ជាតិ
ពលរដ្ឋខ្មែរ ៨នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្រោយលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ
× ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន ៨នាក់ ដែលត្រូវបានទាហានឈុតខ្មែរឃាត់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពលរដ្ឋខ្មែរចំនួន ៨នាក់ ត្រូវបានទាហានឈុតខ្មែរថៃចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេបានលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងក្បែរផ្សាររោងក្លឿ ដើម្បីទៅធ្វើការនៅខេត្តឈុនបុរី កាលពីថ្ងៃទី២៥ ឧសភា។ ក្រោយពីទទួលដំណឹងខាងលើ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក៏បានជួបទំនាក់ទំនងដោយផ្ទាល់ជាមួយទាហានឈុតខ្មៅ ដើម្បីសុំការដោះលែង។
ស្ថានអគ្គកុងស៊ុលកម្ពុជា បានសម្របសម្រួលជាមួយទាហានឈុតខ្មៅថៃ ដោយភាគីថៃ បានយល់ព្រមដោះលែងពលរដ្ឋខ្មែរទាំង ៨នាក់ នឹងបានប្រគល់ទូរសព្ទដៃ និងប័ណ្ណស៊ីជម្ពូឲ្យទៅពួកគេវិញ។ បន្ទាប់ពីទាហានឈុតខ្មៅថៃ យល់ព្រមដោះលែង មន្ត្រីស្ថានអគ្គកុងស៊ុល បានអំពាវនាវ និងណែនាំដល់ពលរដ្ឋទាំងនោះ ជៀសវាងការឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ ដែលអាចប្រឈមការចាប់ខ្លួន ឬដាក់ពន្ធនាគារ។
គួរបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ៨នាក់នោះ បានបញ្ជូនមកដល់កម្ពុជាវិញ ដោយសុវត្ថិភាព នៅយប់ថ្ងៃទី២៥ ឧសភា។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com