ២០១៥ ហើយបានចុះហត្ថលេខាលើឯកសារតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៥-២០១៨។
ទស្សនកិច្ចទាំងនេះបានពង្រឹងទំនាក់ទំនងដ៏យូរលង់ និងប្រកបដោយទំនុកចិត្តរវាងប្រទេសបារាំង និងកម្ពុជា។ ម្យ៉ាងទៀត ឆ្នាំ២០១៦ គឺជាឱកាសនៃការរម្លឹកព្រឹត្តិការណ៍សំខាន់ពីរនៃទំនាក់ទំនងប្រទេសយើងទាំងពីរ គឺខួប៥០ឆ្នាំនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ឧត្តមសេនីយ៍ដឺហ្គោលនៅកម្ពុជា និងខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក លាង ដឺលុច៖ តើមានសមិទ្ធផលណាខ្លះដែលធ្វើឱ្យលោកមានមោទនភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា?
លោក Jean-Claude Poimboeuf៖ ក្នុងអំឡុងពេលនៃការបំពេញការងាររបស់ខ្ញុំ កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រឹងលើគ្រប់វិស័យទាំងអស់។ រដ្ឋាភិបាលបារាំងបានកំណត់អាទិភាពមួយដល់ខ្ញុំ គឺជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ។ ថ្វីបើមិនទាន់ឈានដល់កម្រិតសក្តានុពលរបស់វាក៏ដោយ ក៏ការផ្លាស់ប្តូរសេដ្ឋកិច្ចនេះបានកើនឡើងទ្វេដង ចន្លោះឆ្នាំ២០១៤-២០១៧ ហើយមានទំហំជាង១ពាន់លានអឺរ៉ូ។ ជាមួយការផ្តល់ហិរញ្ញប្បទាន៣០០លានអឺរ៉ូក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានក្លាយទៅជាអ្នកផ្តល់ជំនួយធំមួយរបស់កម្ពុជា ដោយគាំទ្រជាពិសេសដល់វិស័យផលិតកម្ម និងការពង្រឹងធនធានមនុស្ស។
ម្យ៉ាងទៀត ប្រទេសបារាំងនៅតែជាដៃគូសំខាន់មួយរបស់កម្ពុជាក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូររវាងសាកលវិទ្យាល័យខ្មែរ-បារាំង និងសាលាបារាំងដេកាត។ រីឯការផ្លាស់ប្តូររវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌ក៏មានលក្ខណៈសម្បូរបែបផងដែរ ជាពិសេសតាមរយៈវិទ្យាស្ថានបារាំងនៅកម្ពុជា។ ក្នុងវិស័យយោធាវិញ កិច្ចសហការរវាងកងទ័ពបារាំង និងកម្ពុជាក្នុងក្របខ័ណ្ឌនៃបេសកកម្មរក្សាសន្តិភាពពិភពលោក នៅតែមានភាពរស់រវើក។
លោក លាង ដឺលុច៖ លោកធ្លាប់បានឃើញបរិយាកាសនយោបាយតានតឹងជាច្រើនលើករវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ តើលោកយល់ឃើញយ៉ាងណាអំពីស្ថានភាពនយោបាយនៅកម្ពុជា? តើលោកមានអនុសាសន៍អ្វីខ្លះ?
លោក Jean-Claude Poimboeuf៖ ក្នុងនាមជាមិត្តភក្តិដ៏យូរលង់របស់កម្ពុជា ខ្ញុំត្រូវតែនិយាយថា ការវិវឌ្ឍមួយចំនួនក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះមិនល្អទេ ហើយ«វប្បធម៌សន្ទនា» ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤មិនបានផ្តល់លទ្ធផលដូចដែលយើងទន្ទឹងរង់ចាំនោះឡើយ។ ខ្ញុំសង្ឃឹមដោយស្មោះសថា នយោបាយកម្ពុជានឹងវិលត្រឡប់មករកមាគ៌ាសន្ទនាប្រកបដោយសន្តិភាពក្នុងពេលឆាប់ៗខាងមុខក្នុងចំណោមបក្សនានា ដែលសុទ្ធតែចង់លើកស្ទួយនីតិរដ្ឋ និងប្រជាធិបតេយ្យ។
ក្នុងន័យនេះ ការប្រព្រឹត្តទៅដ៏ល្អប្រសើរនៃដំណើរការបោះឆ្នោតគឺជាកត្តាសំខាន់។ ការរីកចម្រើននានាដ៏គួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមការឧបត្ថម្ភមួយផ្នែកពីសហភាពអឺរ៉ុប តាមរយ:ជំនួយ១០លានអឺរ៉ូ។ ខ្ញុំចង់ឱ្យការងារប្រកបដោយការស្ថាបនារវាងបក្សនយោបាយសំខាន់ៗនេះបន្តទៅមុខទៀតក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សាបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក។
លោក លាង ដឺលុច៖ បើតាមយោបល់លោក តើមានការរីកចម្រើនដែរឬទេក្នុ ងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា?
លោក Jean-Claude Poimboeuf៖ ការប្រារព្ធខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាឱកាសដែលយើងអាចក្រឡេកមើលសារជាថ្មីលើការរីកចម្រើនមិនអាចប្រកែកបានរបស់កម្ពុជាក្នុងវិស័យនេះ។ ក្នុងអាណត្តិការងាររបស់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពរស់រវើករបស់សង្គមស៊ីវិល និងការងារដ៏គួរឱ្យកត់សម្គាល់របស់អង្គការក្រៅរដ្ឋាភិបាលខ្មែរនិងបរទេសជាច្រើន។ ផ្ទុយពីអ្វីដែលកើតឡើងនៅប្រទេសជាច្រើនក្នុងតំបន់ នៅកម្ពុជាអង្គភាពព័ត៌មានមួយចំនួនអាចរិះគន់អាជ្ញាធរដោយសេរី ហើយយើងអាចអានព័ត៌មានគ្រប់ប្រភេទនៅលើបណ្តាញសង្គម ដែលកំពុងពេញនិយមក្នុងចំណោមយុវជន។
ទោះបីយ៉ាងណា ខ្ញុំសង្កេតឃើញមានការរិះគន់ជាច្រើនពាក់ព័ន្ធនិទណ្ឌភាព និងវិសមភាពចំពោះមុខច្បាប់។ ការកែលម្អបញ្ហាទាំងនេះទាមទារនូវកិច្ចខិតខំប្រឹងប្រែងយូរអង្វែង ក្នុងនោះមានការចូលរួមពីប្រទេសបារាំងតាមរយៈការជួយបណ្តុះបណ្តាលអ្នកច្បាប់កម្ពុជា ដែលភាគច្រើនបានជ្រើសរើសប្រទេសបារាំងដើម្បីបន្តការសិក្សា។ ក្រៅពីនេះ ខ្ញុំអាចលើកពីការគាំទ្ររបស់បារាំងចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម ដែលកំពុងបំពេញការងារដ៏មានសារសំខាន់សម្រាប់ជនរងគ្រោះកម្ពុជាទាំងអស់ ហើយអាចធ្វើជាគំរូមួយសម្រាប់វិស័យយុត្តិធម៌ទាំងមូល។
លោក លាង ដឺលុច៖ តើលោកយល់យ៉ាងណាចំពោះយុវជនកម្ពុជាបច្ចុប្បន្ន ជាពិសេសអ្នកដឹកនាំវ័យក្មេង?
លោក Jean-Claude Poimboeuf៖ យើងគ្មានអ្វីក្រៅពីសេចក្តីរំភើបពោះយុវជនកម្ពុជា ដែលតំណាងឲ្យភាពស្វាហាប់ និងភាពរីកចម្រើន។ ខ្ញុំគិតថា យុវជនកម្ពុជាកំពុងសម្លឹងឆ្ពោះទៅរកអនាគត។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះការលេចធ្លោរបស់អ្នកដឹកនាំជំនាន់ថ្មី ដែលមិនត្រឹមតែនៅក្មេងជាង ប៉ុន្តែថែមទាំងទទួលបានការអប់រំល្អជាង ហើយចង់ធ្វើទំនើបកម្មប្រទេសកម្ពុជា។ ជាញឹកញាប់ ខ្ញុំបានពិភាក្សាយ៉ាងបើកចំហជាមួយពួកគេ ហើយយុវជនទាំងនោះធ្វើឱ្យខ្ញុំមានសុទិដ្ឋិនិយម។
លោក លាង ដឺលុច៖ រដ្ឋាភិបាលកម្ពុជាមានមោទនភាពយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ច៧ភាគរយ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចមួយចំនួននៅតែលើកឡើងពីគម្លាតរវាងអ្នកមាន និងអ្នកក្រ។ តើលោកយល់ឃើញយ៉ាងណាចំពោះបញ្ហានេះ?
លោក Jean-Claude Poimboeuf៖ ដូចអ្នកសង្កេតការណ៍ជាច្រើនទៀតដែរ ខ្ញុំភ្ញាក់ផ្អើលនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាក្នុងរយ:ពេលជាច្រើនឆ្នាំជាប់ៗគ្នារបស់កម្ពុជា ដែលស្តែងឱ្យឃើញតាមរយ:ការប្រែប្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានមកពីហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អ កំណើនប្រាក់ចំណូល និងការថយចុះនៃភាពក្រីក្រ។ ទន្ទឹមគ្នានេះដែរ ខ្ញុំសង្កេតឃើញឥទិ្ធពលអវិជ្ជមានមួយចំនួន ដូចជាផលប៉ះពាល់លើបរិស្ថាន វិសមភាព រវាងទីក្រុង និងជនបទ ក៏ដូចជាភាពផុយស្រួយនៃគំរូសេដ្ឋកិច្ច ដែលងាយទទួលរងឥទ្ធិពលពីកត្តាខាងក្រៅ។
លោក លាង ដឺលុច៖ តើមានការវិនិយោគបារាំងថ្មីៗនៅកម្ពុជាក្នុងអំឡុងបីឆ្នាំចុងក្រោយនេះដែរឬទេ? ហើយទំហំវិនិយោគទាំងអស់មានទឹកប្រាក់ប៉ុន្មានដែរ?
លោក Jean-Claude Poimboeuf៖ ការវិនិយោគបារាំងកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងបីឆ្នាំនេះ។ ការវិនិយោគសំខាន់ៗមានដូចជា ការសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៃព្រលានយន្តហោះភ្នំពេញនិងសៀមរាប ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែមីនា ឆ្នាំ២០១៦ (ការវិនិយោគទឹកប្រាក់១០០លានដុល្លាររបស់ក្រុមហ៊ុនវ៉ាំងស៊ី) និងការបោះទីតាំងរបស់ធនាគារ BRED ដែលជាបណ្តាញធនាគារលំដាប់ទី២របស់បារាំង។ ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលទើបបោះទីតាំងនៅកម្ពុជា មានក្រុមហ៊ុនលំដាប់ពិភពលោកក្នុងវិស័យទំនាក់ទំនង HAVAS (ក្រុមហ៊ុននេះបានទិញក្រុមហ៊ុន Riverorchid ដែលជាក្រុមហ៊ុនគមនាគមន៍ឈានមុខគេនៅអាស៊ីអាគ្នេយ៍) និងក្រុមហ៊ុន Lagardère ដែលបានទិញស្ថានីយ៍វិទ្យុមួយចំនួននៅកម្ពុជា។
លោក លាង ដឺលុច៖ លោកធ្លាប់បានស្គាល់កម្ពុជាកាលពីទសវត្សរ៍ឆ្នាំ៩០ ហើយបានស្នាក់នៅកម្ពុជាយៈពេល៣ឆ្នាំចុងក្រោយនេះក្នុងឋានៈជាឯកអគ្គរដ្ឋទូត។ តើលោកមានបទពិសោធន៍វិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ? តើអ្វីដែលដក់ជាប់ក្នុងអារម្មណ៍របស់លោកជាងគេ?
លោក Jean-Claude Poimboeuf៖ ខ្ញុំបានសង្កេតឃើញថា កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីពេលដែលខ្ញុំចាប់អារម្មណ៍លើប្រទេសនេះ។ ខ្ញុំទទួលបានបទពិសោធន៍ល្អៗជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃសកម្មភាពការងាររបស់ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំជាមួយអង្គការសង្គមស៊ីវិលដែលសកម្មនៅកម្ពុជា។ ខ្ញុំមានសេចក្តីរំភើបចំពោះគុណភាពការងាររបស់អង្គការក្រៅរដ្ឋាភិបាលបារាំងជាច្រើន។
ខ្ញុំក៏ពេញចិត្តផងដែរក្នុងការបំពេញភារកិច្ចជាសហប្រធានគណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC Angkor) រួមគ្នាជាមួយប្រទេសជប៉ុន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិរក្ស និងលើកស្ទួយតម្លៃបេតិកភណ្ឌខ្មែរ។ កិច្ចការនេះតម្រូវឱ្យខ្ញុំធ្វើដំណើរទៅសៀមរាបជាញឹកញាប់ប្រកបដោយក្តីរីករាយ។ ខ្ញុំក៏បានស្វែងយល់ផងដែរអំពីបេតិកភណ្ឌខ្មែរដ៏មានតម្លៃផ្សេងទៀត រួមមានប្រាសាទកោះកេរ សម្បូរព្រៃគុក និងប្រាសាទព្រះវិហារ។ ខ្ញុំចង់ធ្វើដំណើរទៅទស្សនាកន្លែងផ្សេងៗទៀតដែរ ប៉ុន្តែចាំពេលក្រោយចុះ។
បទពិសោធន៍អវិជ្ជមានរបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការធ្លាក់ចុះនៃលក្ខខណ្ឌនៃការរស់នៅរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញដោយសារបញ្ហាចរាចរណ៍យានយន្ត និងការបំពុលបរិស្ថាន។
ខ្ញុំសោកស្តាយដោយត្រូវចាកចេញពីប្រទេសកម្ពុជា ដែលខ្ញុំធ្លាប់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅគ្រប់ទីកន្លែង និងពីមនុស្សគ្រប់ៗគ្នា។ ខ្ញុំរីករាយនឹងវិលត្រឡប់មកទីនេះម្តងទៀតដើម្បីជួបជុំមិត្តភក្តិកម្ពុជា ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានឃើញការរីកចម្រើនថ្មីៗទៀតលើគ្រប់វិស័យទាំងអស់៕
Tag:
Jean-Claude Poimboeuf
ស្ថានទូតបារាំង
អ្នកដឹកនាំវ័យក្មេង
© រក្សាសិទ្ធិដោយ thmeythmey.com