ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្វែងយល់ពីអត្ថន័យនៃពិធីបុណ្យរ៉ម៉ាឌនក្នុងសាសនាឥស្លាម
× សៀមរាប៖ បុណ្យរ៉ម៉ាឌន ជាពិធីបុណ្យមួយក្នុងសាសនាឥស្លាម។ ពិធីនេះត្រូវបានប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំ ហើយដែលត្រូវបានសាសនិកឥស្លាមទូទាំងពិភពលោកអនុវត្តន៍។ ខែរ៉ម៉ាឌន ឬខ្មែរយើងនិយមហៅ «បួស» មានអត្ថន័យជ្រៅជ្រះនៅក្នុងសហគមន៍ឥស្លាម ព្រោះគេជឿលើ រាល់ផលបុណ្យក្នុងខែនេះ គឺទទួលបានទ្វេដងជាងផលបុណ្យក្នុង ដែលសាសនិកឥស្លាមធ្វើនៅក្នុងខែផ្សេងៗ។
តើបុណ្យខែរ៉ម៉ាឌនមានអត្ថន័យបែបណា? តើសាសនិកឥស្លាមនឹងទទួលបានអ្វីខ្លះពីបុណ្យ មួយនេះ? សូមអានបទសម្ភាសខ្លី រវាងអ្នកសារព័ត៌មានថ្មីៗ និងលោកគ្រូ ម៉ូហាម៉ាត់ អាប៊ូបាកើត ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសាសនាវិទ្យានៃសាកលវិទ្យាល័យអន្តរជាតិ ឥស្លាមម៉ាឌីណះ ប្រទេសអារ៉ាប៊ីសាអូឌីត។
អ៊ីសា រ៉ហានី៖ ជាដំបូងចង់ឲ្យលោកគ្រូ ជួយពន្យល់ឲ្យពិសា្ដរអំពីអត្ថន័យនៃពាក្យរ៉ម៉ាឌន ឬគេតែងហៅជាទូទៅថាខែបួស តើវាមានអត្ថន័យបែបណា?
ម៉ូហាម៉ាត់ អាប៊ូបាកើត៖ តាមពិតពាក្យថាបួសក្នុងសាសនាឥស្លាម គឺជាការអំណត់តមអាហារ តមការហូបទាំងអស់ រួមទាំងទឹកផង ចាប់ពីមុនថ្ងៃរះបន្តិច (ម៉ោងនៅសៀមរាប ៤និង២០នាទី) រហូតដល់ថ្ងៃលិច (នៅសៀមរាបម៉ោង ៦និង៣០នាទី) ពេលវេលានេះប្រែប្រួលទៅតាមតំបន់។ ដូច្នេះអត្ថន័យនៃពាក្យ បួសនេះ គឺការតមហូបនៅពេលថ្ងៃ និងការរួមដំណេកជាមួយប្រពន្ធនៅពេលថ្ងៃ។ ហើយចាប់ពីថ្ងៃលិចទៅ ទើបគេអនុញ្ញាតឲ្យយើងបានហូប និងរួមដំណេកដូចធម្មតាវិញ។ ការបួសនេះដែរ កន្លងមកធ្លាប់មានការលើកឡើងថា អំឡុងពេលបួសមិនឲ្យលេបទឹកមាត់ តាមពិតនេះជាការលើកឡើងដោយគ្មានមូលដ្ឋានតែប៉ុណ្ណោះ។
អ៊ីសា រ៉ហានី៖ តើហេតុអ្វីបានសាសនាឥស្លាមបង្គាប់ឲ្យមានការបួសបែបនេះ?
ម៉ូហាម៉ាត់ អាប៊ូបាកើត៖ ការបួសនេះជាកាតព្វកិច្ចដែលព្រះជាម្ចាស់ (អល់ឡោះ=Allah) បានដាក់កាតព្វកិច្ចទៅលើសាសនិកឥស្លាម អ្នកដែលមានជំនឿលើសាសនាឥស្លាម គឺត្រូវបួស។ ដូចដែលព្យាការីម៉ូហាម៉ាត់បានប្រាប់មកថា សាសនាឥស្លាមត្រូវបានគេស្ថាបនាឡើងដោយ៥ប្រការ ហើយមួយក្នុងចំណោម៥ប្រការនោះហើយ គឺបួសក្នុងខែរ៉ម៉ាឌន។ សាសនាឥស្លាមត្រូវបានគេស្ថាបនាឡើងដោយ៥ប្រការ។ ទីមួយ គឺទទួលស្គាល់ថា ព្រះអល់ឡោះជាព្រះជាម្ចាស់ ហើយម៉ូហាម៉ាត់ជាព្យាការី ឬអ្នកនាំសាររបស់ព្រះ។ ទីពីរ គឺការបញ្ឈរការថ្វាយបង្គំមួយថ្ងៃមួយយប់៥ដង។ ទីបី ដកវិភាគទាន (មាសដល់កំណត់ដោយមិនយកប្រើប្រាស់អ្វីទាំងអស់ ចាប់ពី២ដំឡឹង ២ជី និង៦ហុន គឺតម្រូវឲ្យដកចំនួន ២.៥% ឬចែកនឹង៤០) ត្រូវបរិច្ចាគទៅឲ្យអ្នកក្រីក្រ ក្មេងកំព្រា។ល។ ទីបួន គឺបួសក្នុងខែរ៉ម៉ាឌន។ និងទីប្រាំ គឺការបំពេញហាជ្ជី ឬធម្មយាត្រា តាមសាសនាឥស្លាមនៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់អ្នកដែលមានលទ្ធភាព៕
អ៊ីសា រ៉ហានី៖ ក្នុងមួយឆ្នាំ តើគេកំណត់យកថ្ងៃខែឆ្នាំណាសម្រាប់ចូលបួស?
ម៉ូហាម៉ាត់ អាប៊ូបាកើត៖ បួសគឺរយៈពេលមួយខែពេញក្នុងខែរ៉ម៉ាឌន ហើយស្ថិតក្នុងខែ៩ ក្នុងប្រតិទិនសាសនាឥស្លាម។ នៅឆ្នាំ២០១៧នេះ ខែបួសអាចនឹងចំថ្ងៃទី២៦ ឬ២៧ ខែឧសភា តាមយើងមើលខែ។
អ៊ីសា រ៉ហានី៖ តើការបួសសម្រាប់មនុស្សទូទៅ ឬក៏មានការកំណត់អាយុ ឬប្រភេទមនុស្សដែរទេ?
ម៉ូហាម៉ាត់ អាប៊ូបាកើត៖ ពិតណាស់ សម្រាប់ក្មេងគេកំណត់ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ទាំងស្រីទាំងប្រុស ទាំងមានទាំងក្រ តែលើកលែងសម្រាប់អ្នកមានជំងឺ អ្នកធ្វើដំណើរ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានរដូវ និងស្ត្រីក្រោយសម្រាលកូន៤០ថ្ងៃដែលមិនទាន់ជ្រះស្អាតពីឈាម គឺគេអនុញ្ញាត ឲ្យហូបបាយក្នុងខែបួស ប៉ុន្តែពួកគេត្រូវបួសសងជំនួសវិញបន្ទាប់ពីខែបួសបញ្ចប់។ សម្រាប់អ្នកគ្មានសតិបញ្ញាគ្រប់គ្រាន់ គឺត្រូវបានលើកលែងទាំងស្រុង ដោយមិនចាំបាច់បួស ឡើយ។
អ៊ីសា រ៉ហានី៖ តើការបួសនេះ មានសារប្រយោជន៍ ឬផលបុណ្យកម្រិតណាដែរក្នុងសាសនា ឥស្លាម?
ម៉ូហាម៉ាត់ អាប៊ូបាកើត៖ ក្នុងសាសនាឥស្លាម ការបួសនេះមានអត្ថប្រយោជន៍ច្រើនមែនទែន។ ការបួស ទទួលបានផលបុណ្យពីអល់ឡោះធំធេង ដែលយើងមិនអាចដឹងបាន ព្រោះថាការបួសនេះ មានតែបុគ្គលយើងខ្លួនឯង និងព្រះតែប៉ុណ្ណោះដែលដឹង។ ការបួសនេះជាមេរៀនសម្រាប់លត់ដុំខ្លួនយើង នៅពេលដែលយើងមានបញ្ហា ភាពស្រេកឃ្លាន ហើយត្រូវអរគុណចំពោះចំណីអាហារ ដែលព្រះបានប្រទានឲ្យយើង។ ការបួសនេះទៀតសោត ចង់ឲ្យយើងចេះអត់ធ្មត់នៅពេលយើងស្រេកឃ្លាន ហើយឲ្យយើងលះបង់នូវប្រការទាំងឡាយ ដែលព្រះបានហាមឃាត់។ ការបួសនេះ ក៏ចង់ឲ្យអ្នកមានដែលពួកគេមានចំណីអាហារហូបគ្រប់គ្រាន់ ដូច្នេះនៅពេលពួកគាត់បួស គឺបានដឹងពីអារម្មណ៍នេះ ហើយនេះជាពេលដែលពួកគាត់នឹកឃើញដល់អ្នកក្រីក្រ ដែលហូបមិនឆ្អែត។
បើនិយាយតាមក្បួនពេទ្យវិញ ការបួសនេះក៏ជាពេលវេលាមួយដើម្បីឲ្យប្រព័ន្ធរំលាយអាហាររបស់យើងមានពេលសម្រាក និងធ្វើឲ្យយើងបាត់ចំណង់តណ្ហាផ្សេងៗ មានន័យថា យើងគ្មានចង់បានអ្វីទៀតទេ គ្មានគិតឃើញអ្វីទៀតទេ ទោះមនុស្សនោះខ្លាំងពូកែ អ្នកដែលច្រឡោត ពេលដែលបានបួសគឺខ្សោយ ហើយត្រូវបន្ទាបខ្លួនទៅចំពោះអល់ឡោះ ដែលជាអ្នកដាក់កាតព្វកិច្ចមកចំពោះយើង៕
© រក្សាសិទ្ធិដោយ thmeythmey.com