ជាតិ
ធនាគារជាតិ ព្រមានដកអាជ្ញាប័ណ្ណគ្រឹះស្ថានហិរញ្ញវត្ថុ ដែលយកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារពីពលរដ្ឋ
× ភ្នំពេញ៖ ធនាគារជាតិកម្ពុជា ព្រមានចាត់វិធានការជាថ្មី ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដែលនៅតែបន្តសកម្មភាពយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ របស់ប្រជាពលរដ្ឋ ដើម្បីជាថ្នូរនឹងការធានាដល់ការផ្ដល់ប្រាក់កម្ចីរបស់ខ្លួននោះ។
ក្រោយពីដាក់បម្រាមដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ចំពោះករណីខាងលើនេះម្ដងហើយនោះ ធនាគារជាតិកម្ពុជា នៅតែសង្កេតឃើញថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួននេះ មិនទាន់បានអនុវត្តពេញលេញតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៅឡើយទេ។
សេចក្ដីជូនដំណឹងជាថ្មីរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២២ ឧសភា បានព្រមានយ៉ាងដូច្នេះថា៖«ក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥតណទានជនបទណា នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្ដីជូនដំណឹងនេះ គ្រឹះស្ថានហិរញ្ញវត្ថុ និងប្រតិបត្តិករឥតណទានជនបទទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មខាងពិន័យ និងឈានទៅរកការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតចុះបញ្ជី បញ្ឈប់សកម្មភាពអាជីវកម្ម ស្របតាមមាត្រា៥២ និង៥៦ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន»។
ជាមួយគ្នានេះ ធនាគារជាតិកម្ពុជា ក៏បានក្រើនរំឮកឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ គោរពតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១៦ ៕
Tag:
ធនាគារជាតិ
គ្រឹះស្ថានហិរញ្ញវត្ថុ
អត្តសញ្ញាណប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com