ជាតិ
អ្នកភាសាសាស្ត្ររបស់ថៃ រកឃើញថា នៅថៃភាគខាងត្បូង មានប្រើភាសាខ្មែរជាង១ពាន់ពាក្យ
× ព្រឹត្តបត្តិ សិក្សាចក្រ បោះពុម្ព ឆ្នាំ២០០៤ បានឲ្យដឹងថា កាលពីឆ្នាំ១៩៩៥ លោកប្រេមិន្ទ្រ គារវី និស្សិតដឺប៉ាត់ម៉ង់ភាសាសាស្ត្រ នៃសាកលវិទ្យាល័យចុឡាឡុង់កន (ចុឡាលង្ករណ៍) បានសរសេរថា ភាសាខ្មែរ ដែលមាននៅក្នុងភាសាថៃខាងត្បូង មានប្រមាណ ១៣២០ពាក្យ។ ពាក្យកម្ចីទាំងនេះ បានចូលក្នុងប្រព័ន្ទសូរស័ព្ទ នៃភាសាថៃខាងត្បូង ដោយពេញលេញ ប៉ុន្តែអត្ថន័យ ន័យពាក្យមានប្រែប្រួលខ្លះៗដែរ។ ឧទាហរណ៍ ដូចជាពាក្យខ្លះខ្មែរ និយាយថា និយាយ ថៃហៅថាលែង(ឡែង) ក្លាយមកពីភាសាខ្មែរ ថ្លែង ។ អកទឹក ភាសាថៃខាងត្បូងអានថា មឹក ក្លាយមកពីភាសាខ្មែរថា ផឹក។ កន្លះថ្ងៃ ថៃខាងត្បូងថា ង៉ាយ(ង៉ាយ ក្នុងភាសាយួន ក៏មាននិយាយថា ង៉ាយដែរ ដូចជាម៉ូតង៉ាយ ហាយង៉ាយ) មកពីពាក្យខ្មែរថា ថ្ងៃ។ ពាក្យទាំងនេះ ពុំមាននៅក្នុងភាសាថៃ ភាគកណ្តាលទេ។ ដូច្នេះ គេអាចសន្និដ្ឋានបានថា ភាសាសៀមភាគខាងត្បូង គឺភាគច្រើនយកតាមភាសាខ្មែរ។
ពាក្យថាព័ង ដែលថៃអានចេញសំឡេងថា ផាំង មានន័យថា ពាងទឹក ឬអាងទឹក។ ជាពាក្យមកពីភាសាខ្មែរ បុរាណ ដែលមានន័យថា ត្រវាង ឬត្រវង ដែលខ្មែរបច្ចុប្បន្នអានថា ត្រពាំង។ ពាក្យថៃ គេអាចសន្មត់ថា ថៃបានយកពីភាសាខ្មែរទៅ នៅមុនពេលសម័យអង្គរបាន បញ្ចប់។
កញ្ញា ដាវរឿង វីទ្យារដ្ឋ បានសរសេរថា នៅថៃខាងត្បូង មានស្ទឹងមួយ មានឈ្មោះថា ឡាំប៉ាំ ហូចាក់ត្រង់ទៅកន្លែងដែលគេហៅថា ទន្លេងហ្លួង មានន័យថា ទន្លេធំ។ ឈ្មោះទន្លេនេះ ប្រហែលមកពីពាក្យខ្មែរថា អំវាំ មានន័យថា ពាម។
ដាវរឿង វិទ្យារដ្ឋ បញ្ជាក់ទៀតថា នាងបានរកឃើញពាក្យចំនួនបួន នៅក្នុងខេត្តនគរ ស្រីធម្មរាជ និងសុងខ្លា ដែលពាក់ព័ន្ធ នឹងគោរមងាររបស់មន្ត្រី សម័យបុរាណ។ ស្ថាននាមនេះ អាចរកឃើញក្នុងឯកសារមុនសវត្សរ៍ទី១៩ ដូចជាពាក្យ ជ្លូន ឬជ្លូរ ជាឈ្មោះវត្តមួយ ដែលជាពាក្យមកពីភាសាខ្មែរបុរាណ អានថា ឆ្លោញ ជាងាររបស់មន្ត្រីជាន់ខ្ពស់ នៅសម័យអង្គរ។មាន ភូមិមួយសរសេរជាថា កាំលោន អានថា ម្ល៉ូន ដែលឈ្មោះនេះ មកពីភាសាខ្មែរបុរាណថា កំលោញ ឬកំឡោញ ជាក្រុម និងងារមួយនៅមុនសម័យអង្គរនិងសម័យអង្គរ។ វត្តមួយនៅ ខេត្តនគរស្រីធម្មរាជ មានឈ្មោះថា ផះតេង អានថា ផះដែង ដែលពាក្យថាផះតេងនេះ ក៏សម្រាប់ហៅពួកព្រាហ្មណ៍ និងជាពាក្យមកពីភាសាខ្មែរបុរាណ ហៅថាម្រងតេង ឬកម្រតេង ហើយនៅមានពាក្យមួយទៀត គឺរះនោត ឬរៈនោត មកពីភាសាខ្មែរបុរាណថា ន៌ោច ណ្ឋោច ណ៌ោច ដែលភាសាខ្មែរទំនើប ហៅថា រនោច។ ឈ្មោះ ឬពាក្យនេះ ប្រហែលមានន័យថា ជាភូមិបក្សរនោច ដូចក្នុងប្រទេសកម្ពុជា កាលសម័យបុរាណ មានភូមិនមួយ ដែលអ្នកស្រុកជាប់កំណែន រាល់បក្សរនោច។
យោងតាមស្ថាននាមទាំងនេះ គេអាចសន្និដ្ឋានបានថា ថៃ ធ្លាប់រៀបចំសង្គម និងសាសនា នៅភាគខាងត្បូង ដោយយកគំរូ តាមចក្រភពខ្មែរបុរាណផងដែរ៕
ដោយ ពៅ សុខ (អ្នកនិពន្ធ) © រក្សាសិទ្ធិដោយ thmeythmey.com