អន្តរជាតិ
ចិន ស្នើ​ឲ្យ​កូរ៉េខាងត្បូង​ដក «​បន្លា​» ចេញពី​ទំនាក់ទំនង​ទ្វេភាគី​
23, May 2017 , 4:54 pm        
រូបភាព
​ទំនាក់ទំនង​ទ្វេភាគី​ចិន និង​កូរ៉េខាងត្បូង មិនសូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ ក្រោយ​កូរ៉េខាងត្បូង​សម្រេចចិត្ត​ទទួលយក​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាកាស (THAAD) របស់​អាមេរិក​លើទឹក​ដី​ខ្លួន​។ ចិន មិន​ពេញចិត្ត​ទាល់​សោះ​វត្តមាន​ប្រព័ន្ធ​ការពារ​នេះ ហើយ​ចាត់ទុកជា​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់ខ្លួន​ទៀតផង​។ ក្រោយ​កូរ៉េខាងត្បូង​មាន​ប្រធានាធិបតី​ថ្មី ចិន​ក៏​នៅ​បន្ត​ទទូច​ឲ្យ​កូរ៉េខាងត្បូង ធ្វើ​សកម្មភាព​ជាក់លាក់​ថែមទៀត​ដើម្បី​ពង្រឹង​ទ្វេភាគី​ដែល​ល្អក់កករ​ឲ្យ​ប្រសើរ​ឡើងវិញ​។​



​វត្តមាន​របស់​ប្រេសិត​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-in) នៅ​ទីក្រុង​ប៉េកាំង បានបង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​ជាមួយ​ចិន​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ចិន វ៉ាង យី (Wang Yi) ជុំវិញ​ស្ថានភាព​ថ្មីៗ​នៃ​ទំនាក់​ទំនាក់​រវាង​អ្នកជិតខាង​ទាំងពីរ​។ យ៉ាងណាក្ដី រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េខាងត្បូង​ដក​បន្លា​ចេញពី​ចំណង​ការទូត​ទ្វេភាគី​។​

​សូមបញ្ជាក់ថា ភ្លាមៗ​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​រួច លោក មូ​ន ចេ​អ៊ី​ន បាន​ចាត់តាំង​លោក Lee Hae-chan អតីត​នាយករដ្ឋមន្ត្រី ជា​បេសកកម្ម​ពិសេស​សម្រាប់​កិច្ចការ​ចិន​។ នៅ​ថ្ងៃទី​១៨ ខែឧសភា លោក Lee Hae-chan ក៏បាន​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង​ជាមួយនឹង​គោលដៅ​ពន្យល់​ជំហរ​របស់លោក មូ​ន ចេ​អ៊ី​ន ទៅកាន់​មេដឹកនាំ​ចិន និង​ដើម្បី​សម្រួល​ទំនាក់ទំនង​ទ្វេភាគី​ដែល​ប្រឈមមុខ​បញ្ហា​ជាច្រើន​ដូចជា​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ប្រព័ន្ធ​ការពារ THAAD ។​

​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា ប្រមុខ​ការទូត​ចិន វ៉ាង យី បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ប្រធានាធិបតី​កូរ៉េខាងត្បូង ជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​របស់លោក មូ​ន ចេ​អ៊ី​ន ក្នុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក វ៉ាង យី បន្តថា ចិន​ក៏បាន​កត់សម្គាល់​ពី​ការផ្លាស់ប្ដូរ​នយោបាយ​ការបរទេស​របស់​កូរ៉េខាងត្បូង ហើយ​អាកប្បកិរិយា​របស់​រដ្ឋា​ភិ​បាល​កូរ៉េខាងត្បូង​ថ្មី គឺ​ផ្ទុយគ្នា​ស្រឡះ​ពី​រដ្ឋាភិបាល​ចាស់​តែម្ដង​។​

​ពី​រដ្ឋ​អាហ្វ្រិក​កូត​ឌី​វ័រ រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​លើកឡើង​ពី​ការត្រៀមខ្លួន​របស់​រដ្ឋា​ភិ​បាល​លោក មូ​ន ចេ​អ៊ី​ន ក្នុងការ​ប្រឈមមុខ​នឹង​បញ្ហា​ដែល​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​ចិន​-​កូរ៉េខាងត្បូង ដោយ​មិនបាន​គេចវេស​ឡើយ ហើយ​កូរ៉េខាងត្បូង​ក៏​យល់ដឹង​ពី​ការព្រួយបារម្ភ​របស់​ចិន​ដែរ​។ ក្រុង​សេ​អ៊ូ​ល ក៏​ត្រៀមខ្លួន​ដោះស្រាយ​ការព្រួយបារម្ភ​របស់​ចិន​ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ដែល​ទុក​ការពារ​មី​ស៊ី​ល​កូរ៉េខាងជើង​នោះ​ទៀត​។     

​ជាមួយគ្នានេះ ក្រុង​ប៉េកាំង​ក៏​រំពឹងថា ក្រុង​សេ​អ៊ូ​ល​នឹងធ្វើ​អ្វីៗ​ដើម្បី​លុបបំបាត់​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដែរ​។ ឧបសគ្គ​សំខាន់​នៅពេលនេះ គឺ​វត្តមាន​ប្រព័ន្ធ​ការពារ THAAD ដែលជា​បន្លា​មុត​ស្រួច ហើយ​អាច​បង្ក​របួស​ដល់​ទំនាក់ទំនង​ទ្វេភាគី​។ ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក៏មាន​ជំហរ​មិន​ពេញចិត្ត​ប្រព័ន្ធ​ការពារ​នេះដែរ ហើយ​លោក​ក៏​ពិចារណា​លើ​គម្រោង​ពង្រាយ​នេះដែរ ព្រោះ​ប្រជាជន​កូរ៉េខាងត្បូង ក៏​មិនសូវ​ពេញចិត្ត THAAD ដែរ​៕ 


Tag:
 ចិន​
  កូរ៉េខាងត្បូង​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com