Jose Mourinho គ្រោងចំណាយលុយធំរហូតដល់ទៅ ៣០០លានផោន ប្រមាណជាង៣៨០លានដុល្លារ ដើម្បីនាំយកកីឡាករ៤រូបមកពង្រឹងក្រុមនារដូវកាលថ្មីខាងមុខនេះ។
បន្ទាប់ពីបានកៅអី UEFA Champion League ដោយស្វ័យប្រវត្តិ ក្រោយលើកពាន UEFA Europa League តាមរយៈការឈ្នះក្រុម Ajax ២-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃពុធកន្លងមក អ្នកចាត់ការទូទៅ Manchester United លោក Jose Mourinho ចង់បានកីឡាករល្អៗបីបួននាក់ថែមទៀតមកជួយក្រុមនារដូវកាលក្រោយ។
បើតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃទី២៦ ខែឧសភានេះ កីឡាករទាំង៤រូបដែលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំដាក់ការចាប់អារម្មណ៍ខ្លាំងនោះរួមមាន Antoine Griezmann ខ្សែប្រយុទ្ធរបស់ Atletico Madrid ខ្សែប្រយុទ្ធ Andrea Belotti របស់ក្រុម Torino ខ្សែប្រយុទ្ធ Romelu Lukaku របស់ Everton និងខ្សែការពារ Michael Keane របស់ Burnley។ ខ្សែប្រយុទ្ធ៣រូប និងការពារ១រូបដើម្បីយកមកបំពេញចន្លោះខ្វះខាត Man Utd រដូវកាលក្រោយនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៣៨៩លានដុល្លារអាមេរិក។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៦ឆ្នាំ Antoine Griezmann ដែលកំពុងមានទំនាក់ទំនង និងភាគរយច្រើនជាមួយនឹងការផ្ទេមកកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខ អាចនឹងត្រូវចំណាយរហូតដល់ទៅ៩០លានផោន ប្រហែលជាង១១៦លានដុល្លារ ដើម្បីទិញផ្តាច់កិច្ចសន្យាពីក្រុម At-Madrid ។
រីឯខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Andrea Belotti វ័យ២៣ឆ្នាំ ដែលកំពុងលេចធ្លោខ្លាំងនៅក្រុម Torino អាចនឹងត្រូវចំណាយរហូតដល់ ៨៦លានផោន ប្រមាណ១១០លានដុល្លារ។
សម្រាប់នៅតំបន់ការពារវិញអ្នកចាត់ការដែលមានរហស្សនាម The Special One បានដាក់គោលដៅលើអតីតយុវជនរបស់ Man Utd កីឡាករ Michael Keane ដែលទៅចូលរួមជាមួយ Burnley កាលឆ្នាំ២០១៥ ហើយខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះអាចនឹងមានតម្លៃផ្ទេប្រមាណ៣០លានផោន ប្រហែលជាង៣៨លានដុល្លារ៕