ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ចំពោះ​សុខភាព នៃ​ការ​ញ៉ាំ​គ្រាប់​ផ្កាឈូករ័ត្ន​
24, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជីវជាតិ​ដែលមាន​ក្នុង​គ្រាប់​ផ្កាឈូករ័ត្ន​ល្អ​បំផុត​សម្រាប់​សុខភាព​សក់ និង​បេះដូង​។ វា​ក៏​ជួយ​ពង្រឹង​ដល់​ការ​គេង អារម្មណ៍ល្អ និង​ភាព​អាចមាន​កូន​បាន​របស់​បុរស​ដែរ​។ អ្វីដែល​កាន់តែ​ល្អ​នោះ​គឺថា គ្រាប់​ផ្កាឈូករ័ត្ន​ត្រូវបាន​គេ​ចាត់ទុកជា​អាហារសម្រន់​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ឆ្ងាញ់​ណាស់​។ គ្រាប់​ធញ្ញជាតិ​ដ៏​ឆ្ងាញ់​នេះ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព វីតាមីន E វីតាមីន B ស័​ង្គ​សី ផូស្វ័រ ប៉ូ​តា​ស្យូ​ម ជាតិ​ដែក កាលស្យូម និង​ប្រូតេអ៊ីន​។​



​ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​គ្រាប់​ផ្កាឈូករ័ត្ន​អាចធ្វើ​បាន​ចំពោះ​សុខភាព​មនុស្ស​យើង​មានដូចជា​៖

    ប្រភព​នៃ​ជាតិ​ខ្លាញ់​ដ៏​ល្អ និង​សារធាតុ Phytosterols របស់​គ្រាប់​ផ្កាឈូករ័ត្ន​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ កាលណា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ថយចុះ វា​នឹង​ល្អ​ចំពោះ​សុខភាព​បេះដូង​។​
    សារធាតុ​មួយ​ឈ្មោះ Tryptophan ក្នុង​គ្រាប់​ផ្កាឈូករ័ត្ន​ក៏​អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ល្អ​ដែរ​។ ក្រៅពីនេះ វា​ជួយ​ធ្វើ​ឲ្យ​ស្ត្រី​ត្រៀម​មក​រដូវ​មិនសូវមាន​បញ្ហា​ខាង​ផ្លូវចិត្ត​ច្រើន​ទៀត​។​
    គ្រាប់​ផ្កាឈូករ័ត្ន​សម្បូរ​វីតាមីន E ដែលជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​សុខភាព​។ វីតាមីន E នេះហើយ ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ Parkinson ដែល​នាំ​ឲ្យ​ពិបាក​ក្នុង​ការដើរ និយាយ និង​លេប​អាហារ​។​
    គ្រាប់​ផ្កាឈូករ័ត្ន​កមាន​ជាតិ​ស័​ង្គ​សី ដែល​សំខាន់​សម្រាប់​ភាព​មានកូន​របស់​មនុស្ស​ប្រុស​។ តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ជាតិ​ស័​ង្គ​សី​នឹង​ជួយ​ពង្រឹងគុណភាព និង​ភាព​មាន​ចលនា​របស់​មេជី​វិត​ឈ្មោល​ដើម្បី​ឆាប់​មានកូន​។​
    សារធាតុ Tryptophan ក្នុង​គ្រាប់​ផ្កាឈូករ័ត្ន​ក៏​ដើរតួនាទី​ក្នុងការ​សំយោគ​សារធាតុ Serotonin ដើម្បី​ជំរុញ​ដល់​ការ​គេង​លក់​កាន់តែ​ស្រួល​ដែរ​។​
    គ្រាប់​ផ្កាឈូករ័ត្ន​សម្បូរ​ទៅដោយ​វីតាមីន B9 ដែលជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ព្រោះ​កាលណា​ស្ត្រី​មាន​ផ្ទៃពោះ​កង្វះ​វីតាមីន​មួយ​នេះ ពួកគេ​ប្រឈម​ខ្ពស់​នឹង​កូន​កើតមក​ខូច​អវៈយវៈ ជាពិសេស​ពក​ខួ​ក​ឆ្អឹងខ្នង​ជាដើម​។​
    គ្រាប់​ផ្កាឈូករ័ត្ន ១០០​ក្រាម​មាន​សារធាតុ Biotin ៦៦​ម៉ៃ​ក្រូ​ក្រាម​ទៅហើយ ដែល​វា​ជា​តម្រូវការ​សម្រាប់​ពង្រឹង​ដល់​សុខភាព​សក់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com