ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ជួល​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ទុក​ដឹក​សម្ភារ​ទៅកាន់​ការិយាល័យ​បោះឆ្នោត ក្នុងពេល​ចាំបាច់
27, May 2017 , 6:00 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប
ដោយ:
ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួល​ឧទ្ធម្ភាគចក្រ​២​គ្រឿង ពី​ក្រុមហ៊ុន​មួយ ដើម្បី​ដឹកជញ្ជូន​សម្ភារផ្សេងៗ ទៅកាន់​ការិយាល័យ​បោះឆ្នោត ដែល​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​។



​លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឧទ្ធម្ភាគចក្រ​ទាំង​២​គ្រឿង​នោះ នឹងត្រូវ​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​សំខាន់ ជាពិសេស​ការដឹកជញ្ជូន​សម្ភារ​ផ្សេងៗ បម្រើ​ឲ្យ​ការបោះឆ្នោត ទៅកាន់​ការិយាល័យ​បោះឆ្នោត ស្ថិតក្នុង​តំបន់​ដាច់ស្រយាល ដែល​រថយន្ត ពិបាក​នឹង​ដឹក​ទៅដល់​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង បាន​ជួល​ឧទ្ធម្ភាគចក្រ​២​គ្រឿង ទុក​បម្រុង ដើម្បី​ប្រើ​ពេលណា​ដែល​ចំ​បាច់​។ ឥឡូវ​ហ្នឹង យើង​មិនទាន់​ប្រើឧទ្ធម្ភាគចក្រទេ គឺ​យើង​ប្រើ​រថយន្ត​សិន​។ ទាល់តែ​តំបន់​ណាមួយ​ដាច់ស្រយាល ដែល​រថយន្ត​ពិបាក​ដឹក​សម្ភារ​ទៅ ឬក៏​មិនអាច​ដឹក​ទៅ​ទាន់ពេល​កំណត់ យើង​នឹង​ប្រើ​ឧទ្ធម្ភាគចក្រ»​។​

​លោក ហង្ស ពុទ្ធា មិនទាន់​ដឹង​ច្បាស់​នោះទេ ថា​ការជួល​ឧទ្ធម្ភាគចក្រទាំង​២​គ្រឿង​នោះ មានតម្លៃ​ប៉ុន្មាន​។ លោក គ្រាន់តែ​ប្រាប់ថា តម្លៃ​នៃ​ការជួល​ឧទ្ធម្ភាគចក្រ ប្រហែលជា​គិត​ក្នុង​រយៈពេល នៃ​ការហោះហើរ​។ លោក បន្តថា ការហោះហើរ​ក្នុង​១​នាទី ប្រហែលជា​មានតម្លៃ​១៥​ដុល្លារ​។

ចាប់តាំងពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧​មក គ​.​ជ​.​ប បាន​បញ្ជូន​សម្ភារបម្រើ​ឲ្យ​ការបោះឆ្នោត ទៅកាន់​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត​។ សម្ភារ​ទាំងនោះ មានដូចជា សន្លឹកឆ្នោត ទឹកខ្មៅ បន្ទប់​សម្ងាត់ ហិប​ឆ្នោត ប៊ិច​គួរ​សន្លឹកឆ្នោត និង​សម្ភារបន្ទាប់បន្សំ​ផ្សេងៗ​ទៀត​។ នៅសល់តែ​សម្ភារ​តិចតួច​ប៉ុណ្ណោះ ដែល​មិនទាន់បាន​បញ្ជូន ទៅកាន់​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត​។ ទាំងនេះ គឺជា​ការអះអាង​របស់​លោក ហង្ស ពុទ្ធា ដដែល​។​

លោក ហង្ស ពុទ្ធា បញ្ជាក់​ចុងក្រោយ​ថា ប្រសិនបើ​ការិយាល័យ​បោះឆ្នោត​ណាមួយ មាន​បញ្ហា​ខាង​សម្ភារ​បម្រើ​ឲ្យ​ការបោះឆ្នោត ហើយ​ត្រូវការ​ជា​ប្រញាប់ នោះ​គ​.​ជ​.​ប នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​ទៅ​ឲ្យ​ទាន់ពេលវេលា​។

សូម​រម្លឹកថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧៕


Tag:
 គជប
  បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com