ជាតិ
ក្រសួងការពារជាតិ ចាត់ទុកសេចក្តីថ្លែងការណ៍ក្រុមសង្គមស៊ីវិលថា មានចេតនាប្រមាថកងទ័ព
× ភ្នំពេញ៖ ក្រសួងការពារជាតិ ច្រានចោលនិងថ្កោលទោស សេចក្ដីថ្លែងការណ៍របស់ខុមហ្វ្រែល និងសមាគម អង្គការសង្គមស៊ីវិលនៅកម្ពុជា នៃបន្ទប់ស្ថានការណ៍សម្រាប់បោះឆ្នោត គឺមានចេតនាញុះញង់ និងលាបពណ៌មកលើកងយោធពលខេមរភូមិន្ទ និងជាការប្រមាថមាក់ងាយដល់កិត្តិយស តួនាទី ភារកិច្ចរបស់កងទ័ព។
អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល មានន័យបង្គាប់បញ្ជាមកលើកងយោធពលខេមរភូមិន្ទ ដែលជាការរំលោភធ្ងន់ធ្ងរ មិនអាចទទួលយកបានឡើយ។ ហើយអ្វីដែលក្រសួងការពារជាតិ កត់សម្គាល់នោះ គឺវោហោសាសន៍ទាំងឡាយរបស់ពួកគេ មកលើតួនាទីកងយោធពលខេមរភូមិន្ទ ហាក់ដូចជាមានចេតនាអ្វីមួយទៅអនាគត។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«កងយោធពលខេមរភូមិន្ទ បានយល់ច្បាស់អំពីច្បាប់បោះឆ្នោត និងតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការអនុវត្ត តាមសេចក្តីណែនាំរួមស្តីអំពីការពង្រឹងវិន័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ចូលរួមក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ មិនចាំមានអង្គការខុមហ្វ្រែល និងសមាគម អង្គការសង្គមស៊ីវិលនៅកម្ពុជាមកណែនាំនោះទេ»។
អង្គការសង្គមស៊ីវិលចំនួន១៨ បានបង្ហាញការព្រួយបារម្ភ ចំពោះការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិលោក ទៀ បាញ់ ដែលបានព្រមានវាយបាក់ធ្មេញ ប្រសិនបើមានការតវ៉ានឹងលទ្ធផលបោះឆ្នោត ស្របពេលដែលអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន ក៏បានប្រកាសឲ្យកងទ័ពត្រូវប្រឆាំងដាច់ខាតនូវ «បដិវត្តន៍ពណ៌» ជាដើម។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ឧសភា របស់ក្រុមសង្គមស៊ីវិលទាំង១៨ បានស្នើឲ្យអគ្គមេបញ្ជាការ មេបញ្ជាការ មន្ត្រីជាន់ខ្ពស់ និងកងទ័ពនៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវគោរពក្រមសីលធម៌ខ្លួន និងផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារបោះឆ្នោត ។ ជាពិសេសកងកំលាំងប្រដាប់អាវុធត្រូវផ្តល់កិច្ចសហប្រតិបត្តិការជាមួយ គ.ជ.ប និងត្រូវអនុវត្តតាមបទបញ្ញត្តិ ដែលមានចែងក្នុងច្បាប់នានា ដើម្បីធានាសុវត្តិភាពដល់បេក្ខជនមកពីគ្រប់គណបក្សនយោបាយ ដែលចូលរួមប្រគួតប្រជែងការបោះឆ្នោតខាងមុខនេះ។
តែយ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិ បានបកស្រាយការពារសម្តីរបស់ថ្នាក់ដឹកនាំក្រសួងថា មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ។ ប៉ុន្តែវាគឺជាការជំរុញ និងការពារដល់សន្តិសុខ សុវត្ថិភាព សម្រាប់ការបោះឆ្នោតនៅកម្ពុជា ដោយមិនអនុញ្ញាតឲ្យជនណាឆ្លៀតយកឱកាសនេះ ដើម្បីបង្កអសន្តិសុខ បំផ្លាញសន្តិភាពរបស់កម្ពុជាឡើយ។ «ផ្ទុយទៅវិញការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ គឺជាការតម្រង់ឆ្ពោះទៅរកអ្នកដែលព្យាយាមបំផ្លាញសន្តិភាព និងការបង្កើតបដិវដ្តពណ៌នៅកម្ពុជា»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបន្ថែមថា ពលរដ្ឋអាចប្ដឹងតវ៉ាទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចរបស់ជាតិ ក្នុងករណីកងទ័ព ឬជនណាមួយដែលប្រព្រឹត្តខុសច្បាប់ គ.ជ.ប៕
Tag:
ក្រសួងការពារជាតិ
សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com