កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Man Utd លើក​បដា​ថា «Zlatan សូមកុំ​ចាកចេញ​, អ្នក​អាច​គេង​ជាមួយ​ប្រពន្ធ​ខ្ញុំ​បាន​!»
25, May 2017 , 4:54 pm        
រូបភាព
​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​របស់ Manchester United មួយក្រុម​បាន​សរសេរ​អក្សរ​លើ​បដា​មួយ​ផ្ទាំង​ថា​ឲ្យ​តែ Zlatan Ibrahimovic នៅ​បន្ត​ជាមួយ​បិសាច​ក្រហម​ទៀត ពួកគេ​សុខចិត្ត​ឲ្យ​ប្រពន្ធ​ឡើង​គ្រែ​ជាមួយ​អតីត​ខ្សែប្រយុទ្ធ​របស់​ស៊ុយអែត​រូបនេះ​។​



​ក្រុម​បិសាច​ក្រហម Manchester United បានឈ្នះ​ពាន​លំដាប់​ទី​២​របស់​អឺរ៉ុប  UEFA Europa League ក្រោយ​ផ្តួល​ក្រុម Ajax ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ពុធ ទី​២៤ ខែឧសភា​នេះ នា​កីឡដ្ឋាន Friends Arena ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត​។​



​ក្រោយ​បញ្ចប់​ការប្រកួត​នេះ គេ​ឃើញ​ខ្សែប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ដែល​មិនបាន​ចូល​លេង​ដោយសារ​បញ្ហា​របួស​នេះ បាន​ដើរ​សំដៅ​ទៅរក​ក្រុម​អ្នកគាំទ្រ​ដែល​លើក​បដា​ថា «Zlatan, Stay And You Can Shag My Wife» មានន័យថា​បើសិនជា Zlatan ស្នាក់នៅ​ទឹកដី Old Trafford បន្តទៀត ពួកគេ​អាច​ឲ្យ​ប្រពន្ធ​គេង​ជាមួយ​បាន​។​

Zlatan បានមក​ចូលរួម​ជាមួយ Man Utd កាលពីដើម​រដូវ​កាល​នេះ​ដោយ​ចុះ​កច្ច​សន្យា​រយៈពេល​១​មួយឆ្នាំ ក្រោយពី​ចាកចេញ​ពី Paris Saint-Germain​។ ក្នុង​រដូវ​កាល​ដំបូង​នេះ អតីត​ខ្សែប្រយុទ្ធ​របស់ Barcelona និង AC Milan រូបនេះ​អាច​រក​គ្រាប់​បាល់​ឲ្យ​បិសាច​ក្រហម​សរុប ២៦​គ្រាប់ សម្រាប់​ការបង្ហាញ​ខ្លួន​៤១​ប្រកួត​។​



​តែ​យ៉ាងណាក៏ដោយ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​នេះ​នៅ​មិនទាន់​ប្រាកដថា​នឹង​បន្ត​ជាមួយ Man Utd ទៀត​ឬ​យ៉ាងណា​នោះទេ ខណៈ​មាន​ក្លិប​ល្បី​មួយចំនួន​ដូចជា Napoli និង LA Galaxy ក៏​កំពុង​អន្ទង​ចង់បាន​រូបគេ​ទៅ​ចូលរួម​ក្រុម​ផងដែរ​៕



Tag:
 បាល់ទាត់​
  Zlatan Ibrahimovic
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com