ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃោសនាបោះឆ្នោត​ថ្នាក់មូលដ្ឋាន មេបក្ស​ប្រឆាំង​បន្ត​និយាយថា គ្មានទេ​សង្គ្រាម បើ CNRP ឈ្នះ​
27, May 2017 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​ភ្លេច​និយាយថា ប្រទេស​កម្ពុជា នឹង​មិនមាន​សង្គ្រាម​នោះទេ ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត​។ ឯកឧត្តម កឹម សុខា តែង​លើកឡើង​ស្ទើរ​គ្រប់​វេទិកា​ថា  ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត គឺជា​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។



នៅ​ចំពោះ​អ្នកគាំទ្រ​ជាច្រើន​រយ​នាក់ ក្នុង​វេទិកា​នៃ​ការឃោសនា​រក​សំឡេងឆ្នោត នៅ​ខេត្តកំពង់ធំ នាពេល​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២0១៧​នេះ ឯកឧត្តម កឹម សុខា បាន​និយាយ​ម្តងទៀត ទាក់ទង​នឹង «​ការ​គ្មាន​សង្គ្រាម ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត​»​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ថ្លែង​ដូច្នេះ​ថា​៖«​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស គ្មានទេ​សង្គ្រាម គ្មានទេ​ការបង្ហូរ​ឈាម គ្មានទេ​ការបែកបាក់​ជាតិ ពីព្រោះ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ឈ្នះ គឺ​ខ្មែរ​ទាំង​គ្នា ជា​អ្នកឈ្នះ​។ យើង អត់​មាន​គំកួន​សងសឹក​អ្នកណា​ទេ​។ [……] ដូច្នេះហើយ បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ទៅ ដឹកនាំ​ប្រទេស​ទៅ អ្នកចាញ់​រស់នៅ​ដោយ​សុខ​សប្បាយ គ្មាន​ការគំរាមកំហែង គ្មាន​ការបំភិតបំភ័យ​។ ខ្មែរ​រស់នៅ​សុខ​ស​ប្បាង​ទាំងអស់គ្នា អត់​មាន​ឈ្លោះ​គ្នា​តទៅទៀត រីកចម្រើន ឯកភាព​ជាតិ និង​ជោគជ័យ​សម្រាប់​ជាតិ​យើង​»​។​

​ក្រៅពី​បញ្ជាក់ថា «​គ្មាន​សង្គ្រាម ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត​» ឯកឧត្តម កឹម សុខា ក៏​មិនដែល​ខកខាន​ក្នុងការ​បរិយាយ​ពី​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ដែល​ត្រូវបាន​បង្កើត​ឡើយ ដើម្បី​យកទៅ​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ដែរ​។ គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច​នោះ គឺ ការពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​, ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​លើ​វិស័យ​នានា​, ការ​ព​ង្រឹ​ក​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ​, ការពង្រឹង​សន្ដិសុខ និង​វិមជ្ឈការ នូវ​គោលនយោបាយ​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ គឺ​ការផ្ទេរ​សិទ្ធិអំណាច និង​តួនាទី រួមទាំង​ថវិកា​ចំនួន​៥0​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ឃុំ​-​សង្កាត់​នីមួយៗ នៅ​ទូទាំងប្រទេស​កម្ពុជា​។

​ឯកឧត្តម​ក កឹម សុខា បានកំណត់​ក្នុង​កម្មវិធី​របស់ខ្លួន ដោយ​ត្រូវ​ចុះទៅ​ឲ្យ​គ្រប់​២៥​រាជធានី​-​ខេត្ត ក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​។ ក្នុង​១​ថ្ងៃ យ៉ាងតិច​២​ខេត្ត ដែល​ឯកឧត្តម កឹម សុខា បាន​ចុះ​ទៅដល់ ដើម្បី​ជួប​អ្នកគាំទ្រ​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com