អន្តរជាតិ
លោក ឌូ​ទើ​តេ ប្រកាស​ទទួលខុសត្រូវ​ម្នាក់ឯង បើ​មាន​បញ្ហា​កើតឡើង​ពេល​អនុវត្ត​ច្បាប់អាជ្ញាសឹក​
27, May 2017 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ច្បាប់អាជ្ញាសឹក​នៅ​ទូទាំង​តំបន់​មិន​ដា​ណាវ ក្រោយ​មានការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​នៅ​ទីក្រុង​ម៉ា​រ៉ាវី (Marawi)​ខណៈ​លោក​កំពុង​ទស្សនកិច្ច​នៅ​រុស្ស៊ី​។ ការប្រកាស​ច្បាប់អាជ្ញាសឹក​នេះ ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា​នឹងមាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដ្បិត​ទាហាន​នឹងមាន​សិទ្ធិអំណាច​ខ្លាំង​អាច​ចាប់ចង​ប្រជាជន​បាន​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ បាន​ចេញមក​ធានាថា បើ​មាន​បញ្ហា​អ្វី​នោះ លោក​នឹង​ទទួលខុសត្រូវ​តែម្នាក់ឯង​។​



​បន្ទាប់ពី​បានប្រកាស​ច្បាប់អាជ្ញាសឹក​ហើយ​នោះ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​២៦ ខែឧសភា បាន​ទៅ​ផ្ដល់​កម្លាំងចិត្ត​ដោយ​ចំពោះ​ទាហាន​ហ្វីលីពីន​ដែល​ចូលរួម​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ប្រដាប់អាវុធ​នៅ​ទីក្រុង​ម៉ា​រ៉ាវី កោះ​មិន​ដា​ណាវ​។ លោក ឌូ​ទើ​តេ បាន​ក្រុម​ទាហាន​របស់លោក​ឲ្យ​ធ្វើតាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់អាជ្ញាសឹក និង​មិនចាំបាច់​ខ្វល់ខ្វាយ​អ្វី​ច្រើន​ឡើយ ព្រោះ​លោក​នៅចាំ​ជួយ​ពួកគេ​រហូត​។​

​បើតាម​សារព័ត៌មាន Rappler ចំពោះមុខ​ទាហាន​ជាច្រើន លោក ឌូ​ទើ​តេ ដែល​ឈរ​អមដោយ​មន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ និង​ក្រុម​មេទ័ព​ជាច្រើន​នាក់​ទៀត បាន​និយាយថា​៖ «​ខ្ញុំ​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​គ្រប់ពេល ហើយ​បើ​អ្នកចាញ់ ខ្ញុំ​ក៏​ចាញ់​ដែរ​។ ប៉ុន្តែ​សម្រាប់​ច្បាប់អាជ្ញាសឹក និង​ការ​ផលវិបាក​ដែល​កើតឡើង​ពេល​អនុវត្ត​ច្បាប់​នេះ ខ្ញុំ​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួលខុសត្រូវ​។ អ្នក​ទាំងអស់គ្នា ធ្វើតាម​ការងារ​របស់​ខ្លួន​ទៅបាន​ហើយ​។ ខ្ញុំ​គាំទ្រ​អ្នក​ទាំងអស់​»​។​

​ច្បាប់អាជ្ញាសឹក​ត្រូវបាន​ប្រកាស​នៅ​ទូទាំង​តំបន់​កោះ​មិន​ដា​ណាវ​ភាគខាងត្បូង​ហ្វីលីពីន​ដែល​សម្បូរ​ដោយ​ក្រុម​ឧទ្ទាម​មាន​ជាប់ទាក់ទង​ក្រុម​រដ្ឋ​ឥស្លាម​។ ប្រធានាធិបតី ឌូ​ទើ​តេ បានដាក់​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​កម្ទេច​ក្រុម​សកម្មជន​ដែលមាន​អាវុធ​ក្នុង​ដៃ​ហើយ​វាយប្រហារ​មកលើ​ក្រុម​ទាហាន ព្រោះ​ក្រុម​សកម្មជន​ទាំងនោះ​នឹង​មានឱកាស​វាយប្រហារ​ម្ដងទៀត​មិន​ខាន​។ ប្រធានាធិបតី​រូបនេះ ក៏​ត្រៀម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ធានាថា ទាហាន​របស់លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​កម្ទេច​ក្រុម​ភេរវជន​។​

​លោក ឌូ​ទើ​តេ ប្រកាស​ដាក់​កោះ​មិន​ដា​ណាវ​ទាំងមូល​ក្រោម​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​ធ្ញ​ន់​ធ្ង​រ​នេះ​។ យោធា​ហ្វីលីពីន​បាន​ពង្រាយ​ឧទ្ធម្ភាគចក្រ​សម្រាប់​ប្រយុទ្ធ​ជាច្រើន​គ្រឿង រួមជាមួយ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត Maute នៅ​ក្រុង​ម៉ា​រ៉ាវី ដែលជា​កន្លែង​រស់នៅរ​បស់​ប្រជាជន​ហ្វីលីពីន​ប្រហែល ២​សែន​នាក់​។ មកទល់ពេលនេះ កងកម្លាំង​រដ្ឋាភិបាល ១៣​នាក់ និង ក្រុម​ភេរវជន ៣១​នាក់​ស្លាប់​ផងដែរ​។

​ជាមួយគ្នានេះ លោក ឌូ​ទើ​តេ ក៏​គំរាម​ប្រកាស​ច្បាប់អាជ្ញាសឹក​នៅ​តំបន់​ផ្សេងទៀត​ទូទាំងប្រទេស​ហ្វីលីពីន​ផងដែរ ក្នុងករណី​ចាំបាច់​។ ប៉ុន្តែ​ប្រជាជន​ហ្វីលីពីន​ខ្លះ​ដែល​ធ្លាប់​រស់នៅ​ក្រោម​របប​ដឹកនាំ​ផ្តាច់កា​រលោក ហ្វ៊ែ​ឌី​ណង់ ម៉ា​កូ​ស (Ferdinand Marcos) ព្រួយបារម្ភ នៅពេលដែល​មានការ​ប្រកាស​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នេះ​។ ប្រធានាធិបតី ម៉ា​កូ​ស បានប្រកាស​ដាក់​ហ្វីលីពីន​ក្រោម​ច្បាប់អាជ្ញាសឹក​ក្នុង​ឆ្នាំ ១៩៧២ ដើម្បី​ក្តោប​ក្តាប់​អំណាច​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com