អន្តរជាតិ
នយោបាយអន្តរជាតិ
យ៉ាងហោចម្នាក់ស្លាប់ និងច្រើននាក់របួសក្នុងករណីបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីហ្សាការតា រូបភាព៖ Reuters
× យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងករណីផ្ទុះគ្រាប់បែកពីរគ្រាប់ផ្ទួនៗនៅស្ថានីយ៍រថយន្តមួយនៅភាគខាងកើតរដ្ឋធានីហ្សាការតានៅយប់ម៉ោង ៩ ថ្ងៃពុធទី ២៤ ឧសភានេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកស្លាប់មានប៉ូលិសម្នាក់ ហើយម្នាក់ទៀតដែលស្លាប់ដែរនោះជាជនសង្ស័យដែលជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។
ប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់នៅយប់ថ្ងៃទី ២៤ ឧសភាថា ជនសង្ស័យជាអ្នកបំផ្ទុះគ្រាប់បែកអត្ថឃាត និងមន្ត្រីប៉ូលិសម្នាក់ងារបានស្លាប់ក្នុងករណីបំផ្ទុះគ្រាប់នៅស្ថានីយ៍រថយន្តនៅភាគខាងកើតរដ្ឋធានីហ្សាការតា។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដដែល ក្រៅពីអ្នកស្លាប់ មនុស្សជាច្រើននាក់ផ្សេងទៀតក៏បានរងរបួសដោយសារករណីបំផ្ទុះគ្រាប់នេះផងដែរ។ ជនរងគ្រោះទាំងអស់នោះត្រូវបានគេនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យរួចរាល់ហើយបន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើង។
ករណីបំផ្ទុះគ្រាប់បែកនៅកណ្តាលរដ្ឋធានីហ្សាការតានេះ កើតឡើងមួយថ្ងៃក្រោយពេលដែលក្រុមភេរវជន Maute ជាក្រុមប្រកាសភក្តីភាពចំពោះក្រុមភេរវជនដែស្ហ (Desh) ឬក្រុមភេរវជនរដ្ឋឥស្លាមនៅក្រុង Marawi នៅកោះមិនដាណាវប្រទេសហ្វីលីពីន បើកការប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល។ យ៉ាងប៉ូលិសម្នាក់និងទាហានពីរនាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នានេះ។
ដោយឡែក ប្រទេសម៉ូូស្លីមធំបំផុតលើពិភពលោកនេះខ្វល់ខ្វាយខ្លាំងពីចលនាភេរវកម្មនិងការកើនឡើងនៃចលនាជ្រុលនិយមដែលជាប់ពាក់ព័ន្ធក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការវាយប្រហារភេរវកម្មម្នាក់ៗបែបនេះកើតឡើងញឹកញាប់បំផុតនៅឥណ្ឌូណេស៊ី ចាប់ពីឆ្នាំ ២០១៦មក។ ខែមករាឆ្នាំ ២០១៦ ក្រុមប្រដាប់អាវុធបួននាក់ដែលប្រកាសភក្តីភាពចំពោះក្រុមភេរវជនដែស្ហបានអុកឡុកទីក្រុងហ្សាការតាដោយប្រើប្រាស់កាំភ្លើងនិងគ្រាប់បែកដើម្បីធ្វើសកម្មភាព។ ការវាយប្រហារនេះបានធ្វើឲ្យមនុស្ស ប្រាំបីនាក់ស្លាប់រួមទាំងក្រុមភេរវជនទាំងបួននាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com