កីឡាជាតិ
ជាតិ
លោក មាស សារិន ថា កីឡា​ទាញព្រ័ត្រ​នឹងមាន​វត្តមាន​ក្នុង​កីឡា​ជាតិ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
24, May 2017 , 8:19 am        
រូបភាព
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​លោក មាស សារិន បញ្ជាក់ថា កីឡា​ទាញព្រ័ត្រ​នឹងមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាមួយគ្នានេះ លោក​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​ត្រៀម​សម្រប​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ​ផងដែរ​។



​ពី​ពិធី​បិទ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​រសៀល​ថ្ងៃទី​២២ ខែឧសភា ម្សិលមិញ លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​បញ្ជាក់ថា កីឡា​ទាញព្រ័ត្រ​បាននិងកំពុង​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នាពេលខាងមុខ​។



​ការលើកឡើង​បែបនេះ​ដោយសារ លោក យល់ថា កីឡា​ទាញព្រ័ត្រ​មាន​សមត្ថភាព និង​ធនធាន​គ្រប់គ្រាន់​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​ផ្សេងៗ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៩ ខែឧសភា សហព័ន្ធ​នេះ បានរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើកដំបូង​ប្រចាំឆ្នាំ​២០១៧ ហើយ​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ម្សិលមិញ​។



​ជាមួយគ្នានេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព បច្ចេកទេស​របស់​កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​ផ្សេងៗ​នាពេលខាងមុខ​។ ប្រធាន​សហព័ន្ធ​រូបនេះ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន​រួមមាន ទី​១ រៀបចំ​បណ្តុះបណ្តាល​ធន​ធាន​ថ្នាល​ដើម្បី​បង្កើន​បរិមាណ​កីឡាករ​, ទី​២ ពង្រឹង និង​ពង្រីក​ក្លិប​-​សមាគម​កីឡា​ទាញព្រ័ត្រ​នៅតាម​បណ្តា​ខេត្ត​ឲ្យ​បាន​ទូលំទូលាយ​។​

​ទី​៣ បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល​រៀងរាល់​១​ឆ្នាំ​មួយដង​យ៉ាងតិច​, ទី​៤ ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ក្នុង​សហព័ន្ធ និង​ក្លិប​ជា​សមាជិក ជាពិសេស​ព​ង្រឹ​ក​ការហ្វឹកហាត់​របស់​កីឡាករ និង​ទី​៥ ស្វែ​រ​រក​ដៃគូ​ឧបត្ថម្ភ​ដើម្បី​រៀបចំ​ការប្រកួត​ជើងឯក​ផ្សេងៗ​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយឆ្នាំៗ​។



​គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើកដំបូង​របស់​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុ​ជាមាន​៨​រាជធានី​-​ខេត្ត​ចូលរួម គឺ​ខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​មាន​សមាគម​-​ក្លិប​សរុប​ចំនួន​២០ ដោយ​បែង​ចែកជា​៤៧​ក្រុម និង​មាន​អត្ត​ព​លិ​ក​សរុប​ចំនួន​៤៧០​នាក់​។ អត្ត​ព​លិ​ក​ទាំងនេះ ប្រកួតប្រជែង​លើ​៥​វិញ្ញាសា គឺ​វិញ្ញាសា​បុរស​-​នារី​អាយុ​ក្រោម​២៣​ឆ្នាំ​, បុរស​-​នារី​អាយុ​លើ​២៣​ឆ្នាំ និង​វិញ្ញាសា​ចម្រុះ​បុរស​-​នារី​អាយុ​លើ​២៣​ឆ្នាំ​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​៤​ថ្ងៃ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ​(​មាស​២), ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​ក្រុម​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​(​មាស​១, ប្រាក់​២ និង​សំរឹទ្ធ​២), ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​រាជ​សី​ហ៏​មាន​រិ​ទ្ធិ​(​មាស​១) និង​លេខ​៤​បាន​ទៅ​ក្រុម​អង្គការ​មិត្តសម្លាញ់ និង​ខេត្តកំពត ដោយ​ទទួលបាន​មេដាយប្រាក់​១ និង​សំរិទ្ធ​១​ដូចគ្នា​៕


Tag:
 ទាញព្រ័ត្រ​
  មាស សារិន
© រក្សាសិទ្ធិដោយ thmeythmey.com