អន្តរជាតិ
ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​រដ្ឋធានី​ហ្សា​រកា​តា​សម្លាប់​មនុស្ស ៥​នាក់​
25, May 2017 , 5:45 pm        
រូបភាព
រូបភាព DW
រូបភាព DW
​តុល្យការ​ចុងក្រោយ​ចំនួន​អ្នកស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ភាគ​ខាងកើត​ក្រុង​ហ្សា​ការ​តា មាន​រហូតដល់ ប្រាំ​នាក់​ក្នុងនោះ​មាន​ប៉ូលិស​បីនាក់ និង​ជនសង្ស័យ​ជា​អ្នក​បំផ្ទុះ​គ្រាប់​ពីរ​នាក់​ផ្សេងទៀត​ដែរ​។ គេ​មិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ក្រុម​ណាមួយ​នៅ​ពីក្រោយ​ករណី​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នេះ​។​



​គ្រាប់បែក​ពីរ​គ្រាប់​ត្រូវបាន​គេ​បំផ្ទុះ​នៅ​យប់​ថ្ងៃ​ពុធ​ទី ២៤ ឧសភា នៅ​ស្ថានីយ៍​រថយន្ត​មួយ​នៅ​ភាគ​ខាងកើត​ក្រុង​ហ្សា​ការ​តា​។ ចុងក្រោយ ករណី​វាយប្រហារ​ភេរវកម្ម​នេះ​បានសម្លាប់​មនុស្ស​ចំនួន​ប្រាំ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស ១០​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។​

​យោងតាម​សារព័ត៌មាន Channel News Asia ក្នុងចំណោម​នុស្ស​ស្លាប់​ប្រាំ​នាក់​នោះ​មាន បីនាក់​ជា​ប៉ូលិស និង​ពីរ​នាក់​ផ្សេងទៀត​ជា​ជនសង្ស័យ​ដែលជា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​។ ចំណែក​មនុស្ស​ដែល​រងរបួស​ទាំង ១០​នាក់​ត្រូវបាន​គេ​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួចរាល់​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​កើតឡើង​។​

​មកដល់ពេលនេះ​គេ​មិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​ភេរវកម្ម​នេះ ថ្វីបើ​មានការ​សន្និដ្ឋាន​ជាមុន​ថា ក្រុម​ភេរវជន​ដែ​ស្ហ រដ្ឋ​ឥស្លាម​ជា​អ្នក​នៅ​ពីក្រោយ​។​

​អ្នកនាំពាក្យ​នគរបាលជាតិ​ឥណ្ឌូណេស៊ី Setyo Wasisto បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការវាយប្រហារ​នេះ​ជាការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ហើយ​ប៉ូលិស​ប្រាំ​នាក់​ផ្សេងទៀត​ស្ថិតក្នុង​ចំណោម​អ្នករងរបួស​ផងដែរ​។ អ្នកនាំពាក្យ​រូបនេះ​ក៏បាន​ចូលរួម​រម្លែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​ប៉ូលិស​ដែល​ស្លាប់បាត់​បង់ជីវិត​ក្នុងករណី​វាយប្រហារ​នេះ ប៉ុន្តែ​លោក​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ពាក់ព័ន្ធ​ក្រុម​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

​តាមពិតទៅ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​នេះ កើតឡើង​មួយថ្ងៃ​ក្រោយ​ពេលដែល​ក្រុម​ភេរវជន Maute ជា​ក្រុម​ប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ (Desh) ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ក្រុង Marawi នៅ​កោះ​មិន​ដា​ណាវ​ប្រទេស​ហ្វីលីពីន បើក​ការប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។ យ៉ាង​ប៉ូលិស​ម្នាក់​និង​ទាហាន​ពីរ​នាក់​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នេះ​។​

 ឥណ្ឌូណេស៊ី​ប្រឈមមុខ​ការអុកឡុក​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​ឥស្លាម​ជ្រុលនិយម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ឥណ្ឌូណេស៊ី​រឹតតែ​បារម្ភ​ខ្លាំង​ពី​ចលនា​ភេរវកម្ម​និង​ការកើនឡើង​នៃ​ចលនា​ជ្រុលនិយម​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការវាយប្រហារ​ភេរវកម្ម​ម្នាក់ៗ​បែបនេះ​កើតឡើង​ញឹកញាប់​បំផុត​នៅ​ឥណ្ឌូណេស៊ី ចាប់ពី​ឆ្នាំ ២០១៦​មក​។

​ខែមករា​ឆ្នាំ ២០១៦ ក្រុម​ប្រដាប់អាវុធ​បួន​នាក់​ដែល​ប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហបាន​អុកឡុក​ទីក្រុង​ហ្សា​ការ​តា​ដោយ​ប្រើប្រាស់​កាំភ្លើង​និង​គ្រាប់បែក​ដើម្បី​ធ្វើ​សកម្មភាព​។ ការវាយប្រហារ​នេះ​បានធ្វើ​ឲ្យ​មនុស្ស ប្រាំ​បីនាក់​ស្លាប់​រួមទាំង​ក្រុម​ភេរវជន​ទាំង​បួន​នាក់​ផងដែរ​៕



Tag:
 ហ្សា​ការ​តា​
  វាយប្រហារ​ភេរវកម្ម​
  Setyo Wasisto
© រក្សាសិទ្ធិដោយ thmeythmey.com