អន្តរជាតិ
ថៃ​៖ អ្នក​ចូល​មើល​ព័ត៌មាន​ប្រមាថ​ស្ដេច អាចមាន​ទោស​ដូច​អ្នក​បង្ហោះ​ឬ​អ្នក​ចែកចាយ​ព័ត៌មាន​
23, May 2017 , 1:56 pm        
រូបភាព
មហាក្សត្រថៃ មហាវជិរាលង្ករណ៍ (រូបភាព Xinhua)
មហាក្សត្រថៃ មហាវជិរាលង្ករណ៍ (រូបភាព Xinhua)
​មហាក្សត្រ និង​សមាជិក​រាជវង្ស​ថៃ ត្រូវបាន​ការពារ​យ៉ាង​តឹងតែង​ដោយ​ច្បាប់​ស្ដីពី​ការការពារ​មហាក្សត្រ ដែល​ដាក់ទោស​អ្នក​បំពាន​យ៉ាងធ្ងន់ធ្ងរ​។ របប​សឹក​ថៃ បាន​ពង្រឹង​ការតាមដាន​លើ​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ការ​បង្ហោះ ឬ​ការចែករំលែក​ព័ត៌មាន​លើ​ប្រព័ន្ធ​អន​ឡាញ​ដែល​មានន័យ​ប្រមាថ​មហាក្សត្រ ប្រាកដជា​ត្រូវ​ជាប់ទោស​យ៉ាងធ្ងន់ធ្ងរ​មិន​ខាន​។ ពេលនេះ របប​យោធា​ថៃ​កំពុង​ពិចារណា​ដាក់ទោស​អ្នក​ដែល​ចូល​មើល​អត្ថបទ​លើ​អ៊ីនធឺណិត​ទៀតផង​។



​មាត្រា​១១២ នៃ​ក្រម​ព្រហ្មទណ្ឌ​ថៃ​ចែងថា​ជន​ណា​ដែល​ប្រមាថ​មហាក្សត្រ រជ្ជទាយាទ សមាជិក​រាជវង្ស និង​រាជា​នុ​សិទ្ធិ នឹង​ជាប់ពន្ធនាគារ​ដល់​ទៅ​១៥​ឆ្នាំ​សម្រាប់​មួយ​ករណី​។ មាត្រា​នេះ ត្រូវបាន​យកមកអនុវត្ត​ជា​ហូរហែរ ហើយ​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​ជា​ហូរហែរ​ដូចគ្នា​ដែរ​។ អាជ្ញាធរ​ថៃ ក៏បាន​ចាត់វិធានការ​បោសសម្អាត​ព័ត៌មាន​ដែល​មានន័យ​ប្រមាថ​រាជានិយម ហើយ​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ល្បីៗ​ជាពិសេស​ហ្វេ​ស​ប៊ុ​ក​តែម្ដង​។​

​កន្លងមក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ដែល​បង្ហោះ (Post) ឬ​ចែកចាយ (Share) ព័ត៌មាន​មាន​ខ្លឹមសារ​មិនល្អ​អំពី​ស្ថាប័ន​រាជានិយម​សុទ្ធតែ​មិន​រួច​ឡើយ​។ នៅពេលនេះ មិន​ត្រឹមតែ​អ្នក​បង្ហោះ ឬ​អ្នក​ចែកចាយ​ឡើយ សូម្បីតែ​អ្នក​ចូល​មើល​អត្ថបទ​ទាំងអស់ ក៏​ក្លាយជា​មុខសញ្ញា​នៃ​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ថៃ​ដែរ​។ ពោល គឺ​ប៉ូលិស​នឹងដាក់​គោលដៅ​លើ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​ចូល​មើល​អត្ថបទ​សរសេ​រ​មិនល្អ ឬ​រិះគន់​រាជានិយម​។​

​នាយកដ្ឋាន​បង្ក្រាប​បទ​ល្មើស​បច្ចេកវិទ្យា​ដែល​ចំណុះ​ឲ្យ​អង្គភាព​ប៉ូលិស​ថ​ថៃ ជា​អ្នកទទួលបន្ទុក​ដោះស្រាយ​អត្ថបទ ឬ​ខ្លឹមសារ​ព័ត៌មាន ដែល​ប៉ះពាល់​រាជានិយម​។ អ្នកនាំពាក្យ​រង​ប៉ូលិស​ថៃ Songpol Wattanachai បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា នាយកដ្ឋាន​នេះ​នឹង​សម្រេចចិត្តថា ការចូល​មើល (View) អត្ថបទ​ខុសច្បាប់​ទាំងនោះ ជា​សកម្មភាព​ខុសច្បាប់​ឬ​យ៉ាងណា​។ លោក​បន្តថា អាជ្ញាធរ​នឹង​ស្នើ​ឲ្យ​ប្រជាជន​ចូលរួម​សហការ និង​មិនត្រូវ​ចូល​មើល​អត្ថបទ​ឡើយ​។​

​ដូច​បានដឹង​ស្រាប់ របបរាជានិយម ត្រូវបាន​ការពារ​ដោយ​ច្បាប់​យ៉ាង​តឹងរឹង​។ អតីត​មហាក្សត្រ ភូមិ​ពល អ​តុល្យ​តេជ (Bhumibol Adulyadej) ត្រូវបាន​ប្រជាជន​ថៃ​គោរព​ស្រឡាញ់​យ៉ាងខ្លាំង​ក្នុងពេល​នៃ​ការ​សោយរាជ្យ​ជាង​៦០​ឆ្នាំ​។ ប៉ុន្តែ​មហាក្សត្រ​ថ្មី មហា​វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) ដែល ឡើង​គ្រងរាជ្យ​កាលពី​ចុង​ឆ្នាំមុន មិនសូវមាន​ប្រជាប្រិយភាព​ដូច​បិតា​ឡើយ ហើយ​ថែមទាំង​មានរឿង​អាស្រូវ​ច្រើន​ទៀតផង​។

​កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​ថៃ គំរាម​បិទ​ហ្វេ​ស​ប៊ុ​កនៅ​ក្នុងប្រទេស​មិន​ឲ្យ​ដំណើរការ បើ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​មិន​ព្រម​លុបចោល​វីដេអូ និង​អត្ថបទ​ខុសច្បាប់​ជាច្រើន​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ ហើយ​មានន័យ​ប៉ះពាល់​កិត្តិយស​មហាក្សត្រ មហា​វ​ជិ​រាល​ង្ក​រណ៍ ។ យ៉ាងណាក្ដី អាជ្ញាធរ​ថៃ​ក៏បាន​ដក​ពាក្យ​គំរាម​វិញ ក្រោយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​សន្យា​លុបចោល​មាតិកា​អត្ថបទ និង​វីដេអូ​ខុសច្បាប់​ទាំងនោះ​៕
 

Tag:
 ថៃ​
  មហា​វ​ជិ​រាល​ង្ក​រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com