អន្តរជាតិ
ទៅ​ជួប​មេដឹកនាំ​ណា​តូ​លើកដំបូង លោក ត្រាំ នៅតែ​គិត​រឿង​ទារ​ថ្លៃ​ការពារ
25, May 2017 , 2:35 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Charles Michel ពេលទៅដល់ក្រុងព្រុចសែល (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Charles Michel ពេលទៅដល់ក្រុងព្រុចសែល (រូបភាព Reuters)
​ទស្សនកិច្ច​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​មជ្ឈិមបូព៌ា ត្រូវបាន​ទទួល​យ៉ាង​រាក់ទាក់​អធិកអធម​បំផុត​ទាំង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីស្រាអែល​ផង​។ នៅឯ​បុរី​វ៉ា​ទី​កង់​ឯណោះ​វិញ លោក ត្រាំ ក៏​អះអាងថា លោក​មាន​ជំនួប​ដ៏​អស្ចារ្យ​ជាមួយ​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ។ ប៉ុន្តែ​នៅពេល​ជួប​ជាមួយ​មេដឹកនាំ​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​ព្រុ​ច​សែ​ល លោក ត្រាំ ទំនងជា​ជួប​បញ្ហា​ស្មុគស្មាញ​ខ្លាំង​មិន​ខាន​។ ជំហរ​របស់លោក​ចំពោះ​ណា​តូ មិន​ច្បាស់លាស់​ឡើយ គឺ​ម្ដង​លោក​ថា​ណា​តូ​ហួស​សម័យ ម្ដងថា​មិន​ហួស​សម័យ​។ ក្នុងជំនួប​លើក​នេះ មេដឹកនាំ​ណា​តូ​នឹង​សួរ​លោក ត្រាំ ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ រួមទាំង​ថ្លៃ​ចំណាយ​ផង​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី​២៤ ខែឧសភា បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា និង​អ៊ីតាលី​ជា​បន្តបន្ទាប់​។ លោក ត្រាំ នឹង​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​សម្ព័ន្ធ​យោធា​ណា​តូ​ដោយផ្ទាល់​ជា​លើកដំបូង បន្ទាប់ពី​លោក​បាន​និយាយ​រិះគន់​អង្គការ​យោធា​នេះ​ពេល​យុទ្ធនាការ​បោះឆ្នោត និង​បន្ទាប់​ការ​គំរាម​ដកខ្លួន​ចេញ បើ​សមាជិក​ណា​តូ​ផ្សេងទៀត​មិន​ព្រម​បង់ថ្លៃ​ចំណាយ​សម្រាប់​ណា​តូ​ចំនួន​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​តាម​ការសន្យា​ទេនោះ​។​

​អំឡុងពេល​ទស្សនកិច្ច​នៅ​បែលហ្ស៊ិក​លើក​នេះ លោក ត្រាំ ទំនង​ជួប​បញ្ហា​រដាក់រដុប​ច្រើន ដ្បិត​ទាំង​មេដឹកនាំ​ណា​តូ និង​សហភាព​អឺរ៉ុប ច្បាស់​ជា​សង្កត់ និង​សួរ​លោក​ពី​គោលនយោបាយ​របស់​អាមេរិក​ចំពោះ​តំបន់​អឺរ៉ុប​ទាំងមូល ទាំង​យោធា ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក៏ដូចជា​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាស​ធាតុ​មិន​ខាន​។ ជំហរ​របស់លោក ត្រាំ នាពេល​កន្លង​មកលើ​បញ្ហា​ទាំង​អម្បាលម៉ាន ធ្វើ​ឲ្យ​រដ្ឋ​នៅ​អឺរ៉ុប​បារម្ភ​យ៉ាងខ្លាំង​។​

​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រធានាធិបតី​អាមេរិក​ជួប​ជាមួយ​មេដឹកនាំ​អឺរ៉ុប និង​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​រដ្ឋ​សមាជិក​ណា​តូ បន្ទាប់មក​លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧​ដែរ​។ គេ​រំពឹងថា ក្នុងពេល​ជួប​ជាមួយ​មេដឹកនាំ​ណា​តូ លោក ត្រាំ ទំនងជា​បញ្ជាក់​ជំហរ​របស់​អាមេរិក​ឲ្យ​បានច្បាស់លាស់​មិន​ខាន ព្រោះ​ពួកគេ​រង់ចាំ​ដំណើរ​របស់លោក ត្រាំ ជា​យូរ​មកហើយ បន្ទាប់ពី​ជ្រួល​ប្របល់​ដោយសារ​នយោបាយ​របស់​ប្រធានាធិបតី​មាន​សាវតារ​មកពី​អ្នកជំនួញ​រូបនេះ​។ 
 
១. លោក ត្រាំ នៅតែ​ប្រកាន់​ជំហរ​ទារលុយ​ថ្លៃ​ចំណាយ​សម្រាប់​ណា​តូ​

​របៀបវារៈ​សំខាន់​ដែល​ត្រូវ​លើកឡើង​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី ត្រាំ នៅ​អឺរ៉ុប​ពេលនេះ គឺ​រឿង​ថ្លៃ​ចំណាយ​សម្រាប់​ស​ម្ព័​ន្អ​យោធា​ណា​តូ​តែម្ដង​។ លោក ត្រាំ នឹង​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋ​សមាជិក​ណា​តូ​ទាំងអស់ ឲ្យ​ជួយ​ចេញថ្លៃ​ចំណាយ​សន្ធឹកសន្ធាប់​រប​ស់ណា​តូ ដែល​អាមេរិក​ធ្លាប់​ចេញ​ច្រើនជាងគេ​រហូតមក​។ មន្ត្រី​កំពូលៗ​របស់​រដ្ឋបាល​អាមេរិក​ដែល​ទស្សនកិច្ច​នៅ​អឺរ៉ុប​រាប់ទាំង​អនុ​ប្រធានាធិបតី Mike Pence សុទ្ធតែ​បានទាមទារ​ឲ្យ​សមាជិក​ណា​តូ​ជួយ​បង់ថ្លៃ​វិភាគទាន​ទៅតាម​ការឯកភាព​គ្នា​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន (Rex Tillerson) និយាយថា លោក​ប្រធានាធិបតី ត្រាំ នឹងដាក់​សម្ពាធ​ខ្លាំង​លើ​មេដឹកនាំ​សមាជិក​ណា​តូ​ទាំងអស់ ឲ្យ​បង់ថ្លៃ​ចំណាយ​ចំនួន​ពីរ​ភាគរយ​តាម​ការសន្យា​របស់​ពួកគេ ព្រោះ​មកទល់ពេលនេះ ពួកគេ​មិនទាន់​បំពេញ​ពាក្យសម្ដី​នៅឡើយ​។ ម្យ៉ាងទៀត ប្រធានាធិបតី​អាមេរិក ក៏​នឹង​ស្នើ​ឲ្យ​សមាជិក​ណា​តូ​បង្កើន​ថវិកា​ចំណាយ​សម្រាប់​វិស័យ​ការពារជាតិ​របស់​ពួកគេ​ដូចគ្នា​។​

​តាមពិតទៅ សមាជិក​ណា​តូ​ទំនង​ដឹង​ពី​បំណង​របស់លោក ត្រាំ រួចហើយ​ទាក់ទង​នឹង​រឿង​ចំណាយ​នេះ​។ នេះ ក៏​ព្រោះ​ទាំង​មុនពេល​ឈ្នះឆ្នោត និង​ក្រោយពេល​ចូលកាន់​តំណែង លោក ត្រាំ តែង​លើកឡើង​ពី​បញ្ហា​នេះ​ម្ដង​ជា​ពីរដង ដោយ​តម្រូវ​ឲ្យ​សមាជិក​ណា​តូ​ផ្សេងទៀត​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​អាមេរិក​ផង​។ អាមេរិក បានទទួល​បន្ទុក​ដល់​ទៅ​៧០​ភាគរយ​នៃ​ការចំណាយ​របស់​ណា​តូ ដែល​រឿងនេះ​អនុ​ប្រធានាធិបតី Pence ធ្លាប់​លើកឡើងថា ប្រជាជន​អាមេរិក​មិនអាច​ទ្រាំ​បាន​ទៀតឡើយ​៕ 

២. ណា​តូ​នៅតែ​សំខាន់​សម្រាប់​អាមេរិក​

​កាលពីពេល​ឃោសនា​រក​សំឡេងឆ្នោត ប្រធានាធិបតី​អាមេរិក ត្រាំ បានលើកឡើង​ពី​មន្ទិលសង្ស័យ​របស់លោក​ជុំវិញ​តួនាទី​របស់​សម្ព័ន្ធ​យោធា​ណា​តូ​។ លោក បាន​ហៅ​អង្គការ​យោធា​នេះ​ថា​ជា​អង្គការ​ហួស​សម័យ ព្រោះ​គោលការណ៍​របស់​សម្ព័ន្ធ​យោធា​នេះ​មិនបាន​ផ្លាស់ប្ដូរ​ឲ្យ​ទាន់សភាពការណ៍​ប្រែប្រួល​លើ​ពិភពលោក​ឡើយ​។ សមាជិក​ណា​តូ​បារម្ភ​ខ្លាំង​នឹង​ការលើកឡើង​របស់លោក ព្រោះ​ការគំរាមកំហែង​ពី​សំណាក់​រុស្ស៊ី​ក៏​កំពុង​កើនឡើង​ខ្លាំង​ដែរនោះ​។​

​ក្នុងជំនួប​ទល់មុខ​លើក​នេះ លោក ត្រាំ ត្រូវ​ជូ​ប​ជាមួយ​មេដឹកនាំ​សម្ព័ន្ធមិត្ត​ដែល​លោក​ធ្លាប់​រិះគន់​ខ្លាំង​នាពេល​កន្លងមក​។ កាលពី​ខែមករា​កន្លងមក ប្រធានាធិបតី​អាមេរិក ចាត់ទុក​សហភាព​អឺរ៉ុប​ជា​យានជំនិះ​របស់​អាល្លឺម៉ង់ ហើយ​ថែមទាំង​សាទរ​ការចាកចេញ​រប​ស់​ចក្រភព​អង់គ្លេស ដែលជា​សមាជិក​ដ៏​សំខាន់​របស់​ណា​តូ​ដែរនោះ​។ ប៉ុន្តែ​ក្រោយមក លោក​បាន​ដូរ​ជំហរ​ច្រើន និង​បាន​និយាយ​ក្រឡាស់សម្ដី​វិញ​ថា ណា​តូ មិន​ហួស​សម័យ​ឡើយ​។ 

​យ៉ាងណាក្ដី ទោះជា​ធ្លាប់​រិះគន់​ក្ដី និង​ធ្លាប់​គំរាម​ចាកចេញ​ពី​ណា​តូ​ក្ដី សម្ព័ន្ធ​យោធា​មួយ​នេះ​នៅតែ​សំខាន់​ក្នុង​កែវភ្នែក​របស់​រដ្ឋបាល​ប្រធានាធិបតី ត្រាំ ។ ណា​តូ ដើរតួ​សំខាន់​ណាស់​ក្នុង​ទប់ទល់​ឥទ្ធិពល​រុស្ស៊ី​នៅ​អឺរ៉ុប បើទោះជា​លោក ត្រាំ ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ក្ដី​។ អាមេរិក​ចង់​ឲ្យ​ណា​តូ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​មជ្ឈិមបូព៌ា ហើយ​ណា​តូ​ក៏​ទំនងជា​យល់ព្រម​ទទួល​សំណើ​របស់​អាមេរិក​ដែរ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ណា​តូ​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com