កីឡាជាតិ
ជាតិ
U17 កម្ពុជា ប៉ះ វៀតណាមនៅថ្ងៃសម្ពោធគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ល្ងាចនេះ
× ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទី ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនអាយុក្រោម១៧ឆ្នាំរបស់ទីក្រុងហូជីមិញនារសៀលថ្ងៃទី២៦ ខែឧសភា នេះនៅកីឡដ្ឋានខេត្តស្វាយរៀង។ ការប្រកួតនេះធ្វើឡើង ដើម្បីអបអរការសម្ពោធផ្លូវការគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំងប្រទេស។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងសម្ពោធជាផ្លូវការនូវគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់របស់ខ្លួននារសៀលថ្ងៃទី២៦ ខែឧសភា នេះនៅកីឡដ្ឋានខេត្តស្វាយរៀង។ គម្រោងនេះ ជាផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅតាមបណ្តាខេត្តឲ្យកាន់តែមានការរីកចម្រើន។ លើសពីនេះ ដើម្បីបណ្តុះបណ្តាលធនធានថ្នាលសម្រាប់ត្រៀមស៊ីហ្គេមនាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក សៅ សុខា បានបញ្ជាក់ថា គម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់នេះ នឹងធ្វើឡើងគ្រប់ខេត្ត-ក្រុងទាំង២៥ ដោយក្នុងមួយខេត្តមានតែមួយសាលាប៉ុណ្ណោះ។ សហព័ន្ធ នឹងជ្រើសរើសជាសាលារដ្ឋណាដែលមានទីធ្លាធំទូលាយ ដែលអាចបំពេញដល់ការហ្វឹកហាត់ និងរៀបចំការប្រកួតផ្សេងៗ។
លោកបន្តថា គម្រោងនេះ គឺអនុញ្ញាតឲ្យសិស្សនៅក្នុងសាលាអាចចូលរួមលេងបានទាំងអស់ដោយមិនប្រកាន់អាយុ ឬភេទនោះឡើយ។ ហើយក្នុងអំឡុងពេលហ្វឹកហាត់ ឬប្រកួតផ្សេងៗនឹងមានគណកម្មាការវាយតម្លៃពីសមត្ថភាព ឬបច្ចេកទេសរបស់កីឡាករទាំងនោះ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ជាក្រុមតាមប្រភេទអាយុផ្សេងៗគ្នានៅតាមសាលានីមួយៗ។
ជាមួយគ្នានេះ ដើម្បីអបអរក្នុងថ្ងៃសម្ពោធគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់លើកដំបូងនេះដែរ ក្រុមយុវជនអាយុក្រោម១៧ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទី ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនមកពីទីក្រុងហូជីមិញប្រទេសវៀតណាម នាវេលាម៉ោង៥រសៀលថ្ងៃទី២៦ ខែឧសភា នៅកីឡដ្ឋានខេត្តស្វាយរៀងនោះផងដែរ៕
Tag:
បាល់ទាត់
U17 កម្ពុជា
មិត្តភាពអន្តរជាតិជាមួយវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com