អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម​នឹងធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នា​សប្ដាហ៍​ក្រោយ​
23, May 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​នាយករដ្ឋមន្ត្រី​វៀតណាម​សង្ឃឹមថា នឹង​ទទួលបាន​ចម្លើយ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក អំពី​តួនាទី​របស់​សហរដ្ឋអាមេរិក​នាពេល​អនាគត នៅក្នុង​ការជួយ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ទប់ទល់​ជាមួយនឹង​ការពង្រីក​ឥទ្ធិពល​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​



​នៅ​សប្ដាហ៍​ក្រោយ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc នឹង​ក្លាយជា​មេដឹកនាំ​មកពី​តំបន់​អាស៊ីអាគ្នេយ៍​ដំបូង​គេ​បង្អស់ ក្នុង​ការធ្វើ​ទស្សនកិច្ច​មកកាន់​សហ​រដ្ឋ​អាមេរិក ចាប់តាំងពី​លោក Trump បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ខែមករា​កន្លងមកនេះ​មក​។ គេ​រំពឹងថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ផ្ដោត​ជាពិសេស​លើ​បញ្ហា​ពាណិជ្ជកម្ម និង​ការទាមទារ​កាន់កាប់​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​អតីត​ប្រធានាធិបតី Barack Obama បាន​អនុវត្ត​គោលនយោបាយ «​បែរ​ទៅរក​ទ្វីបអាស៊ី​» ដែល​បាន​ជួយ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​នានា​ទប់ទល់​ជាមួយនឹង​ប្រទេស​ចិន​។ ប៉ុន្តែ គេ​នៅ​មិន​ច្បាស់​ថា លោក Trump នឹង​អនុវត្ត​គោលនយោបាយ​បែបណា​ចំពោះ​ទ្វីបអាស៊ី​នៅឡើយ​ទេ​។​

​លោក Murray Hiebert អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ចង់​ស្វែងយល់​អំពី​គម្រោង និង​គោលបំណង​របស់​សហរ​ដ្ឋ​អាមេរិក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ វៀតណាម​ក៏​ចង់​ស្វែងយល់​អំពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​»​។​

​មួយវិញទៀត គេ​ក៏​រំពឹង​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​នឹង​រំឭក​លោក​ប្រធានាធិបតី Donald Trump អំពី​ការប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បោសសម្អាត​ជាតិពុល​គីមី Agent Orange ដែល​សហរដ្ឋអាមេរិក​បាន​បាច​លើ​ផ្ទៃដី​ទំហំ​ប្រហែល​ជាង ២ លាន​ហិកតា នៅក្នុង​អំឡុងពេល​សង្គ្រាម​វៀតណាម ចាប់ពី​ឆ្នាំ ១៩៦១ ដល់​ឆ្នាំ ១៩៧២៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com