ជាតិ
សុវត្តិភាព ចរាចរណ៍
ចាប់ពី​ដើមខែ​មក មនុស្ស ៩៨​នាក់​ស្លាប់ និង​របួស ៣៤៥ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
27, May 2017 , 12:51 pm        
រូបភាព
ភ្នំពេញ​៖ មនុស្ស​ចំនួន ៩៨​នាក់​ស្លាប់ និង​របួស ៣៤៥​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១៩​លើក នៅ​ទូទាំងប្រទេស គិត​ចាប់ពី​ថ្ងៃទី​១ ឧសភា ដល់ ២៦ ឧសភា​។ នេះ​បើតាម​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី ២៦ ឧសភា​នេះ គិត​ចាប់ពី​ថ្ងៃទី ១ ខែឧសភា ដល់ ២៦ ខែឧសភា ឆ្នាំ​២០១៧ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២១៩ លើក នៅ​ទូទាំងប្រទេស​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២១៩ លើក​នេះ  បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៩៨​នាក់​ស្លាប់ និង​រងរបួស​សរុប ៣៤៥​នាក់ ក្នុងនោះ របួសធ្ងន់​ចំនួន ២៣៣​នាក់ និង​រងរបួស​ស្រាល ចំនួន ១១២​នាក់​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២១៩ លើក ធ្វើ​ឲ្យ​ខូចខាត​យានយន្ត​ចំនួន ៣៨៣​គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន ២២០​គ្រឿង រថយន្ត​តូច ៩៣​គ្រឿង រថយន្ត​ធំ ៥១​គ្រឿង និង​យានយន្ត​ផ្សេងៗ ១៩​គ្រឿង​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ កត្តា​យានយន្ត ងងុយដេក ស្រវឹង ប្រជែង​គ្នា និង​មិន​គោរព​សិទ្ធិ​បើកបរ​។

​របាយការណ៍​ដដែល បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កើតឡើង​ភាគច្រើន​នៅតាម​រាជធានី​-​ខេត្ត មួយចំនួន​រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ បាត់ដំបង កណ្ដាល ពោធិ៍សាត់ កំពង់ចាម បន្ទាយមានជ័យ និង​ត្បូងឃ្មុំ​។ នេះ​បើតាម​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com