អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ភ្នាល់​ថា បញ្ហា​កូរ៉េខាងជើង​នឹងត្រូវ​ដោះស្រាយ​នៅពេល​ខាងមុខ​
27, May 2017 , 5:05 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន​ ស៊ីនហ្សូ អាបេ ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅអ៊ីតាលី (រូបភាព AP)
នាយករដ្ឋមន្ត្រីជប៉ុន​ ស៊ីនហ្សូ អាបេ ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅអ៊ីតាលី (រូបភាព AP)
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ឯកភាពគ្នា​បង្កើន​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដែល​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​ការសាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។ ក្នុងជំនួប​ថ្ងៃទី​២៦ ខែឧសភា លោក ត្រាំ ដែល​ចង់​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅតែ​ចាត់ទុក​បញ្ហា​នុយក្លេអ៊ែ​កូរ៉េខាងជើង ជា​បញ្ហា​ដ៏​ធំ​សម្រាប់​ពិភពលោក ប៉ុន្តែ​លោក​ជឿថា បញ្ហា​នេះ​នឹងត្រូវ​ដោះស្រាយ​នៅពេល​ខាងមុខ​។​




​ឆ្លៀតពេល​ចូលរួម​កិច្ចប្រជុំ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ (G7) នៅ​អ៊ីតាលី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ជួបពិភាក្សា​ទ្វេភាគី​លើ​បញ្ហា​មួយចំនួន​រាប់ទាំង​វិបត្តិ​នុយក្លេអ៊ែ​កូរ៉េខាងជើង​ផង​។ នេះ​ជា​លើក​ទី​ពីរ ដែល​មេដឹកនាំ​ជប៉ុន និង​អាមេរិក ជួបគ្នា បន្ទាប់ពី​បាន​ជួបគ្នា​ម្ដង​ហើយ​នៅ​អាមេរិក​កាលពីដើម​ឆ្នាំនេះ​។ ទាំង​អាមេរិក ទាំង​ជប៉ុន ក៏​ព្រមព្រៀងគ្នា​ពង្រីក​ទណ្ឌកម្ម​ថែមទៀត​លើ​កូរ៉េខាងជើង​។​

​ចំពោះមុខ​អ្នកសារព័ត៌មាន លោក ត្រាំ ដែល​អង្គុយ​អមដោយ​លោក អា​បេ និយាយថា មាន​បញ្ហា​ជាច្រើន​ត្រូវបាន​ពិភាក្សា​រួមទាំង​វិបត្តិ​កូរ៉េខាងជើង​ផង ព្រោះ​គ្រប់គ្នា​សុទ្ធតែ​ផ្ដោត​ការយកចិត្ត​ទុក​លើ​បញ្ហា​នេះ​។ បើតាម​សារព័ត៌មាន Politico លោក ត្រាំ បាន​បញ្ជាក់ថា​៖ «​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​បញ្ហា​ធំ ហើយ​ជា​បញ្ហា​របស់​ពិភពលោក តែ​វា​នឹង​ត្រូវបាន​ដោះស្រាយ​មិន​ខាន​។ នៅត្រង់ចំណុច​ណាមួយ បញ្ហា​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​។ អ្នក​អាច​ភ្នាល់​បាន​»​។​

​យ៉ាងណាក្ដី ប្រធានាធិបតី​អាមេរិក​រូបនេះ មិនបាន​បញ្ជាក់​ទេ​ថា​បញ្ហា​សាំ​ញាំ​នេះ​ត្រូវ​ដោះស្រាយ​តាម​ណា​ឡើយ​។ កន្លងមក អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ទំនើប​ពីរ​គ្រឿង​ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ ដើម្បី​បន្លាច​កូរ៉េខាងជើង តែ​កូរ៉េខាងជើង​មិន​ញញើត​បន្តិច​សោះ​។ បន្ទាប់មកទៀត រដ្ឋបាល​លោក ត្រាំ ក៏បាន​បន្ទន់​ជំហរ​វិញ និង​បានស្នើ​ឲ្យ​កូរ៉េខាងជើង​ងាក​ចូល​តុ​ចរចា ប៉ុន្តែ​មាន​លក្ខខណ្ឌ គឺ​ត្រូវ​បញ្ឈប់​កម្មវិធី​អាវុធ​របស់ខ្លួន​សិន​។ ក្រោយមក អាមេរិក​ក៏​ស្នើ​ឲ្យ​អន្តរជាតិ​ជួយ​ដាក់ទណ្ឌកម្ម​ថែមទៀត​លើ​កូរ៉េខាងជើង​។​

​ដោយឡែក​សម្រាប់​ជប៉ុន​វិញ លោក Norio Maruyama អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយថា លោក អា​បេ បាន​និយាយ​ក្នុង​កិច្ចប្រជុំ G7 ច្បាស់​ហើយ គឺ​សហគមន៍​អន្តរជាតិ​រួមទាំង​ចិន​ផង ត្រូវតែ​ដាក់​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​ខ្លាំង​ថែមទៀត​។ លោក អា​បេ បញ្ជាក់ទៀតថា ការបន្ត​ដាក់​សម្ពាធ​លើ​រដ្ឋ​កុម្មុយនីស្ត​កូរ៉េខាងជើង ជា​រឿង​ចាំបាច់ ហើយ​ចិន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​បញ្ហា​នេះ​។​

​ជាការ​ពិត ចិន​ពិតជា​ត្រូវ​ដើរតួ​សំខាន់​ណាស់​ក្នុង​ជួយ​រក​ច្រកចេញ​បញ្ហា​កូរ៉េខាងជើង​នេះ ខណៈ​អា​មេ​រិ​ក៏បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ចិន​កូក​ដៃ​ឲ្យ​ខ្លាំង​ថែមទៀត​។ នេះ​មិនមែន​មានន័យថា ចិន​មិន​ជួយ​អ្វី​ទេ​។ ក្រុង​ប៉េកាំង ក៏បាន​អនុវត្តតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក​កូរ៉េខាងជើង​តាមរយៈ​ការឈប់​នាំចូល​ធ្យូងថ្ម​ជាដើម​។ ជំហរ​របស់​ចិន​លើ​បញ្ហា​នេះ គឺ​ភាគី​ទាំងសងខាង​ត្រូវ​ឈប់​រករឿង​គ្នា ហើយ​ចូល​តុ​ចរចា​វិញ​ម្ដង​៕

   
  

 



Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  ជប៉ុន​
  ស៊ីន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com