ជាតិ
ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតច្រើននៅតំបន់មាត់សមុទ្រ ខ្ពង់រាប និងជួរភ្នំក្រវាញ
× ភ្នំពេញ៖ ការព្យាករអាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី២៨-៣១ ឧសភា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន នៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបនប់ជួរភ្នំក្រវាញ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុប្រចាំសប្ដាហ៍ថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាប។ ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិថុនា តទៅ ខ្យល់មូសុងនិរតី និងបង្កើនឥទ្ធិពលមកលើកម្ពុជា។
យោងតាមការព្យាករអាកាសធាតុខាងលើ ស្ថានភាពបែបនេះ ធ្វើឲ្យអាកាសធាតុនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបនប់ជួរភ្នំក្រវាញ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតច្រើន ចាប់ពីថ្ងៃទី២៨-៣១ ឧសភា។ ចំណែកឯ តំបន់វាលទំនាបវិញ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ០១-០៤ ខែមិថុនា។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសចាប់ពីថ្ងៃទី២៨-៣១ ឧសភា។ នេះបើតាមការព្យាករអាកាសធាតុនៅថ្ងៃទី២៧ ឧសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com