អន្តរជាតិ
ពូ​ទីន នឹង​ទៅ​ជួប ម៉ា​ក្រុង ចុងខែ​ឧសភា​ដើម្បី​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី​
23, May 2017 , 9:19 pm        
រូបភាព
​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) នឹង​ទទួល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ចុងខែ​ឧសភា​ខាងមុខ​។  ជំនួប​ទ្វេភាគី​លើកដំបូង​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពង្រឹង​ចំណង​ការទូត​ទាំង​វិស័យ​សន្តិសុខ​,​នយោបាយ​និង​សេដ្ឋកិច្ច ក៏ដូចជា​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​ផង​។​



​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​បារាំង​នៅ​ថ្ងៃ ២៩ ឧសភា​ខាងមុខនេះ ហើយ​លោក​នឹង​ជួប​ជជែក​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​បារាំង​ទើប​ជាប់ឆ្នោត​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជំនួប​ទ្វេរ​ភាគី លោក ពូ​ទីន និង​លោក ម៉ា​ក្រុង នឹង​យក​ឱកាស​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​ស្វែងរក​វិធី​ជំរុញ​ទំនាក់ទំនង​នេះ​ទាំង​ក្នុង​វិស័យ​នយោបាយ​, សន្តិសុខ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វប្បធម៌ ក៏ដូចជា​វិស័យ​មនុស្សធម៌​ផងដែរ​។​

​បន្ថែម​ពីនេះ អ្នក​ទាំងពីរ​ក៏​នឹង​ចំណាយ​ពេលវេលា​ជជែក​ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈម​ផ្សេងទៀត​ក្នុង​ក្រោម​ខណ្ឌ​អន្តរជាតិ​ជាពិសេស​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​និង និង​បង្កើត​សន្តិភាព​នៅ​ស៊ី​រី​និង​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​បន្ទាប់ពី​ជជែក​ពិភាក្សាគ្នា លោក ពូ​ទីន និង​លោក ម៉ា​ក្រុង ក៏​នឹង​បន្តទៅ​បើក​ពិធី​តាំង​ពិ​ព័រ​ណ៌ មួយ​នៅ​សារព័ត៌មាន​វប្បធម៌​រុស្ស៊ី​នៅ Versailles ដែល​កម្មវិធី​នេះ​គឺ​រំលឹក​ពី​ខួប​លើក​ទី ៣០០​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ស្តេច​រុស្ស៊ី Peter the Great មកកាន់​ប្រទេស​បារាំង​ផងដែរ​។

​តាមពិតទៅ ទំនាក់ទំនង​រវាង​បារាំង​និង​រុស្ស៊ី នៅតែ​ល្អក់កករ ហើយ​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​ក៏ដូចជា​តួនាទី​រុស្ស៊ី​ក្នុង​ជម្លោះ​ស៊ី​រី នៅតែ​ជា​ឧបសគ្គ​ធំ​សម្រាប់​ទំនាក់ទំនង​ការទូត​រវាង​បារាំង​និង​រុស្ស៊ី​រហូតមក​។ បារាំង​និង​អាលឺម៉ង់​សុទ្ធតែជា​ប្រទេស​ដែលមាន​ជំហរ​រឹងត្អឹង​ជាងគេ​ក្នុងការ​រក្សាទុក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កន្លងមក ហើយ​មេដឹកនាំ​បារាំង​បច្ចុប្បន្ន​ក៏​មិនមែន​និន្នាការ​ទន់ភ្លន់​ដាក់​រុស្ស៊ី​ដែរ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅក្នុងពេល​ឃោសនាបោះឆ្នោត​កន្លងមក ក្រុម​ឃោសនា​របស់លោក ម៉ា​ក្រុង បាន​ចោទប្រកាន់​ក្រុង​ម៉ូស្គូ​ចំៗ ពាក់ព័ន្ធ​ការ​លួច​ចូល​យក​ទិន្នន័យ​តាម​អ៊ីនធឺណិត ហើយ​ក្រុម​នេះ​ក៏​ចោទប្រកាន់​ផងដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ទាំង RT និង​Sputnik បាន​ព្យាយាម​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ជួយ​ឲ្យ​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន (Marine Le Pen) ឈ្មោះ​ឆ្នោត​។​

​ប៉ុន្តែ​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​និង​បកស្រាយ​ថា ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​បារាំ​ង​ឡើយ​៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
  រុស្ស៊ី
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com