ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ផ្តើម​អនុវត្ត​គម្រោង ផ្តល់ទុន​២០​ភាគរយ​សម្រាប់​អាជីវកម្ម​កសិកម្ម​ច្នៃប្រឌិត​
24, May 2017 , 9:16 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត​«​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច​» ដែលមាន​តម្លៃ​សរុប ៦១ លាន​ដុល្លារ សម្រាប់​រយៈពេល ៦​ឆ្នាំ ដើម្បី​បង្កើន​ចំណូល​ប្រជាកសិករ តាមរយៈ​ការលើកកម្ពស់​ផលិតកម្ម លើ​ផលិតផល ៥​ប្រភេទ ដោយ​ផ្សាភ្ជាប់​ទៅ​ទីផ្សារ​។ ពិធី​ប្រកាស​អនុវត្ត​គម្រោង​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៣​ខែឧសភា នា​ក្រសួងពាណិជ្ជកម្ម​។​



​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច​នេះ​មានតម្លៃ​សរុប ៦១​លាន​ដុល្លារ ដោយ​ក្នុងនោះ​ប្រា​ក់ជាង ៣៦​លាន​ដុល្លារ​ជា​កម្ចី​ពី​អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម (IFAD), ជាង ៨​លាន​ដុល្លារ​ជា​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ១៦​លាន​ដុល្លារ​ទៀត ដែល​វិនិយោគ​ចូលក្នុង​គម្រោង​នេះ​។

​គម្រោង​នេះ​ស្ថិតក្រោម​ការអនុវត្តរ​បស់​ក្រសួងពាណិជ្ជកម្ម ដែល​នឹង​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ១៥ ដោយ​បែង​ចែកជា ៣ ភូមិភាគ ឬ មជ្ឈមណ្ឌល​ផលិតកម្ម​។ គម្រោង​នេះ​អនុវត្ត​លើ​ផលិតផល​សក្ដានុពល ៥​ប្រភេទ រួមមាន ស្រូវ​ក្រអូប បន្លែ ដំឡូង​មី មាន់​ស្រែ និង​ស​សៃ​សូត្រ​។ គម្រោង​នេះ​នឹង​ពិចារណា​លើ​ផលិតផល​ផ្សេងៗ​ទៀត នៅ​ជំហាន​បន្ទាប់​។​

​គម្រោង​នេះ​នឹង​ជួយ​ទាំង​ក្រុម​កសិករ និង​វិស័យ​ឯកជន​ជា​សហគ្រាស ដែលមាន​គំនិត​ផ្ដួ​ត​ផ្ដើម​វិនិយោគ​បែប​ច្នៃប្រឌិត​លើ​ផលិតផល​ណាមួយ​ក្នុងចំណោម​ផលិតផល​ទាំង ៥​ប្រភេទ​ខាងលើ ដោយ​គម្រោង​នេះ​នឹង​ផ្ដល់​ឥណទាន​ឥត​សំណង ២០​ភាគរយ​នៃ​ទុន​សរុប​នៃ​ការវិនិយោគ​នីមួយៗ​។  នេះ​ជា​ឥណទាន​ឥត​សំណង សម្រាប់​អាជីវកម្ម​ច្នៃប្រឌិត​ខ្សែសង្វាក់​តម្លៃ​។​

​លោក ប៉ែន សុជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក​នៃ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គម្រោង​នេះ បាន​ឲ្យ​ឧទាហរណ៍​សម្រាប់​អ្នក​ចង់រក​ជំនួយ​នៃ​គម្រោង​នេះ​ថា អ្នក​ចិញ្ចឹម​មាន់​ចង់​បង្កើត​សិប្បកម្ម​វេច​ខ្ចប់​មាន់​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​អាច​ស្នើសុំ​ជំនួយ​ពី​គម្រោង​នេះ​បាន ដើម្បី​វិនិយោគ​លើ​សម្ភារ​ពាក់ព័ន្ធ​នានា ដូចជា ខ្ទះ​ស្រុះមាន់ រោង​បោច​មាន់ ទូ​ក្លាសេ​ជាដើម ដែល​ធានាបាន​ថា​មាន់​ដែល​លក់​ចេញ​មានគុណ​ភាព និង​អនាម័យ​ត្រឹមត្រូវ​។ លោក​ថា ផលិតផល​មាន់​ក្នុង​ទម្រង់​ជីវ​កម្ម​បែបនេះ នឹង​ទទួល​ការគាំទ្រ​ពី​ទីផ្សារ​។ លោក​បញ្ជាក់ថា អ្នកដាក់ពាក្យ​ស្នើសុំ​ជំនួយ​ពី​គម្រោង​នេះ ត្រូវមាន​ផែនការ​ច្បាស់លាស់​។

«​បើសិន​ផែនការអាជីវកម្ម​ត្រូវ​តាម​ការរំពឹងទុក  ផលិតផល​ដែល​យើង​ធ្វើជា​ផលិតផល​មាន   សក្ដានុពល នោះ​គម្រោង​ផ្ដល់​ឥណទាន ២០​ភាគរយ ដោយ​ឥត​យកមក​វិញ សម្រាប់​អ្នកមាន​ភាព​ច្នៃប្រឌិត និង​ហ៊ាន​ប្រថុយ​មុនគេ និង​ជា​អ្នកជំរុញ​ឲ្យ​មានការ​រៀបចំ​របៀប​អាជីវកម្ម​បែប​ហ្នឹង​បន្តៗ​គ្នា (​ម៉ូ​ដែល​អាជីវកម្ម​)»​។ នេះ​ជាការ​បន្ថែម​របស់លោក ប៉ែន សុជាតិ ។​
​ឧទាហរណ៍​ផ្សេងទៀត ដែល​មន្ត្រី​អនុវត្តន៍​គម្រោង​បានលើកឡើង​ដើម្បី​អាច​ស្នើសុំ​ជំនួយ គឺ​ការបង្កើត​សហគ្រាស​ប្រមូល​ទិញ​កសិផល​ពី​កសិករ ដែល​ត្រូវ​វិនិយោគ​លើ​ឃ្លាំង​ស្តុក និង​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម​។​

​លោក ម៉េង សក្ដិ​ភូ​សិត មន្ត្រី​អនុវត្តន៍​គម្រោង​មួយ​នេះ បាន​ឲ្យ​ដឹងថា ការផ្ដល់​ជំនួយ ២០​ភាគរយ​នេះ នឹង​ជំរុញ​ឲ្យ​កសិករ និង​ពាណិជ្ជករ​ហ៊ាន​បោះទុន​វិនិយោគ លើ​ផែនការអាជីវកម្ម​រប​ស់​ខ្លួន ព្រមទាំង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហ៊ាន​ផ្ដល់​កម្ចី​ដល់​ផែនការអាជីវកម្ម​នោះ​។ លោក​បន្តថា​៖«​ការងារ​ខ្លះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិន​ហ៊ាន​ឲ្យ​ខ្ចី​ទេ ព្រោះ​វិស័យ​កសិកម្ម​មាន​ហានិភ័យ​ធំ​។ អ៊ីចឹង​របៀប​ទាក់ទាញ​ប្រា​ក់បាន គឺ​យើង​ទៅប្រាប់​គ្រឹះស្ថាន​ថា​អ្នកឯង​សម្រេច​ឲ្យ​ទៅ ព្រោះ​យើង​ជួយ​ធានា​ហានិភ័យ ២០​ភាគរយ​»​។

​គម្រោង​នេះ បាន​សហការ​ជាមួយ​គ្រឹះស្ថាន​ចំនួន​បី រួមមាន គ្រឹះស្ថាន​ប្រា​សាក់ គ្រឹះស្ថាន      អ​ម្រិ​ត និង​គ្រឹះស្ថាន LOLC ដើម្បី​ឲ្យ​គ្រឹះស្ថាន​ទាំងនេះ រៀបចំ​កញ្ចប់​សេវាកម្ម​ឥណទាន​សមស្រប​នឹង​គម្រោង​នេះ​។

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ រំពឹងថា​ក្រោយពី​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច (AIMS) នេះ​បញ្ចប់ ប្រជាជន ៧៥០០០​គ្រួសារ នឹង​បង្កើន​ប្រាក់ចំណូល​របស់ខ្លួន​។ មានន័យថា​ចំណូល​សរុប​ពី​វិស័យ​កសិកម្ម នឹង​ឡើងដល់ ៣០​ភាគរយ នៃ​ប្រភព​ចំណូល​នានា គឺ​កើន​ពី ១៦​ភាគរយ (​ការសិក្សា​នៅ​ឆ្នាំ​២០១៤)៕


Tag:
 ទីផ្សារ​
 ​ កសិកម្ម​
 ​ អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com