ជាតិ
មេបក្សប្រឆាំងប្រាប់អ្នកសៀមរាបថា បើ CNRP មិនគោរពសន្យា លោកនឹងចេញពីតំណែង ឯកឧត្តមក កឹម សុខា ថ្លែងសារនយោបាយ ទៅកាន់អ្នកគាំទ្រ ក្នុងយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត ក្នុងខេត្តសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២0១៧។ រូបភាពពីហ្វេសបុក Kem Sokha
× ភ្នំពេញ៖ ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត តែបែរជាមិនអាចធ្វើបាននូវ អ្វីដែលខ្លួនសន្យា នោះឯកឧត្តម កឹម សុខា នឹងចុះចេញពីតំណែង។ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងយ៉ាងដូច្នេះ នៅចំពោះមុខអ្នកគាំទ្រនិងសកម្មជនរបស់ខ្លួនរាប់រយនាក់ ក្នុងយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២0១៧នេះ។
អ្វីដែលឯកឧត្តមកឹម សុខា សង្កត់ធ្ងន់ជាងគេ និងហ៊ានសន្យាថា គណបក្សសង្គ្រោះជាតិ អាចធ្វើបាន គឺការទម្លាក់ថវិកាចំនួន៥0ម៉ឺនដុល្លារ ទៅឲ្យឃុំ-សង្កាត់នីមួយៗ នៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍ ក្នុងមូលដ្ឋាន។ បើតាមឯកឧត្តម កឹម សុខា ការសន្យានេះ នឹងអាចអនុវត្តទៅបាន លុះត្រាតែគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល ជាមុខសិន។
មេបក្សប្រឆាំងរូបនេះ និយាយដូច្នេះថា៖«បោះឆ្នោតឲ្យសង្គ្រោះជាតិសាកមើល! បើធ្វើមិនបាន កឹម សុខា ចុះចេញពីតំណែងភ្លាម»។
យ៉ាងណាក៏ដោយ ឯកឧត្តម កឹម សុខា មិនបានបញ្ជាក់ឲ្យច្បាស់នោះទេថា «តំណែង» ដែលខ្លួនហ៊ានបោះបង់ គឺចង់សំដៅទៅលើ «តំណែងអ្វី»។
ការលើកឡើងរបស់ឯកឧត្តម កឹម សុខា ខាងលើ គឺដើម្បីឆ្លើយតបនឹងគណបក្សប្រជាជនកម្ពុជា ដែលតែងអះអាងថា គណបក្សសង្គ្រោះជាតិ បានត្រឹមតែ «សន្យាខ្យល់» ហើយការសន្យារបស់គណបក្សសង្គ្រោះជាតិ គឺជារឿងដែលមិនអាចអនុវត្តបាន៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
ឃោសនា
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com