អត្ថបទពាណិជ្ជកម្ម
យុទ្ធនា​ការបរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​
27, May 2017 , 12:15 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៧ ខែឧសភា ចាប់ពី​ម៉ោង ៨​ព្រឹក​ទៅ​១២​ថ្ងៃត្រង់​នៅឯ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី យើង​ឃើញ​មាន​វត្តមាន​សហព័ន្ធ​យុវជន​កម្ពុជា ក្លឹប​នៃ​ក្តី​ស្រលាញ់​The Love Club និង​St John’s Ambulance Phnom Penh ដើម្បី​ធ្វើ​សកម្មភាព​នេះ​ឡើង ជាមួយនឹង​មជ្ឈមណ្ឌល ជាតិ​ផ្តល់​ឈាម​។ ក្នុងនោះ​ផងដែរ ក៏មាន​ការចូលរួមរ​បស់​លោក​ឯកឧត្តម គីម រិទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា លោក​វេជ្ជបណ្ឌិត​ហុក គឹម​ចេង (NBTC Director) និង​លោក Andrew Tay ( Zone President of St.John Ambulance Brigade & Board Director of Himawari Hotel Apartments)​។​


​ប្រធាន​សណ្ឋាគារ​ដ៏​ប្រណិត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ជាមួយនឹង​ការបរិច្ចាគ​ឈាម​របស់ខ្លួន​ជា​លើកដំបូង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បាន​ពន្យល់ថា​រូបលោក​ចង់ បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន​របស់លោក ក្នុងការ​ដោះស្រាយ​តម្រូវការ​របស់​ប្រទេស​កម្ពុជា​ដ៏​បន្ទាន់​បំផុត​មួយ​ទាក់ទង​នឹង ការខ្វះខាត​ឈាម​សម្រាប់​បញ្ចូល​ដើម្បី​សង្គ្រោះ​ជីវិត ។​



​លោក Andrew Tay បានអោយដឹងថា «​ការចូលរួម ក្នុង​សកម្មភាព​នេះ​គឺមាន​ភាពល្អប្រសើរ​ជាង​ការរំពឹងទុក​» ដោយ​លោក​បាន​ពន្យល់ថា​ព្រឹត្តិការណ៍​នេះ ត្រូវបាន​កំណត់​រៀបចំ​ឡើង​ដើម្បី​ជួយ​បង្កើន​ការយល់ដឹង​អំពី តម្រូវការ​ក្នុងការ​បរិច្ចាគ​ស្រប​ពេលដែល​ទិវា​បរិច្ចាគ​ឈាម​ពិភពលោក​នៅ​ថ្ងៃទី​១៤ ខែមិថុនា​ខិតជិត​មកដល់​។ លោក​ក៏មាន​បំណង​ផងដែរ​ក្នុងការ​ផ្លាស់ប្តូរ​ការយ​ល់​ឃើញ អំពី​ការ​ទៅ​បរិច្ចាគ​ឈាម​ក្នុងប្រទេស​ដែលមាន​ការខ្វះខាត​នៃ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ​។​

​វប្ប​ធ​ម៍​ចែករំលែក​
​លោក Tay បាន​និយាយថា «​កិច្ចសហការ​គ្នា​គឺមាន​សារៈសំខាន់​ណាស់​ដើម្បី ធានា​ឱ្យបាន​នូវ​ការទទួលបាន​ជោគជ័យ​។ មិនមែន​មានន័យថា​វា​គឺ ជា​តួនាទី​របស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​។ យើង​ត្រូវតែ​ផ្ញើ​សារ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​អំពី​សារៈសំខាន់ នៃ​ការបរិច្ចាគ​ឈាម​។ យើង​ត្រូវការ​ដើម្បី​បង្កើន​ការយល់ដឹង​និង​ការចូលរួម​កាន់តែច្រើន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ដៃគូ​នេះ​»​។​



​ជាមួយគ្នានេះ​ផងដែរ លោក​ក៏មាន​ចំណាប់អារម្មណ៍​ក្នុង​ការជួយ​នូវ​អ្វីដែល​លោក សំដៅទៅ​កាន់ «​វប្ប​ធ​ម៍​នៃ​ការចែករំលែក​» ក្នុងចំណោម​បុគ្គលិក​របស់លោក​និង​ប្រទេស កម្ពុជា​ទាំងមូល​ផងដែរ​។ ក្រៅពី​គ្រួសារ​របស់​យើង​ផ្ទាល់ យើង​ក៏ត្រូវ​តែមាន​ការគិត​សម្រាប់ ប្រជាជន​និង​ជួយ​មនុស្ស​ដែល​យើង​មិន​ស្គាល់​ផងដែរ​។ ការបរិច្ចាគ​ឈាម​គឺ ពិតជា​មាន​សា​រះ​សំខាន់​ខ្លាំងណាស់​ដែល​មានន័យថា យើង​កំពុងតែ​ជួយ​ជីវិត​នរណាម្នាក់ ដែល​យើង​មិន​ស្គាល់​។​»

​លោក​Tay​បាន​បន្ត​ឲ្យ​ដឹងថា​លោក​មិនមាន​ការព្រួយបារម្ភ​អំពី​ភ្ញៀវ​មួយចំនួន​ដែល​ស្ថិតនៅក្នុង​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី​ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ មានការ​ព្រួយបារម្ភ​អំពី​ការបរិច្ចាគ​ឈាម​នោះទេ​។ វា​មាន​ចំនួន​ប្រហែល​តែមួយ​ភាគបី នៃ​ឈាម​ទាំងអស់​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ការបញ្ចូល ដែល​បាន​ដោយ​ស្ម័គ្រចិត្ត​ពី​ម្ចាស់ជំនួយ ហើយ​តម្រូវអោយ មានការ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​រក​មេរោគ​មុនពេល​ឈាម​ទាំងនោះ​ត្រូវបាន​យកមកប្រើ​ប្រាស់​នេះ​បើ​យោងតាម លោក​ហុក គឹម​ចេង​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​មជ្ឈមណ្ឌល​នេះ​បាន ផ្ដល់នូវ​ឈាម​ដោយ​ឥតគិតថ្លៃ​ទៅកាន់​មន្ទីរពេទ្យ​និង​គ្លីនិក​ផ្សេងៗ​។ លោក​Tay បាន​ថ្លែង​ឲ្យ​ដឹងថា «​បរិច្ចាគ​ឈាម​។​ចាប់ផ្ដើម​ធ្វើ​វា​ក្នុងពេល​ឥឡូវនេះ​។ បរិច្ចាគ​ឱ្យបាន​ញឹកញាប់​។ កុំ​ធ្វើការ​រង់ចាំ​រហូតដល់​អាសន្ន​កើតមានឡើង​។ កុំ​រង់ចាំ​រហូត ដល់​សាច់ញាតិ​របស់​យើង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​»​។​

​ទស្សនៈវិស័យ​ឆ្នាំ ២០២០
​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​លំដាប់​ផ្កាយ​ប្រាំ កាលពី​ថ្ងៃ​សៅរ៍​មាន​គោលដៅ​តែមួយ​គឺ ដើម្បី​ធានា​ឲ្យ​បាន​ថា មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាមមាន អ្នក​ស្ម័គ្រ ចិត្ត គ្រប់គ្រាន់​ក្នុងការ​បរិច្ចាគ​ឈាម​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ត្រូវការ​បញ្ចូល​ឈាម​ត្រឹម​ឆ្នាំ​២០២០​។​ដើម្បី​សម្រេចបាន​នូវ​កត្តា​នេះ​ពួកគេ​ផ្តោត​សំខាន់​លើ​យុវជន​ដែល​ជន​ភាគច្រើន​នៃ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​ផ្នត់គំនិត​។​



​    ​ក្លឹប​នៃ​ក្តី​ស្រលាញ់​The Love Club ជា​ឧទាហរណ៍​បាន​ប្រើប្រាស់​បណ្ដាញ សង្គម ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​សារ​រួមបញ្ចូល​ទាំង​ការ​បង្ហោះ​វីដេអូ​ខ្លីៗ​ដែល​ពន្យល់​អំពី​អត្ថប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម (​ឧទាហរណ៍​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​) និង​លើកទឹកចិត្ត​ដល់​អ្នកទស្សនា​ដែល​ស្រឡាញ់​ប្រទេស​របស់ខ្លួន​អោយ​បង្ហាញ​ការស្រឡាញ់​ប្រទេស​តាមរយះ​សកម្មភាព​។ ក្លឹប​នៃ​ក្តី​ស្រលាញ់​ក៏បាន​ធ្វើ​ការបើក​ដំណើ ការ​កម្មវិធី ទូរស័ព្ទ​មួយ​ដែល​នឹង​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ព័​ត៍​មាន​អំពី​ការបរិច្ចាគ​ឈាម​ប្រាប់​ពួកគេ​ពី​កន្លែង​និង​ពេលវេលា​ដែល​ពួកគេ​អាចធ្វើ​សកម្មភាព​ទាំងនេះ​បាន​។​

St. John Ambulance Phnom Penh​ដែល​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ការសង្គ្រោះ​ប​ថម​ក៏បាន​បានផ្តល់​អាទិភាព​ដល់​ការបរិច្ចាគ​ឈាម​ជា​កត្តា​មួយ​ដ៏​សំខាន់​ផងដែរ​។ ជាមួយគ្នានេះដែរ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​គ្របដណ្តប់​រាល់​ខេត្ត​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​លើកទឹកចិត្ត​យុវជន​ឱ្យចូល​រួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាថា​ប្រជាជន​កម្ពុជា​ទាំងអស់​មាន​សិទ្ធិ​ទទួលបាន​ឈាម​ដែលមាន​សុវត្ថិភាព​នៅពេលដែល​ពួកគេ​ត្រូវការ​ជា​ចាំបាច់​។​



​ការធ្វើឱ្យមាន​ការផ្លាស់​ប្ដូរ​
​លោក​វេជ្ជបណ្ឌិត​ហុក គឹម​ចេង​បាន​ពន្យល់​អោយដឹងថា ការអប់រំ​និង​ការ ទុកចិត្ត គឺជា​កត្តា​ពីរ​យ៉ាង​ដែល​ចាំបាច់​ក្នុងការ​លើកទឹកចិត្ត​និង​បញ្ចុះបញ្ចូល​ប្រជាជន​កម្ពុជា​ក្នុងការ​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ឲ្យ​កាន់តែច្រើន​។​ប្រជាជន​កម្ពុជា​ខ្វះ​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការបរិច្ចាគ​ឈាម​។​«​ពួកគេ​មិនដឹងថា​ហេតុ​អ្វីដែល​ពួកគេ​គួរតែ​ធ្វើ​វា​នោះទេ​។ ប្រជាជន​មួយ ចំនួន​គិតថា​វា​អាច​នឹង​គ្មាន​សុវត្ថិភាព​ក្នុងការ​បរិច្ចាគ​ខ​ណះដែ​ឡ​អ្នក​ខ្លះទៀត​ខ្វះ​ទំនុកចិត្ត​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​សម្រាប់​ការបរិច្ចាគ​ឈាម​។ ពួកគេ​មានការ​ព្រួយបារម្ភ​ថា មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អាច​នឹង​យក​ឈាម​ដែល​បរិច្ចាគ​ទាំងនោះ​ទៅ​លក់​។​»

​នេះ​គឺជា​ការយល់ឃើញ​មួយ​ដែល​ខុស​។​មន្ទីរពេទ្យ​និង​គ្លីនិក​អាច​គិត​ប្រាក់​សម្រាប់​ការថែទាំ​និង​ការព្យាបាល​របស់​ពួកគេ​ប៉ុន្តែ​វា​គឺជា​ការខុសច្បាប់​សម្រាប់​ពួកគេ​ក្នុងការ​យកប្រាក់​ពី​ឈាម​ដែល​ផ្ដល់​ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។​



​លោក​វេជ្ជបណ្ឌិត​ហុក គឹម​ចេង​បានធ្វើការ​កត់សម្គាល់ថា ការ​ជម្នះ​នូវ​ការ យល់ ឃើញ​ដែល​ខុស​នាពេល​កន្លងមក​និង​ជម្នះ​រាល់​កង្វះខាត​ចំណេះដឹង​គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ឈាម​ប្រកបដោយ​សុវត្ថិភាព​។ ប្រទេស​កម្ពុជា​អាចមាន​ឈាម ដែល មាន​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ការបញ្ចូល​ប្រសិនបើ​ត្រឹម​តែមួយ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​ទៀត​ទាត់​។ វា​គឺជា​គោលដៅ​ដែល​រូបលោក​និង​អ្នកដទៃ ផ្សេងៗ​ទៀត​ចូលរួម​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការបរិច្ចាគ​ជាមួយនឹង​ការ​ជឿជាក់ថា​គោលដៅ​នេះ​នឹង​អាច​សម្រេចបាន​ត្រឹម​ឆ្នាំ ២០២០​។​«​យើង​ត្រូវការ​ចំនួន​ការ បរិច្ចាគ​ឈាម តែ​៥៥០០០​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​»



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com