អន្តរជាតិ
ដូ​ណា​ល់ ត្រាំ សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជួយ​បង្កើត​សន្តិភាព​មជ្ឈិមបូព៌ា​
23, May 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ ពី​ចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត​លោក ដូ​ណា​ល់ ត្រាំ បាន​បន្តដំណើរ​ដោះ​ហើរ​ត្រង់​ពី​ក្រុង រី​យ៉ា​ដ ទៅកាន់​ក្រុង Tel Aviv ប្រទេស អ៊ីស្រាអែល​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព និង​ស្វែងរក​សន្តិភាព​សម្រាប់​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​អ៊ីស្រាអែល​- ប៉ា​ឡេ​ស្ទី​ន​។ ដំណើរ​ស្វែងរក​សន្តិភាព​នេះ កើតឡើង​ក្រោយ​លោក ត្រាំ ថ្លែង​អួតអាង​ថា ការដោះស្រាយ​ជម្លោះ​មជ្ឈិមបូព៌ា​មិន​លំបាក​ដូច​គ្រប់គ្នា​គិត​ឡើយ ក្នុងជំនួប​ជាមួយ​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន ម៉ា​មូ​ត អាបាស (Mahmoud Abbas) ដើមខែ​ឧសភា​កន្លងទៅ​។



​ពេល​អញ្ជើញ​ទៅដល់​ព្រលានយន្តហោះ Ben-Gurion ក្រុង Tel Aviv លោក ដូ​ណា​ល់ ត្រាំ និង​ស្ត្រី​ទីមួយ រួមជាមួយ​កូនស្រី​លោក និង​កូនប្រសារ ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ និង​ភរិយា​, ប្រធានាធិបតី Reuven Rivlin រួមជាមួយ​បណ្តា​អ្នកមុខអ្នកការ​សមាជិក​គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​ផងដែរ​។ ចុះ​ពី​យន្តហោះ​ភ្លាម ដូ​ណា​ល់ ត្រាំ បាន​ហៅ នាយករដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ «​មិត្តភក្តិ​ល្អ​»  ខណៈដែល ណេ​តាន់ យ៉ា​ហ៊ូ ហៅ ត្រាំ ជា​មិត្តភក្តិ​ពិតប្រាកដ​របស់​អ៊ីស្រាអែល​ផងដែរ​។​

​លោក ត្រាំ បន្ត​ថ្លែង​ដូច្នេះ​ថា​៖«​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​ឃើញ​មាន​ហេតុផល​ថ្មី​ទៀត​ដែល​អាច​ឲ្យ​យើង​បន្ត​សង្ឃឹម​បាន​។ យើង​ឱកាស​ដ៏​កម្រ​ក្នុងការ​នាំមក​នូវ​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​មកកាន់​តំបន់ និង​ប្រជាជន​ទាំងអស់​តាមរយៈ​ការ​កម្ចាត់​ភេរវកម្ម និង​បង្កើត​សុខដុមរមនា​, វិបុលភាព និង​ស​និ្ត​ភាព​នាពេល​អនាគត​។ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងប្រែង​ធ្វើ​ទាំងអស់គ្នា​»​។​

​លោក ដូ​ណា​ល់ ត្រាំ ហាក់​មាន​ក្តី​រំពឹង​ខ្ពស់​ថា វត្តមាន​របស់លោក​នឹង​ផ្តល់​ក្តីសង្ឃឹម​ដល់​ការដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​លោក​ចង់​ឲ្យ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​អាច​បញ្ចប់​ជម្លោះ​អូសបន្លាយ​រាប់​ទសវត្សរ៍​នេះ​ដោយ​ជោគជ័យ​ទៀត​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក្នុង​តំណែង​ដំបូង​គេ​ដែល​ទៅ​ទស្សនកិច្ច​នៅ​ជញ្ជាំង​ខាងលិច (Western Wall)  ជាទី​សក្ការៈ​ពិសិដ្ឋ​របស់​ប្រជាជន​ជ្វី​ហ្វ​។ គ្មាន​មន្ត្រីជាន់ខ្ពស់​អ៊ីស្រាអែល​ណាមួយ​ស្ថិតក្នុង​ដំណើរ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ឡើយ ព្រោះ​លោក ត្រាំ បញ្ជាក់ថា​វា​ជា​រឿង​ឯកជន​។ ក្រុម​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ បដិសេធ​សំណើរ​មន្ត្រី​អ៊ីស្រាអែល​ដែល​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ រួម​ដំណើរ​ជាមួយ​ថែមទៀត​។​

​ជញ្ជាំង​ខាងលិច ( Western Wall) ស្ថិតនៅក្នុង​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដែលជា​ទីតាំង​ចម្រូងចម្រាស​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ អ៊ីស្រាអែល​បាន​ដណ្តើម​កាន់កាប់​តំបន់​ទាំងនេះ​នៅក្នុង​ឆ្នាំ ១៩៦៧​ក្នុង​សង្គ្រាម ៦​ថ្ងៃ ហើយ​អ៊ីស្រាអែល​ក៏​ចាត់ទុក​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​រដ្ឋធានី​របស់ខ្លួន​ទៀត​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​មិនបាន​ទទួលស្គាល់​អធិប​តេ​យ្យ​អ៊ីស្រាអែល​នៅលើ​តំបន់​ខាងលើ​ឡើយ​។​

​តាមពិតទៅ ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ដែល​ប្រញាប់​ទៅ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​លឿន​ជាងគេ​បំផុត​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា រង់ចាំ​រហូតដល់​អាណ​ត្តិ​ទី​២ ទើបបាន​លោក​អញ្ជើញ​ទៅ​អ៊ីស្រាអែល ប៉ុន្តែ​សម្ព័ន្ធភាព​រវាង​អាមេរិក​និង​អ៊ីស្រាអែល​ក្នុង​អាណត្តិ​លោក អូ​បា​ម៉ា ក៏​ល្អក់កករ​ខ្លាំង​ទៀត​ព្រោះតែ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​អ៊ីស្រាអែល​កាន់តែ​ខឹង​ក្រុង​វ៉ាស៊ីនតោន​ខ្លាំង​បន្ទាប់ពី​មានការ​ដាក់​សម្ពាធ​ឲ្យ​អ៊ីស្រាអែល​បញ្ចប់​គម្រោង​សាងសង់​លំនៅដ្ឋាន​លើដី​ប៉ា​ឡេ​ស្ទី​ន​និង​អនុញ្ញាត​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​ថ្កោលទោស​ខ្លួន​ទៀត​។​

 ថ្វីបើ​ដូច្នេះ​ក្តី ភាពស្និទ្ធស្នាល​រវាង ត្រាំ និង ណេ​តាន់​យ៉ា​ហ៊ូ បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការប្រែប្រួល​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​និង​អ៊ីស្រាអែល​ដែល​ល្អក់កករ​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ អ៊ីស្រាអែល​ឃើញ​សញ្ញា​វិជ្ជមាន​នៅពេល ត្រាំ ឡើងកាន់តំណែង ហើយ​អ៊ីស្រាអែល​នៅ​រង់​ចាំមើល​ការសម្រេច​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ថែម​ទៀតផង​។  ប៉ុន្តែ គេ​នៅតែ​កត់សម្គាល់​ឃើញថា អ៊ីស្រាអែល​ហាក់​មិនសូវ​សប្បាយ​ប៉ុន្មាន​ទេ​ចាប់ពី​បែកធ្លាយ​ព័ត៌មាន​ថា លោក ត្រាំ បាន​ចែករម្លែក​ព័ត៌មាន​ចារកម្ម​ជាមួយ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​កន្លងមក​។ ហើយ​រដ្ឋ​ជី​ហ្វ​មួយ​នេះ​រឹតតែ​មិន​សប្បាយចិត្ត នៅពេល​រដ្ឋបាល ត្រាំ ព្រម​លក់​អាវុធ​ដែលមាន​តម្លៃ​ជិត ១១០ ពាន់​លាន​ដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី សា​អូឌីត ថែមទៀត​នៅ​ចុង​សប្តាហ៍​មុន​នោះ​។

១.​ដូ​ណា​ល់ ត្រាំ បន្ត​បញ្ចេញ​សារ​ប្រឆាំង​អ៊ីរ៉ង់​ផ្គាប់ចិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត និង អ៊ីស្រាអែល​


​ប្រហែល​រិះគន់​អ៊ីរ៉ង់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​មិន​អស់ចិត្ត ប្រធានាធិបតី​អាមេរិក ត្រាំ បន្ត​ទិតៀន​អ៊ីរ៉ង់​បំពេញចិត្ត​អ៊ីស្រាអែល​ទៀត​ពេល​អញ្ជើញ​ទៅដល់​អ៊ីស្រាអែល​។ លោក ត្រាំ បាន​លើកឡើងថា រដ្ឋ​អារ៉ាប់​និង​អ៊ីស្រាអែល​ប្រឈម​បញ្ហា​សន្តិសុខ​រួមគ្នា ហើយ​លោក​ត្រាំ ក៏​ចាត់ទុក អ៊ីរ៉ង់​ជាការ​គំរាមកំហែង​សន្តិសុខ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​ដែរ​។

​ត្រាំ និយាយ​ពេញៗ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​លោក ណេ​តាន់​យ៉ា​ហូ ថា អ៊ីរ៉ង់​នេះ​ជា​អ្នកគាំទ្រ​ភេរវកម្ម និង​ចោទប្រកាន់ថា​អ៊ីរ៉ង់​ចំណាយលុយ​គាំទ្រ ផ្តល់​ការហ្វឹកហ្វឺន និង​បំពាក់អាវុធ​ដល់​ក្រុម​ប្រដាប់អាវុធ​និង​ភេរវជន​ថែម​ទៀតផង​។ បន្ថែម​ពីនេះ ប្រមុខរដ្ឋ​អាមេរិក​នេះ​បាន​ធានា​ប្រាប់​ប្រមុខ​រដ្ឋាភិបាល អ៊ីស្រាអែល​ថា អ៊ីរ៉ង់​គ្មាន​ថ្ងៃ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បានឡើយ​។​

​អ៊ីស្រាអែល​និង​រដ្ឋ​អា​រ៉ា​ប៊ី​និកាយ​ស៊ូ​នី​បារម្ភ​ខ្លាំង​ពេលដែល​អ៊ីរ៉ង់​សម្រេចបាន​កិច្ចព្រមព្រៀង​នុយ​ក្ល​អ៊ែរ​ជាមួយ​មហាអំណាច​ប្រាំ​បូក​អាល្លឺម៉ង់​កាលពី​ខែកក្កដា​ឆ្នាំ ២០១៥ ព្រោះ​អ៊ីរ៉ង់​ត្រឹម​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​ថ្នូរ​ជាមួយ​ការបន្ធូរបន្ថយ​គំនាប​សេដ្ឋកិច្ច​។ ប្រទេស​ទាំងអស់នេះ​ដាក់​មន្ទិល​សង្ស័យថា ក្រោម​អំណាច​នៃ​កិច្ចព្រមព្រៀង​នេះ ថ្ងៃ​ណាមួយ​ខាងមុខ អ៊ីរ៉ង់​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជាក់​ជាមិនខាន​។​

២.​ត្រាំ ត្រៀម​ធ្វើជា​អ្នក​សង្គ្រោះ​សន្តិភាព​មជ្ឈិមបូព៌ា បញ្ចប់​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​


​គោលដៅ​សំខាន់​របស់​ប្រធានាធិបតី ត្រាំ គឺ​ជួយសង្គ្រោះ​ដំណើរ​ស្វែងរក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ត្រាំ មិន​ខុសពី​មេដឹកនាំ​អាមេរិក​មុនៗ​ទេ សុទ្ធ​តែមាន​មហិច្ឆតា​ធំ​និង​រំពឹង​ខ្ពស់​ចំពោះ​ការជួយ​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ ប៉ុន្តែ​វា​ប្រហែល​មិនមែន​ងាយស្រួល​ធ្វើ​ដូច​គិត​ឡើយ​។​

​ក្រៅពី​ជួបពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​លោក ណេ​តាន់ យ៉ា​ហ៊ូ  លោក ដូ​ណា​ល់ ត្រាំ ក៏​ជួប​ជាមួយ​មេដឹកនាំ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ត អាបាស ជាថ្មីទៀត​ដែរ​។ អ្នក​ទាំង​ពីរបាន​ជួបគ្នា​ម្តង​ហើយ​នៅ​អាមេរិក​កាលពីដើម​ខែឧសភា ហើយ​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​រូបនេះ​ថា​លោក​គាំទ្រ​សិទ្ធិ​ស្វ័យ​សម្រេច (Self-Determination) របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។ លោក​ក៏បាន​សន្យា​ធ្វើ​គ្រប់យ៉ាង​ដើម្បី​សង្គ្រោះ​ជីវិត​កិច្ចចរចា​សន្តិភាព និង​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​សន្តិភាព​អាច​ចេញ​ជា​រូបរាង​បាន​នៅពេល​ខាងមុខ​ដែរ​។​

​ក្នុងជំនួប​ជាថ្មី​នេះ លោក ត្រាំ​បាន​ឆ្លៀតឱកាស​កោតសរសើរ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​និង​លោក អាបាស ដែល​បាន​ប្រឹងប្រែង​សហការ​ជាមួយ​អ៊ីស្រាអែល​ក្នុងការ​ប្រឆាំង​ភេរវកម្ម ប៉ុន្តែ​លោក​បានបញ្ជាក់​ប្រាប់​លោក អាបាស ថា ៖«​សន្តិភាព​មិនអាច​កើតឡើង​បានឡើយ នៅពេលដែល​គេ​នៅតែ​អនុញ្ញាត​ឲ្យ​អំពើហិង្សា​កើតឡើង​នោះ​»​។​

​យ៉ាងណាក៏ដោយ លោក ត្រាំ មិនទាន់បាន​ប្រាប់​គេឯង​ឲ្យ​ដឹងថា គោលនយោបាយ​បែបណា​ដែល​លោក​នឹង​ប្រើប្រាស់​ដើម្បី​សង្គ្រោះ​ជីវិត​កិច្ចចរចា​សន្តិភាព​ដែល​ស្លាប់បាត់​តាំងពី​ឆ្នាំ ២០១៤ និង បញ្ចប់​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​នោះឡើយ​។ ដូច​ឃើញស្រាប់ លោក​មិនទាន់​ហ៊ាន​ប្តូរ​ទីតាំង​ស្ថានទូត​ពី​ក្រុង Tel Aviv ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម  តាម​ការសន្យា​របស់លោក​ក្នុងពេល​ឃោសនា​ឡើយ​ព្រោះ​វា​អាច​បង្កបញ្ហា​ប្រឈម​សម្រាប់​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ការចរចា​សន្តិភាព​ឡើងវិញ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  មជ្ឈិមបូព៌ា​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន​
  បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com