ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថាន​មួយ​ដេញថ្លៃ​យកប្រាក់​រៀល​ទាំងអស់​របស់ NBC ក្នុង​ខែ​នេះ​
24, May 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាច់ប្រាក់ ៤០​ពាន់​លាន​រៀល (​ប្រមាណ ១០​លាន​ដុល្លារ​) របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ត្រូវបាន​បញ្ចេញ​ទាំងអស់ នៅក្នុង​ការដេញថ្លៃ​លើក​ទី​៨​ខែឧសភា​នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC នៅ​ថ្ងៃទី​២៣​ខែឧសភា​។​



​គ្រឹះស្ថាន​តែមួយ​ប៉ុណ្ណោះ​ចូលរួម​ដេញថ្លៃ​ប្រាក់រៀល​របស់ NBC ក្នុង​ខែ​នេះ ដោយ​ដេញ​យកប្រាក់​ទាំងអស់​ក្នុង​អត្រា​ការប្រាក់ ៣​ភាគរយ​ក្នុង​មួយឆ្នាំ​ដូច​សព្វដង​។ ប៉ុន្តែ NBC មិនបាន​បញ្ចេញ​ឈ្មោះ​គ្រឹះស្ថាន​ដែល​ចូលរួម​ដេញថ្លៃ​ឡើយ​។ ការដេញថ្លៃ​នេះ​ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល NBC ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល​ជា​រៀងរាល់ខែ ដើម្បី​ឲ្យ​គ្រឹះស្ថាន​ចូលរួម​ដេញថ្លៃ​ទទួលបាន​សាច់​ប្រាក់រៀល​ទៅប្រើ​ប្រាស់ និង​បង្កើន ការ​ចរាចរ​ប្រាក់រៀល​លើ​ទីផ្សារ​។​

​ប៉ុន្តែ​លទ្ធផល​ដេញថ្លៃ​លើក​នេះ ហាក់​មិន​ត្រឹមត្រូវ​ទៅតាម​លក្ខខណ្ឌ​របស់ NBC ។  NBC បាន​កំណត់ថា​គ្រឹះស្ថាន​ចូលរួម​ការដេញថ្លៃ​នីមួយៗ អាច​ដេញថ្លៃ​ប្រាក់​ច្រើន​បំផុត ៨​ពាន់​លាន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ការដេញថ្លៃ​លើក​នេះ​គ្រឹះស្ថាន​មួយ​អាច​ដេញថ្លៃ​យកប្រាក់​ទាំងអស់ គឺ ៤០​ពាន់​លាន​រៀល​។​

​ជាមួយគ្នានេះ NBC បានប្រកាស​នៅ​ថ្ងៃទី​១៩​ខែ​នេះ បន្ធូរ​រយៈពេល​ទូទាត់​សង់​ប្រាក់ ចំពោះ​គ្រឹះស្ថាន​ដែល​ដេញថ្លៃ​ប្រាក់រៀល​ក្នុង​ប្រតិបត្តិការ LPCO ឲ្យ​ដល់ ១​ឆ្នាំ ដែល​ពីមុន​ត្រឹមតែ ៣​ខែ​ប៉ុណ្ណោះ​៕


Tag:
 lpco
  ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com