អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata សម្ពោធ​សេវា​ផ្តល់ព័ត៌មាន​អាកាសធាតុ​ថ្មី ឈ្មោះ “Smart Weather”
25, May 2017 , 9:09 am        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០១៧៖ ក្រុមហ៊ុន Smart ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ថ្ងៃនេះ​បានប្រកាស​ការចាប់ផ្តើម​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន Earth Networks ដែលជា​ស្ថាប័ន​លំដាប់​សាកល​ក្នុងការ​ព្យាករណ៍​និង​រាយការណ៍​អាកាសធាតុ ដើម្បី​ពាំនាំ​សេវា​ផ្តល់ព័ត៌មាន​អាកាសធាតុ​ថ្មី​មួយ ហៅថា “Smart Weather” ដែលជា​សេវាកម្ម​ផ្តល់ព័ត៌មាន​អាកាសធាតុ​តាម​ប្រព័ន្ធ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ។​

​នៅក្នុង​សន្និសីទកាសែត ដែលមាន​ការចូលរួម​ដោយ​គូភាគី​ទាំងសងខាង និង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម រស់ សុវណ្ណ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ថូ​ម៉ាស ហ៊ុន អគ្គនាយក​ក្រុមហ៊ុន Smart បាន​សម្តែង​ក្តីរំភើប​រីករាយ​ចំពោះ​ការចាប់​ដៃគូ​ជាមួយនឹង​ស្ថាប័ន Earth Networks ដ៏​ល្បីឈ្មោះ ដើម្បី​ផ្តល់ជូន​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា នូវ​សេវា​ផ្តល់ព័ត៌មាន​អាកាសធាតុ​ទំនើប​បំផុត ។ លោក​បាន​មានប្រសាសន៍ថា “​នៅពេលដែល បាតុភូត​អាកាសធាតុ​កាន់តែ​កាច​សាហាវ​ទៅៗ ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ និង​កត្តា​ផ្សេងទៀត ការផ្តល់​ព័ត៌មាន​អំពី​អាកាសធាតុ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ដែល​នឹង​ផ្តល់ជូន​ដោយ​សេវា Smart Weather ពិត​ជាមាន​សារៈសំខាន់​មិនអាច​មើលរំលង​បាន ដើម្បី​ការពារ​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ ។​”

​លោក​បាន​បន្ថែមទៀតថា “​យើង​ជឿថា សេវា​បន្ថែម​ថ្មី​នេះ ដែល​នាំមក​ជូន​ដោយ​ក្រុមហ៊ុន Smart និង​ស្ថាប័ន Earth Networks នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នកប្រើប្រាស់ និង​អតិថិជន​របស់​យើង តាមរយៈ​ការ​ផ្តល់ព័ត៌មាន​សំខាន់ៗ ពាក់ព័ន្ធ​នឹង​អាកាសធាតុ នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេល ក៏ដូចជា​ការ​ផ្តល់នូវ​ការជូន​ដំ​ណឺង​ក្នុងករណី​មាន​អាកាសធាតុ​កាច​សាហាវ​ណាមួយ​ដែល​នឹង​ខិតចូល​មកដល់ ។​

​លោក Jim Anderson អគ្គនាយករង​ជាន់ខ្ពស់​ផ្នែក​លក់​សាកល​នៃ​ស្ថាប័ន Earth Networks យល់ស្រប ទៅនឹង​ការលើកឡើង​របស់លោក ថូ​ម៉ាស ហ៊ុន ។ លោក​បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​អបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Smart ដែល​បាន​ផ្តួចផ្តើម​កិច្ចសហការ​នេះ​ឡើង ។ ការរួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​បណ្តាញទូរស័ព្ទ​ចល័ត​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Smart និង​សមត្ថភាព​ឥត​គូ​ប្រៀប​របស់​ស្ថាប័ន Earth Networks ក្នុងការ​តាមដាន​ព័ត៌មាន​អាកាសធាតុ និង​រន្ទះ​បាន​ទាន់​ហេតុការណ៍ គឺ​ពិតជា​ការច្នៃប្រឌិត​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ។ សេវា​ដែលមាន​មុខងារ​ពេញលេញ​នេះ នឹង​អនុញ្ញាត​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន និង​អតិថិជន Smart ទទួលបាន​ព័ត៌មាន និង​ការព្យាករណ៍​អាកាសធាតុ ប្រកបដោយ​សុ​ក្រិត​ភាព និង​ប្រសិទ្ធភាព​ខ្ពស់ ក្នុងតម្លៃ​សមរម្យ​មួយ ។​”



​ឯកឧត្តម រស់ សុវណ្ណ អគ្គលេខាធិការរង​នៃ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​មានប្រសាសន៍ថា “​ការព្យាករណ៍​អាកាសធាតុ​ប្រកបដោយ​សុ​ក្រិត​ភាព មិន​ត្រឹមតែ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ការពារ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាចជួយ​បងប្អូន​កសិករ និង​អ្នក​បំពេញការងារ​នៅ​ខាងក្រៅ អាច​ត្រៀមខ្លួន​បានល្អ​ជាង​មុន ។ ហេតុនេះហើយ ទើប​ខ្ញុំ​មាន​ក្តី​រីករាយ​ជា​ពន់ពេក ដែល​ក្រុមហ៊ុន Smart បាន​សម្ពោធ​សេវា​ផ្តល់ព័ត៌មាន​អាកាសធាតុ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ជឿថា មនុស្ស​ជាច្រើន​នឹង​ប្រើ​បច្ចេកវិទ្យា​នេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ​ក្នុង​ជីវិត​របស់​ពួកគេ ។​”

​សេវា Smart Weather ត្រូវបាន​រៀបចំឡើង សម្រាប់​អ្នកប្រើប្រាស់​ជា​បុគ្គល និង​ជា​សា្ថ​ប័ន​នានា​ជាពិសេស ក្រុមហ៊ុន​អាកាសចរណ៍ ក្រុមហ៊ុន​កសិកម្ម ក្រុមហ៊ុន​ទេសចរណ៍ ក៏ដូចជា​រាជរដ្ឋាភិបាល និង​អង្គការ​នានា ។ ដោយ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការទទួលបាន​ព័ត៌មាន​អាកាសធាតុ​ទាន់ពេលវេលា Smart Weather អាច​ផ្តល់ព័ត៌មាន​ដល់​អ្នកប្រើប្រាស់​សេវា​នេះ​តាម​ទូរស័ព្ទ​ចល័ត ទោះបីជា​គាត់​មិនមាន​ការតភ្ជាប់​ទៅ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ក៏ដោយ ។ គាំទ្រ​ដោយ​បច្ចេកវិទ្យា​របស់​ស្ថាប័ន Earth Networks សេវា Smart Weather អាច​ជូនដំណឹង​អ្នកប្រើប្រាស់​ភ្លាមៗ​អំពី​ភ្លៀង ព្យុះ រន្ទះ ក៏ដូចជា​ផ្តល់​ការ​ព្យាករ​អាកាសធាតុ​ប្រកបដោយ​សុ​ក្រិត​ភាព​ខ្ពស់​សម្រាប់​រយៈពេល ១៥​ថ្ងៃ​បន្ទាប់ តាមរយៈ​សារ​ជា​អក្សរ និង​សារ​ជា​សម្លេង​ផងដែរ​នាពេល​អនាគត ។​

​ដោយ​ចំណាយ​ត្រឹមតែ ១៥​សេន​ក្នុង​មួយខែ អតិថិជន​ដែល​ចុះឈ្មោះ​ប្រើ​សេវា​នេះ​តាម​ទូរស័ព្ទដៃ នឹង​ទទួលបាន​សារ​ជា​អក្សរ​ជា​រៀងរាល់​ព្រឹក ដែល​នឹង​ផ្តល់​ការព្យាករណ៍​អាកាសធាតុ សម្រាប់​រយៈពេល​១០​ថ្ងៃ​បន្ទាប់ ។ អតិថិជន​ដែល​ប្រើ​សេវា​នេះ​តាម​ទូរស័ព្ទដៃ ក៏​នឹង​ទទួលបាន​សារ​ជូនដំណឹង​ជា​អក្សរ រយៈពេល​២​ម៉ោង​មុន ក្នុងករណី​មាន​ព្យុះ ឬ​ភ្លៀង​ធំ​នៅ​តំបន់​របស់គាត់ ។ អ្នកប្រើប្រាស់ ក៏​អាច​ចុច *559# ឬ​ហៅ​ទូរស័ព្ទ​ទៅ​លេខ 559 ដើម្បី​ទទួលបាន​ការរាយការណ៍​អំពី​ស្ថានភាព​អាកាសធាតុ​ភ្លាមៗ​ផងដែរ​។​

Smart Weather ក៏​នឹងត្រូវ​បានដាក់​បញ្ចូល​ក្នុង​កម្មវិធី SmartNas ដែល​នឹង​ផ្តល់ជូន​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នូវ​ការព្យាករណ៍​អាកាសធាតុ​ដែល​បំពាក់​ដោយ​រូបភាព​ផងដែរ​។​



​សម្រាប់​អតិថិជន​ជា​លក្ខណៈ​ស្ថាប័ន រួមមាន ក្រុមហ៊ុន ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល ជាដើម សេវា​នេះ​អាច​ផ្តល់ព័ត៌មាន​លម្អិត​ច្រើន​អំពី​ស្ថានភាព​អាកាសធាតុ​ជូន​ពួកគាត់ ។ ដោយ​ចូលទៅក្នុង​គេហទំព័រ​លើ​អ៊ីនធឺណិត ពួកគាត់​អាច​ពិនិត្យមើល​ទិន្នន័យ​សំបូរបែប អំពី​ស្ថានភាព​អាកាសធាតុ​បច្ចុប្បន្ន និង​នៅពេល​អនាគត ដែល​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​គ្រប់ពេលវេលា ។​

​ជាមួយនឹង​ស្ថានីយ៍​តាមដាន​អាកាសធាតុ​ជាង​១​ម៉ឺន​កន្លែង និង​សេន​ស័​រ​តាមដាន​រន្ទះ​ជាង​១៥០០ ដែល​បាន​ដំឡើង​នៅ​ទូទាំង​ពិភពលោក និង​តំបន់​អាស៊ី សេវា Smart Weather ដែល​គាំទ្រ​ដោយ​បច្ចេកវិទ្យា​តាមដាន​អាកាសធាតុ​របស់​ស្ថាប័ន Earth Networks អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស្ថាប័ន​រដ្ឋាភិបាល និង​អ្នកប្រើប្រាស់​ទូទៅ ទទួលបាន​ព័ត៌មាន​អាកាសធាតុ​ទាន់ពេលវេលា សម្រាប់​ទីតាំង​ភូមិសាស្ត្រ​របស់គាត់ ឬ​ទីតាំង​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com