ជាតិ
ដាំ​កូនឈើ​ព្រៃ និង​ឈើ​ហូប​ផ្លែ​៥​ម៉ឺន​ដើម ដើម្បី​ស្ដារ​ព្រៃឈើ​ដែល​បាត់បង់​នៅ​ភ្នំ​គូលែន​
27, May 2017 , 9:19 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
កូនឈើ​ព្រៃ និង​ឈើ​ហូប​ផ្លែ​ចំនួន ៥​ម៉ឺន​ដើម ទៅ​ដាំ លើ​ផ្ទៃដី​ជាង ១៦​ហិកតា នៅលើ​ឧទ្យាន​ជាតិ ភ្នំ​គូលែន ដើម្បី​អបអរ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ ថ្ងៃទី​២២ ខែឧសភា​។ លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង      បរិស្ថាន បញ្ជាក់ថា ការដាំ​កូនឈើ​នេះ គឺ​ក្នុង​បំណង​ដាំ​ស្ដារ​ព្រៃឈើ​ដែល​បាត់បង់ និង​បង្កើត​ធនធាន​ជីវៈចម្រុះ​ដែលមាន​ក្នុង​តំបន់ភ្នំ​គូលែន​។



កូនឈើ​ព្រៃ និង​ឈើ​ហូប​ផ្លែ សរុប​ចំនួន​៥​ម៉ឺន​ដើម ត្រូវបាន​ដាំ​នៅលើ​ផ្ទៃដី​ជាង​១៦​ហិកតា ក្នុង​ទីតាំង​ចំនួន​៤ នៃ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី និង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​។  ការដាំ​កូនឈើ​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែឧសភា ក្រោម​វត្តមាន​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ ព្រឹទ្ធសភា និង​សិស្ស​និស្សិត​ប្រមាណ ១​ពាន់​នាក់​។  នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​។​

ប្រភព​ដដែល បាន​ស្រង់​សម្តី លោក សាយ សំ​អាល់ ដែល​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការដាំ​កូនឈើ​នាពេលនេះ ធ្វើឡើង​ក្នុង​បំណង​ដាំ​ស្តារ​មកវិញ នូវ​ព្រៃឈើ​ដែល​បាន​បាត់បង់​ដោយ​ការទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ និង​ដើម្បី​ធ្វើឱ្យ​កកើតឡើង​នូវ​ធនធាន​ជីវៈចម្រុះ​ដែលមាន​ក្នុង​តំបន់​នេះ​។ លោក​រដ្ឋមន្ត្រី​ជឿថា ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​នេះ ក៏​នឹង​ជួយ​ទៅដល់​ការធានាបាន​នូវ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ទឹក សម្រាប់​ពលរដ្ឋ​រស់នៅ​លើ​ភ្នំ​គូលែន ក៏ដូចជា​ក្នុង​ខេត្តសៀមរាប​ទាំងមូល​។

លោក សាយ សំ​អាល់​បន្ថែម​ដូច្នេះ​ថា​៖«​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ភ្នំ​គូលែន គឺជា​ប្រភព​ផ្តល់​ទឹកសាប​យ៉ាងសំខាន់​សម្រាប់​ខេត្តសៀមរាប និង​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយទៀត គឺ​ការការពារ​បាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​នៅលើ​ភ្នំ​គូលែន ដែល​នឹង​ជួយ​ទៅដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​»៕


© រក្សាសិទ្ធិដោយ thmeythmey.com