អន្តរជាតិ
ស្វាមី​លោកនាយក​រដ្ឋមន្ត្រី​លុច​សំបួរ​ថត​ជាមួយ​ភរិយា​ថ្នាក់ដឹកនាំ​រដ្ឋ​សមាជិក​ណា​តូ​ផ្សេងទៀត​
27, May 2017 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
លោក Gauthier Destenay ជា​ស្វាមី​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​លុច​សំបួរ លោក Xavier Betell ។ បុរស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ទាំងពីរ​រូបនេះ បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ក្រោយ​មាន​ទំនាក់ទំនង​ស្នេហា​អស់​រយៈពេល​៥​ឆ្នាំ​។ បច្ចុប្បន្ន លោក Bettel ជា​ថ្នាក់ដឹកនាំ​ពិភពលោក​តែ​ម្នាក់​គត់​ដែល​បើកចំហរ​ស្នេហា​ភេទ​ដូចគ្នា​។​



​នា​អំឡុង​នៃ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​រដ្ឋ​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក លោក Xavier Betell បាន​នាំ​ស្វាមី​របស់ខ្លួន គឺ​លោក Gauthier Destenay ទៅជា​មួយ​។​



​នាឱកាស​នោះ លោក Gauthier Destenay ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ជាមួយ​ស្ត្រី​ទីមួយ និង​ដៃគូ​របស់​ថ្នាក់ដឹកនាំ​ផ្សេងទៀត ជាពិសេស​អាហារ​ពេល​ល្ងាច​នៅ Royal Castle of Laeken កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​



​លោក Gauthier Destenay ឬ​គេ​ហៅថា បុរស​ទី​១ «First Gentleman» របស់​លុច​សំបួរ បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ភរិយា និង​គូស្នេហ៍​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក្នុងនោះ រួមមាន ស្ត្រី​ទីមួយ​បារាំង Brigitte Macron, ស្ត្រី​ទីមួយ​តួ​ក​គី Emine Gulbaran Erdogan, ស្ត្រី​ទីមួយ​អាមេរិក Melania Trump ម្ចាស់​ក្ស​ត្រី​យ៍​បែលហ្ស៊ិក Mathilde, លោកស្រី Ingrid Schulerud ភរិយា​អគ្គលេខាធិការ​ណា​តូ លោក Jens Stoltenberg, លោកស្រី Desislava Radeva ភរិយា​លោក​ប្រធានាធិបតី​ប៊ុលហ្គារី​, លោកស្រី Amelie Derbaudrenghien ភរិយា​លោកនាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក លោកស្រី Mojca Stropnik ភរិយា​លោកនាយក​រដ្ឋមន្ត្រី​ស្លូ​វេ​នី និង​ស្ត្រី​ទីមួយ​អ៊ី​ស្លង់ Thora Margret Baldvinsdottir៕


 

© រក្សាសិទ្ធិដោយ thmeythmey.com