ជាតិ
ស្ពាន​បណ្ដែត​ប្រាសាទអង្គរវត្ត​ដាក់​សម្ពោធ​ជា​ផ្លូវការ​
25, May 2017 , 3:45 pm        
រូបភាព
​សៀមរាប​៖ ដូច​ការគ្រោងទុក ស្ពាន​បណ្ដែត​ទឹក​ឆ្លងកាត់​ក​សិន្ធុ​អង្គរវត្ត បានដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៧​។ ស្ពាន​បណ្ដែតនេះ​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ជំនួស​ចរាចរណ៍​ទាំងស្រុង​នៅលើ​ស្ពាន​ហាល ដែល​បាន​បិទ​សម្រាប់​ដំណើរការ​ជួសជុល​ក្នុង​រយៈពេល​យូរ​។​



​តាម​របាយការណ៍​ដែល​អាន​ដោយ​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ស្ពាន​បណ្ដែត​ទឹក​ដែល​ស្ថិតនៅ​ខាងត្បូង​ប្រាសាទអង្គរវត្ត​មានប​ណ្តោ​យ ១៧០​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ​។ ស្ពាន​នេះ​បាន​ចាប់ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​ឯក​របស់​ប្រទេស​កាណាដា ចាប់ពី​ថ្ងៃខែ​វិច្ឆិកា ឆ្នាំ​២០១៦ និង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០១៧​។

​លោក ស៊ុំ ម៉ាប់ បន្ថែមថា ស្ពាន​នេះ​មាន​ប្រវែង​គិត​ជា​ការ៉េ​ស្មើនឹង ១៣៦០​ម៉ែត្រការ៉េ ដោយ​ប្រើ​ពោង​បណ្ដែត​ទឹក​ចំនួន ៦៧២០​ដុំ ដែល​អាច​ផ្ទុក​មនុស្ស​ក្នុងពេល​តែមួយ​បាន​ចំនួន ១៣៦០​នាក់ ដោយ​ក្នុង​មួយ​ម៉ែត្រការ៉េ​អាច​ផ្ទុក​មនុស្ស​បាន​ម្នាក់​។ ស្ពាន​នេះ​អាច​ផ្ទុក​ទម្ងន់​បាន ៤៥៧​តោន ឬ​ក្នុង​ពោង​មួយ​អាច​ផ្ទុក​បាន ៦៨​គីឡូក្រាម ជា​ប្រភេទ​ជ័រ​ស្វិត ដែល​ធន់​នឹង​អាកាសធាតុ និង​មិនមាន​សារធាតុ​គីមី ដែល​អាច​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ក្រោម​ទឹក​។​



​តាម​ការរៀប​រាប់រប​ស់អគ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា ស្ពាន​បណ្ដែតទឹក​នេះ​មាន​សុពលភាព​រយៈពេល​២០​ឆ្នាំ ហើយ​វា​នឹង​ជំនួស​ចរាចរណ៍​ទាំងស្រុង​របស់​ស្ពាន​ហាល រហូតដល់​ស្ពាន​នេះ​ជួសជុល​រួចរាល់​។ ស្ពាន​បណ្ដែត​ទឹក ក៏មាន​បំពាក់​ពោង​សុវត្ថិភាព និង​ស្លាក​សញ្ញា​ហាម​ឡើងលើ​បង្កាន់ដៃស្ពាន ដើម្បី​បង្ការ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ផងដែរ​។ យ៉ាងណា​លោក ស៊ុំ ម៉ាប់ ក៏បាន​សុំ​ការយោគយល់​ពី​ភ្ញៀវទេសចរ​ទាំងអស់ ចំពោះ​គុណវិបត្តិ​មួយចំនួន​ដែល​អាច​កើតជា​យថាហេតុ អំឡុងពេល​នៃ​ការប្រើប្រាស់​ស្ពាន​នេះ​។​

​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ទាំងអស់ រួមគ្នា​ថែរក្សា​ស្ពាន​អណ្តែត​ទឹក ដោយ​ត្រូវ​គិតពី​សុវត្ថិ​ភាពជា​ចំបង​។ លោកស្រី​បន្ថែមថា ស្ពាន​នេះ​កើតចេញពី​ការសិក្សា​យ៉ាងច្បាស់​លាស់​របស់​អ្នកជំនាញ ហើយ​មាន​ការឆ្លង​យោបល់​យ៉ាង​ត្រឹមត្រូវ​ពី​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ​ផងដែរ​។



​ស្ពាន​ហាល​ដែល​បាននិងកំពុង​ជួសជុល​នេះ គឺធ្វើឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ស្ថិតនៅ​ផ្នែក​ខាងជើង​ដំណាក់កាល​ទី​២​ដែលមាន​ប្រវែង​១០០​ម៉ែត្រ​។



























​គួររម្លឹកថា ស្ពាន​បណ្ដែតទឹក​នេះ ជា​ជម្រើស​ចុងក្រោយ​សម្រាប់​សាងសង់​កាត់ទឹក​ក​សិន្ធុ​អង្គរវត្ត​។ អ្នកជំនាញ​បាន​លើក​នូវ​ជម្រើស​ជាច្រើន​ដែល​រួមមាន ការសាងសង់​ស្ពានឈើ ស្ពានដែក ស្ពានថ្ម ឬ​ស្ពាន​ឬ​ស្សី​...​តែ​ចុងក្រោយ​គេ​ស​ម្រ​ច​យក​ស្ពាន​ប្រភេទ​ពោងទឹក​នេះ ព្រោះ​ដោយ​ផ្តោត​ពី​តម្លៃ ពេលវេលា​សាងសង់ ការថែទាំ ពិសេស​គឺ​ភាពស៊ីសង្វាក់​គ្នា​នៃ​ទេសភាព​វប្បធម៌​អង្គរ​៕



Tag:
 ស្ពាន​អណ្តែត​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com