ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បក្ស​ជនជាតិដើម ប្រជែង​ក្នុងការ​បោះឆ្នោត ព្រោះ​ចង់​ផ្សព្វផ្សាយ​សំឡេង​ជនជាតិដើម​ភាគតិច​
23, May 2017 , 8:39 pm        
រូបភាព
ដោយ:
​លោក ប្លា​ង ស៊ីន ជនជាតិដើម​ព្នងបាន​ចងក្រង​អ្នកគាំទ្រ​បង្កើត គណបក្ស​ជនជាតិដើម ប្រជាធិបតេយ្យ​កម្ពុជា ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ​ផ្តល់​សុពលភាព​កាលពីដើមឆ្នាំ ២០១៧ កន្លងទៅ​។ បក្ស​នេះ​បានដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ១៦ ឃុំ នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ លោក ប្លា​ង ស៊ីន និយាយថា លោក​បង្កើត​បក្ស​នេះ​ឡើង ដើម្បី​ឲ្យ​សំឡេង​របស់​បក្ស​ជនជាតិដើម​ភាគតិច កាន់​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ចាប់អារម្មណ៍​។​



​សូម​អាន​បទ​សម្ភាស​ខាងក្រោម​៖


​លោក ជា ធី​រិ​ទ្ធ​៖
គណបក្ស​លោក បានដាក់​បេក្ខជន​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​ចំនួន ១៦ ឃុំ តើ​បក្ស​ជនជាតិដើម ប្រជាធិបតេយ្យ​កម្ពុជា បាន​ឈរឈ្មោះ​នៅ​ខេត្ត​ណាខ្លះ​?

​លោក ប្លា​ង ស៊ីន​៖
ក្នុងចំណោម ១៦ ឃុំ ដែល​យើង​បានដាក់​បេក្ខជន​ឈរឈ្មោះ​នោះ មាននៅ​ខេត្តមណ្ឌលគិរី​ចំនួន ១៤ ឃុំ និង​ក្រចេះ​ចំនួន ២ ឃុំ​។ យើង​ដាក់​នៅ​ខេត្ត​ទាំងពីរ​នេះ ព្រោះ​យើង​មាន​បណ្តាញ​ជនជាតិដើម​ច្រើន​នៅ​តំបន់​នោះ​។

​លោក ជា ធី​រិ​ទ្ធ​៖ គណបក្ស​លោក​បានដាក់​បេក្ខជន​ចំនួន ១៦ ឃុំ ។ តើ​គណបក្ស​លោក បានកំណត់​នូវ​លក្ខណៈសម្បត្តិ​អ្វីខ្លះ ដើម្បី​សម្រេច​ជ្រើសរើស​បេក្ខជន​ទាំងនោះ ឲ្យ​ឈរឈ្មោះ​?

​លោក ប្លា​ង ស៊ីន​៖ សម្រាប់​បេក្ខជន ដែល​ឈរឈ្មោះ​នៅតាម​ឃុំ យើង​ផ្តោតទៅលើ​អ្នកណា ដែលមាន​គំនិត​ស្រឡាញ់​វប្បធម៌ ស្រឡាញ់​ជាតិ ស្រឡាញ់​ជនជាតិ​ខ្លួនឯង អាចជួយ​ជនជាតិ​ខ្លួនឯង និង​មានគំនិត​យុត្តិធម៌ ស្មោះត្រង់​នឹង​ប្រជា​ប្រពល​រដ្ឋ​។​

​លោក ជា ធី​រិ​ទ្ធ​៖
តើ​បេក្ខជន​ទាំងអស់នោះ សុទ្ធតែ​ជនជាតិដើម​ភាគតិច​? ហើយ​បក្ស​លោក​មានតែ​បងប្អូន​ជនជាតិដើម​គាំទ្រ​ឬ​យ៉ាងណា​?

​លោក ប្លា​ង ស៊ីន​៖ តាមពិត​យើង​បង្កើត​នេះ មិនមែន​សម្រាប់តែ​ជនជាតិដើម​ភាគតិច​ទេ យើង​ផ្តោតទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ អ្នកគាំទ្រ​យើង​មិនមែន​មានតែ​បងប្អូន​ជនជាតិដើម​នោះទេ​។

​លោក ជា ធី​រិ​ទ្ធ​៖
តើ​គណបក្ស​លោក មាន​គោលនយោបាយ​ពិសេស​អ្វីខ្លះ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​?

​លោក ប្លា​ង ស៊ីន​៖ យើង​មាន​គោលនយោបាយ​សំខាន់ៗ​ចំនួន ៨ ចំណុច ទី ១ អភិវឌ្ឍន៍​តាម​គោលបំណង​របស់​ប្រជាពលរដ្ឋ​ចង់បាន​។ ទី ២ យើង​ផ្តល់​សេវាសាធារណៈ​ឲ្យ​ទាន់ពេលវេលា និង​មិន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ ។ ទី ៣ អភិវឌ្ឍន៍​ឃុំ​សង្កាត់ ដែល​នៅជាប់​ព្រំដែន ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​។ ទី ៤ ការពារ​ធនធានធម្មជាតិ​។ ទី ៥ ថែរក្សា​អត្តសញ្ញាណ​ជនជាតិដើម​ឲ្យ​បាន​គង់​វង់​។ ទី ៦ បញ្ឈប់​ការរើសអើង​នយោបាយ ទី ៧ ដោះស្រាយ​ដីធ្លី​ដោយ​យុត្តិធម៌ និង​ទី ៨ ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​។​

​លោក ជា ធី​រិ​ទ្ធ​៖
ខ្ញុំ​សូម​អធ្យាស្រ័យ​ផង និយាយ​ឲ្យ​ត្រង់​ទៅ គណបក្ស​លោក​ដូចជា​មិនសូវមាន​គេ​ស្គាល់ ហើយ​គណបក្ស​នេះ មិនសូវ​ធ្វើ​សកម្មភាព​អ្វី​សោះ​។ តើ​លោក​បង្កើត​បក្ស​នេះ ក្នុង​គោលដៅ​អ្វី​សំខាន់​?

​លោក ប្លា​ង ស៊ីន​៖ 
តាមពិតទៅ យើង​ធ្វើ​នេះ មិន​សង្ឃឹម​អ្វី​ខ្ពស់​នោះទេ និយាយ​ដោយ​ត្រង់ យើង​ធ្វើ​គ្រាន់តែ​ឲ្យ​មាន​សំឡេង កុំ​ឲ្យ​គេ​បំភ្លេច​សំឡេង​របស់​បងប្អូន​ជនជាតិដើម​របស់​យើង​។ កន្លងមក​សំឡេង​របស់​ពួកយើង គេ​មិនសូវ​ស្តាប់​តែ គេ​មិនសូវ​ដោះស្រាយ​។ ដូច្នេះ​យើង​ចង់​ឲ្យ​សំឡេង​របស់​បងប្អូន​ជនជាតិដើម ត្រូវគេ​ឲ្យ​តម្លៃ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែរ​៕


Tag:
 ប្លា​ង ស៊ីន​
  បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com