បទយកការណ៍ / បទសម្ភាសន៍
វីដេអូចំនួន៣ ដែលអប់រំពីអាជីពការងារទទួលបានជ័យលាភីពីអង្គការមូលនិធិអាស៊ី
× ភ្នំពេញ៖ និស្សិតមកពីចម្រុះសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ បានយកវីដេអូដែលជាស្នាដៃផលិតរបស់ខ្លួន មកប្រកួតប្រជែងគ្នា ដែលរៀបចំដោយអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា (Asia foundation)។ ក្នុងចំណោមវីដេអូអប់រំស្តីពី«អាជីពការងារ»ទាំង១៥ មានវីដេអូចំនួន៣ បានទទួលជ័យលាភី។
លោក ភែន ភារុន និស្សិតឆ្នាំទី៤ជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលទទួលបានពានរង្វាន់លេខ១ បានប្រាប់សារព័ត៌មានថ្មីៗថា វីដេអូ៣នាទី ដែលផ្តោតលើប្រធានបទ ជំនាញវិស្វករ គឺធ្វើឡើងដើម្បីជំរុញឲ្យសិស្សដែលត្រៀមខ្លួនជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ឲ្យជ្រើសរើសយកជំនាញនេះ ពីព្រោះជំនាញវិស្វករ កំពុងតែខ្វះខាត ដែលទាមទារឲ្យមានធនធានមនុស្សផ្នែកនេះកាន់តែច្រើននៅកម្ពុជា។
លោកនិយាយថា៖ «ប្រធានបទវីដេអូនេះ គឺមូលនិធិអាស៊ីជាអ្នកដាក់ឲ្យ ពួកខ្ញុំផលិតវីដេអូ ដើម្បីផ្សព្វផ្សាយពីឲ្យប្អូនៗ ដឹងពីសារសំខាន់នៃជំនាញនេះ ពីព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការសង់អគារ ស្ពាន ផ្លូវ ច្រើន ដែលបង្កើតឱកាសទីផ្សារការងារ កាន់តែច្រើនសម្រាប់និស្សិតជំនាញនេះ»។
និស្សិតវ័យ២៤ឆ្នាំរូបនេះ បានបន្ថែមថា លោក និងសមាជិក ក្រុមចំណាយពេលថតដោយទូរស័ព្ទដៃរយៈពេល១ថ្ងៃ ព្រមទាំងចុះទៅការដ្ឋានសំណង់ដោយផ្ទាល់ផងដែរ។ លោកសង្ឃឹមថា វីដេអូនេះ នឹងផ្តល់ព័ត៌មាន ដល់សិស្សដែលត្រៀមខ្លួនរៀននៅមហាវិទ្យាល័យ ឲ្យយល់ដឹង និងត្រៀមខ្លួនសម្រាប់រើសជំនាញវិស្វករ ដែលទីផ្សារកំពុងសម្បូរនៅកម្ពុជា។
ការប្រកួតប្រជែងវីដេអូអប់រំស្តីពីអាជីពការងារនេះ គឺរៀបចំដោយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា នៅសាលសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលមានសិស្ស និស្សិតរាប់រយនាក់ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនឯកជនចូលរួមផងដែរ។
លោក តយ អ៊ុល និស្សិតសាកលវិទ្យាល័យន័រតុន ដែលទទួលបានជ័យលាភីលេខ២ ផ្នែកផលិតវីដេអូអប់រំស្តីពីជំនាញគ្រប់គ្រងធនធានមនុស្ស បានបញ្ជាក់ថា វីដេអូនេះ គឺនឹងបញ្ជ្រាបជំនាញមួយក្នុងចំណោមជំនាញសំខាន់ៗដទៃទៀត ឲ្យសិស្សនិស្សិតបានដឹង ដើម្បីសម្រេចចិត្តជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវ។ និស្សិតជំនាញប្រព័ន្ធផ្សព្វផ្សាយរូបនេះ និយាយថា៖«បើនិស្សិតណាចង់ធ្វើការផ្នែកធនធានមនុស្សហ្នឹង គាត់មើលវីដេអូរបស់ខ្ញុំ គាត់នឹងយល់ដឹងច្រើន ពីអ្វីដែលត្រូវត្រៀមខ្លួនដើម្បីសិក្សាជំនាញហ្នឹង»។
ចំណែក កញ្ញា យី លុយហ៊ាង តំណាងនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលទទួលបានជ័យលាភីលេខ៣ លើការផលិតវីដេអូស្តីពីជំនាញឱសថការី បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ជំនាញឱសថការីនេះ គឺពិតជាតម្លៃខ្លាំងក្នុងប្រទេសកម្ពុជា ពីព្រោះជំនាញនេះ សម្បូរទីផ្សារការងារ។
ក្នុងវ័យ២៥ឆ្នាំ លុយហ៊ាង ដែលដៃម្ខាងយួរកាដូ ដៃម្ខាងទៀតកាន់វិញ្ញាបនបត្រផង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីខ្ញុំមិនមែនរៀនជំនាញឱសថការី តែក្រោយផលិតវីដេអូនេះ ខ្ញុំគិតថាជំនាញឱសថការី គឺមានការងារជាច្រើនដូចជា៖ ជាអ្នកត្រួតពិនិត្យប្រភេទថ្នាំ ជាអ្នកគ្រប់គ្រងចែកចាយថ្នាំនៅហ្វាម៉ាស៊ី»។ កញ្ញាបន្តថា៖«វាមានប្រយោជន៍ណាស់ ព្រោះពេលយើងឈឺ បើយើងទៅរកឱសថការីដែលខុស និងគ្មានជំនាញ នឹងធ្វើឲ្យយើងមានបញ្ហាសុខភាព។ តែបើយើងទៅរកឱសថការីដែលមានវិជ្ជាជីវៈត្រឹមត្រូវ នោះនឹងធ្វើឲ្យសុខភាពយើងល្អប្រសើរ ហើយសង្គមជាតិនឹងរីកចម្រើន»។
លោក សាយលេស អេវឺតរឹត តំណាងអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា បានថ្លែងថា វីដេអូទាំង នេះ នឹងផ្តល់ជាព័ត៌មានល្អៗដល់សិស្សនិស្សិត ឲ្យបានយល់ដឹងច្បាស់ជំនាញដែលពួកគេជ្រើសរើស។ ថ្លែងជាភាសាអង់គ្លេសនៅលើវេទិកា លោក សាយលេស បានបញ្ជាក់ថា៖ «វីដេអូទាំងនេះ បានយកទៅបង្ហោះក្នុងវេបសាយ career on camera.org និងនៅលើទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្សព្វផ្សាយទៅកាន់សិស្សនិស្សិត។ យើងនៅទីនេះ អាចpost និង shareបន្ត ដើម្បីឲ្យវីដេអូបានផ្សព្វផ្សាយកាន់តែទូលំទូលាយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com