បទយកការណ៍ / បទសម្ភាសន៍
ស្ម័គ្រចិត្ត​បែបណា​កុំ​ឲ្យ​ជ្រុល​ពេក និង​មិន​បញ្ចប់​ដោយ​ការ​ស្តាយក្រោយ !
23, May 2017 , 7:39 pm        
រូបភាព
ដោយ:
​បច្ចុប្បន្ន​យុវជន​បាន​ចាប់អារម្មណ៍ និង​ចូលរួម​យ៉ាងសកម្ម ទៅលើ​ការងារ​ស្ម័គ្រចិត្ត ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់ខ្លួន និង​ជួយ​សង្គម​។ ពួកគេ​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ និង​ថ​រិ​កា​ផ្ទាល់ខ្លួន​ ដើ​ម្បី​ធ្វើការ​ងារ​ដែល​ពួកគេ​ស្រលាញ់​។ ពួកគេ​យល់ថា ការងារ​នេះ​បាន​ជួយ​កសាង​សមត្ថភាព ភាពជា​អ្នកដឹកនាំ ការងារ​ក្រុម ភាពក្លាហាន និង​ឱកាស​ទទួលបាន​អាហា​រូបករណ៍​ទៅ​សិក្សា​ក្រៅប្រទេស ក៏ដូច​ជាមាន​ការងារល្អ​នាពេល​អនាគ​ត​ជាដើម​។​ ជាមួយគ្នានេះ​ក៏មាន​យុវជន​មួយចំនួន​ស្ម័គ្រចិត្ត​ជ្រុ​ក​ពេក ​ភ្លេច​ការសិក្សា​ និង​មិនបាន​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួនឯង ​ឲ្យ​ប្រសើ​រ​​។​ ពួកគេ​បានបង្ហាញ​ការសោកស្តាយ​ បាក់​ទឹកចិត្ត ​និង​គិតថា​ហួស​ពេល។



​ទាកទង​នឹង​បញ្ហា​ខាងលើ​នេះ​ កញ្ញា​អៀង លីន​ដា អតីត​ប្រធានសភា​និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ​បាន​លើកឡើងថា​ នាងគាំទ្រ​ឲ្យ​យុវជន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត។ ទន្ទឹម​នឹង​នោះដែរ​ យុវជន​មួយចំនួន​ភ្លេចខ្លួន​ស្ម័គ្រចិត្ត​ជ្រុល​ពេក និង​លះបង់​គ្រប់បែបយ៉ាង​ សូម្បីតែ​សុខភាព​ផ្ទាល់ខ្លួន​ ក៏មិន​ខ្វល់​។ ​លីន​ដា ​និយាយថា៖​«​តាមពិត​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ​គឺ​រឿង​ល្អ​មែនទែន ប្រសិនបើ​យើង​មិន​ធ្វើ​ ប្រៀប​ដូច​បាត់​ផ្នែក​មួយ​នៅក្នុង​ជីវិត​»​។ កញ្ញា​អៀង លីន​ដា ​បន្តថា​ យុ​ជន​មួយចំនួន​ភ្លេចខ្លួន​ រវល់​តែ​ការងារ​ស្ម័គ្រចិត្ត ​ពុំមាន​ពេល​ពង្រឹងសមត្ថភាព​ខ្លួនឯង​ទាល់តែសោះ​ ហើយ​ពេលខ្លះ​សូម្បីតែ​មិត្តភក្តិ ​និង​គ្រួសារ​ក៍៏គ្មាន​ដែរ ​ព្រោះ​លង់​ស្នេហ៍​ នឹង​ការងារ​ស្ម័គ្រចិត្ត​។



កញ្ញា​អៀង លីន​ដា ​បាន​បន្តថា​ យុវជន​គួរ​ធ្វើ​ការងារស្ម័គ្រចិត្ត​ណា​ ដែល​ស្របតាម​ឆ​ន្ទៈ និង​អាច​អភិវឌ្ឍន៍​ខ្លួនឯង ​ថែមទាំង​បាន​ជួយ​អ្នក​ដទៃទៀត​។​ លីន​ដា​និយាយ​បន្ថែមដូច្នេះថា៖ «​កុំ​ធ្វើ​ការងារ​ស្ម័គ្រ​ ដោយ​គ្រាន់តែ​បាន​ផលប្រយោជន៍​ ដែល​មិន​ស្រប​ឆន្ទៈ​ខ្លួន​ឯង ហើយ​ពេលខ្លះ ​យើង​ត្រូវបាន​គេ​កេង​ប្រ​វ័​ញ្ច ក៏ថា​បានដែរ​ដូច្នេះ យើង​មិនមែន​ចេះតែ​ស្ម័គ្រចិត្ត​ប៉ាត​ណា ប៉ាត​ណី​អីចឹងទេ។ យើង​ត្រូវ​ធ្វើការ​ស្ម័គ្រចិត្ត​កន្លែង​ណា​ ដែល​យើង​ពេញចិត្ត​ ហើយ​យើង​ប្រឹងប្រែង​រហូតដល់​យើង​ មានឱកាស​ដឹកនាំ​នៅ​ស្ថាប័ន​នោះ​។

​ស្របគ្នា​នេះដែរ​ លោក​កន សុមេធា បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​លើកឡើងថា វា​ជា​ការល្អ​ដែល​យុវជន​មាន​ឆន្ទៈ​ជួយ​សង្គម ប៉ុន្តែ​យើង​ត្រូវ​គិតពី​ការអភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់ខ្លួន​។ ​អ្វីដែល​សំខាន់​ គឺ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ពេលវេលា​​ជា​អាទិភាព​។ ​យើង​អាច​ធ្វើបាន​ទៅតាម​កម្រិត​មួយ​ ដែល​វា​សមល្មម​ ដែល​អាច​ចូលរួមបាន​។ នេះជាការលើកឡើងបន្ថែមរបស់ សុមេធា ដែលបន្តទៀតថា ការងារ​ស្ម័គ្រចិត្ត​ដែល​ល្អ​ ​​មិន​​សំខាន់​លើ​ទីកន្លែង​នោះទេ ប៉ុន្តែជាការងារដែលអាចឲ្យអ្នក​ស្ម័គ្រចិត្តនោះ បាន​រៀនសូត្របន្ថែម។
​​



​​លោក​សុមេធា ថ្លែងយ៉ាងនេះថា៖ « ខ្ញុំ​មើលឃើញ​ចំណុច​ខ្វះខាត​របស់​យុវជន ​គឺ​ពួកគាត់​មិនបាន​ឆ្លុះបញ្ចាំង​នូវ​អ្វីដែល​ខ្លួនឯងបាន​រៀន​ពី​ស្ថាន​ប័ន​នោះ​។ ​ចំណែក​នៅតាម​ស្ថាប័នវិញ​ គួរ​មាន​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ និង​អ​ញ្ចើ​ញ​គ្រូ​បណ្តុះបណ្តាល​ ដែលមាន​បទពិសោធន៍​មក​ចែករំលែក​ សម្រាប់​ពង្រឹង​សមត្ថភាព​យុវជន​ និង​បុគ្គលិក​ស្ថាប័ន​ ដើម្បី​ធ្វើការ​ងារ​ឲ្យ​មាន​ប្រសិទ្ធភាព។ ​មួយ​ទៀត ​គួរ​បង្កើត​វប្បធម៌​ឆ្លុះបញ្ចាំង​ ក្រោយពី​បានធ្វើ​គម្រោង​និីមួយៗ​ចប់​»​។ 

​ជាមួយគ្នានេះដែរ កញ្ញា ​ប្រាក់ មុន្នី​រ័ត្ន មន្ត្រី​គម្រោង Youth Lead Project នៃ​សមាគម​យុវជន​ខ្មែរ​ ក៏បាន​យល់ឃើញ​ដែរ​ថា​ កត្តា​ដែល​យុវជន​មិនអាច​អភិវឌ្ឍន៍​ខ្លួន​បាន មកពី​យុវជន​មិនបាន​កំណត់​គោលដៅ និង​ការរំពឹងទុក ​ពី​ការស្ម័គ្រចិត្ត​ឲ្យ​បានច្បាស់លាស់​។ កញ្ញា​មុន្នី​រ័ត្ន​និយាយថា៖​«​យុវជន​ចូលចិត្ត​ស្ម័គ្រចិត្ត​តាម​មិត្តភក្តិ​ ឬ​តាម​គ្នា​ដើម្បី​សប្បាយ និង​មិន​ខ្វល់​ពី​ការរៀន សូត្រ ដែល​ធ្វើ​ឲ្យ​យុវជន​ភ្លេចខ្លួន​មិនបាន​កំណត់​គោលដៅ​ខ្លួន ឯង​តើ​អនាគត​ចង់​ធ្វើ​អ្វី​?​។ ​ឧទាហរណ៍​​​គាត់​ចង់​ធ្វើជា​មន្ត្រី​កម្មវិធី ប៉ុន្តែ​គាត់មក​ស្ម័គ្រចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​​ ​ដូច្នេះ​ដើម្បី​សម្រេច​គោលដៅ ​​​យុវជន​ត្រូវតែ​ធ្វើការ​ងារ​ស្ម័គ្រចិត្ត ​ឲ្យ​ត្រូវ​នឹង​គោលដៅ​ទៅ​ថ្ងៃ​អនាគត​»​។



មន្ត្រី​គម្រោង​រូបនេះ​បន្តថា កន្លងមក​មាន​ក្រុមយុវជន​បាន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ជាច្រើន​ នៅតាម​ក្រុមយុវជន អង្គកា​រ និង​ស្ថាប័ន​ផ្សេងៗ ​ប៉ុន្តែ​ពួកគេ​មិនបាន​រៀនសូត្រ​ច្រើន​ពី​ស្ថាប័ន​ទាំង​នោះទេ។ ​ជាក់ស្តែង​នៅពេល​ស្ថាប័ន​បានរៀបចំ​កម្មវិធី​ផ្សេងៗ ​យុវជន​មិនបាន​ច្បិច​យកចំណេះ​ដឹង​ និង​បទពិសោធន៍​មក​អភិវឌ្ឍ​ខ្លួន​។ ម្យ៉ាង​ទៀត ​យុវជន​ខ្វះ​ការទំនាក់ទំនង​ល្អជា មួយ​បុគ្គលិក​នៅ​ស្ថាប័ន​ និង​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ ​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់ព័ត៌មាន ​និងឱកាស​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​យុវជន​មិនអាច​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯងបាន​លឿន​ ដែលធ្វើ​ឲ្យ​ពួកគេ​​​បាក់​ទឹកចិត្ត និង​គិតថា​ការងារ​នេះ​គ្មាន​ប្រយោជន៍​។

​បន្ថែម​ពីនេះ​ទៀត​ទាំង​កញ្ញា ​លីន​ដា លោក​ សុមេធា និង​កញ្ញា​មុន្នី​រ័ត្ន​ សុទ្ធតែ​លើកឡើង​ដូចគ្នា​ថា ​យុវជនគួរកុំ​ទទួល​អារ​ម្មរណ៍​ថា​ ការងារ​ស្ម័គ្រចិត្ត​គ្មានប្រយោជន៍។ យុវជនត្រូវ​រៀបចំ​ផែនការ​​សកម្មភាព​ឡើងវិញ ពោលគឺត្រូវ​​កំណត់​គោលការណ៍​ និង​គោលដៅ​ច្បាស់លាស់ មុននឹងធ្វើការស្ម័័គ្រចិត្ត ឬងាកទៅពង្រឹងជំនាញរបស់ខ្លួន​​។
​​
ជារួម​ការងារ​ស្ម័គ្រចិត្ត​ គឺជា​ការ​ដ៏ល្អ​ ដែល​ធ្វើ​ឲ្យ​ស្គាល់​ចំ​ណុច​ខ្លាំង ចំណុចខ្សោយ ​ខ្លួនឯង​កាន់តែច្បាស់​ ​ចេះទំនាក់ទំនង និង​ទទួល​​ឱកាស​ផ្សេងៗ​។ ផ្ទុយទៅវិញ​វាក៏ផ្តល់​ជា​បញ្ហា​ផងដែរ ​ប្រសិន​យើង​ស្ម័គ្រចិត្ត​ជ្រុល​ពេក​ មិន​គិតពី​សុខភាព​ ភ្លេច​ការសិក្សា ​និង​មិនមាន​ពេល ​​​ពង្រឹងសមត្ថភាព​បន្ថែម​។ ដូច្នេះដើម្បីការងារដែលអ្នក​អ្នកស្ម័គ្រចិត្ត មិន​​បញ្ចប់ដោយ​ការ​ស្តាយក្រោយ ​យុវជន​ត្រូវ​បែងចែក​ពេលវេលា​ច្បាស់លាស់​ រវាង​ការសិក្សា ​និង​ការងារ​សង្គម​ ព្រមទាំង​កំណ​ត់គោលដៅ ​និង​ការរំពឹងទុកពីអ្វីដែលអ្នកគិតថានឹងទទួលបានពីការងារ​ស្ម័គ្រចិត្ត​ ដើម្បីឲ្យវា​ឆ្លើយតប​តាម​ឆន្ទៈ ជំនាញ​សិក្សា និង​គោលដៅ​ទៅ​ថ្ងៃ​អនាគត​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com