ជាតិ
លោកស្រី ភឿង សកុណា៖ ប្រាសាទទាំងអស់មិនមែនរបស់អប្សរាទេ តែជារបស់ប្រជាជនទាំងអស់គ្នា
× សៀមរាប៖ ក្នុងសន្ទរកថាជាលើកដំបូងក្នុងនាមជាប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា មិនភ្លេចពីការថ្លែងសារក្នុងន័យលើកតម្លៃបេតិកភណ្ឌឡើយ។ លោកស្រី បានអំពាវនាវឲ្យមានការថែរក្សាសម្បត្តិបេតិកភណ្ឌនានាដែលបុព្វបុរសខ្មែរបន្សល់ទុកឲ្យ ចៀសវាងពីការបំផ្លិចបំផ្លាញ។ ក្នុងន័យដូចគ្នានេះ លោកស្រី សកុណា ក៏បានបញ្ជាក់ដែរថា ប្រាសាទក្នុងរមណីយដ្ឋានអង្គរ មិនមែនជាកម្មសិទ្ធិ ឬរបស់អាជ្ញាធរជាតិអប្សរាឡើយ តែជារបស់ប្រជាជន ឬប្រជាជាតិទាំងអស់ ដែលតម្រូវឲ្យមានការចូលរួមថែរក្សាជាចាំបាច់។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអណ្តែតទឹក នៅព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានថ្លែងថា ការអប់រំ ប្រៀនប្រដៅពីការសម្អាតបរិស្ថាន មានទាំងចារលើសិលាចារឹតផង។ ការថែរក្សាបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់អាជ្ញាធរអប្សរាទេ តែជាការទទួលខុសត្រូវរបស់ពលរដ្ឋគ្រប់រូប។ អាជ្ញាធរអប្សរាគ្រាន់តែមានភារៈកិច្ចមួយផ្នែក ដើម្បីថែរក្សា និងអភិរក្សប្រាសាទ តែបើគ្មានកម្លាំងប្រជាជនចូលរួមនោះទេ ក៏ការងារនេះមិនអាចធ្វើទៅបានល្អដែរ៕
សូមស្តាប់ប្រសាសន៍របស់លោកស្រី ភឿង សកុណា
© រក្សាសិទ្ធិដោយ thmeythmey.com