ជាតិ
លោក ជា សុផារ៉ា នឹងជួបពលរដ្ឋអគារប៊ូឌីញ ៤២៧គ្រួសារ ដែលបានចុះកិច្ចសន្យាទទួលយកសំណង
× ភ្នំពេញ៖ ក្នុងចំណោមពលរដ្ឋនៅអាគារប៊ូឌីញចំនួន ៤៩៣គ្រួសារ មានពលរដ្ឋចំនួន៤២៧គ្រួសារ ឬបន្ទប់ ជិត៩០ភាគរយហើយ បានចុះកិច្ចសន្យាលក់-ទិញជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការទទួលយកសំណងពីក្រុមហ៊ុនជប៉ុន។
ជាមួយគ្នានេះក៏មានពលរដ្ឋចំនួន១៩ គ្រួសារទៀត បានណាត់ពេលជួបជាមួយក្រុមការងារចុះកិច្ចសន្យាលក់-ទិញបន្ទប់ស្នាក់នៅរបស់ពួកគេផងដែរ។ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា នឹងជួបពិភាក្សាជាមួយពលរដ្ឋដែលបានចុះកិច្ចសន្យាទាំង៤២៧គ្រួសារ និងពលរដ្ឋណាត់ជួប ១៩គ្រួសារ នៅថ្ងៃទី៣០ ឧសភា នៅទីស្តីការក្រសួង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង។
សូមបញ្ជាក់ថា អគារប៊ូឌីញដែលមានវ័យចំណាស់ និងមានសភាពទ្រុឌទ្រោមនៅកណ្តាលរាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនជប៉ុនមួយឈ្មោះ អារ៉ាកាវ៉ា ទិញពីពលរដ្ឋក្នុងតម្លៃ១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ទីតាំងអគារប៊ូឌីញនេះ នឹងត្រូវសង់ជាអគារពាណិជ្ជកម្មកម្ពស់៣០ជាន់ ដែលគ្រោងចំណាយទឹកប្រាក់ចន្លោះពី៧០លាន ទៅ៨០លានដុល្លារអាមេរិក៕
Tag:
ជា សុផារ៉ា
អគារប៊ូឌីញ
© រក្សាសិទ្ធិដោយ thmeythmey.com