កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal, Barcelona, Dortmund និង PSG ឈ្នះ Cup ក្រោយ​ខកចិត្ត​ក្នុង League
28, May 2017 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ ក្លិប Arsenal, Barcelona, Borussia Dortmund និង Paris Saint-German បានឈ្នះ Cup ប្រចាំ​ប្រទេស​រៀងៗ​ខ្លួន បន្ទាប់​ពួកគេ​សុទ្ធតែ​ខកចិត្ត​ក្នុងការ​ប្រកួតប្រជែង​ក្របខណ្ឌ​កំពូល​។ សម្រាប់ Arsenal នេះ​ជា​ពានរង្វាន់​លួង​ចិត្ត​ក្រុម​អ្នកគាំទ្រ បន្ទាប់ពី​ពួកគេ​ជាប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​ក្នុង Premier League ខណៈ Barcelona, Dortmund និង PSG សុទ្ធ​តែមាន​កៅអី​នៅ Champions League នា​រដូវ​កាល​ក្រោយ​។​




Arsenal បានឈ្នះ​ពាន FA Cup ជា​លើក​ទី​១៣ ក្រោយ​ឈ្នះ​Chelsea ២-១ នៅ​កីឡដ្ឋាន Wembly​។ វា​ក៏​ជាការ​ឈ្នះ​ពាន​លើក​ទី​៧​ផងដែរ​របស់​អ្នកចាត់ការ​ទូទៅ​លោក Arsene Wenger​។ គ្រាប់​បាល់​បញ្ចូល​ទី​របស់​កាំភ្លើង ធ្វើ​សម្រេចបាន​ដោយ Alexis Sanchez និង Aaron Ramsey ខណៈ​១​គ្រាប់​របស់ Chelsea ដែលមាន​គ្នា​ត្រឹម​១០​នាក់ រកបាន​ដោយ Diego Costa​។ នៅក្នុង​ក្របខណ្ឌ Premier League តោ​ខៀវ Chelsea ជា​ម្ចាស់​ជើងឯក រីឯ​កាំភ្លើង​ធំ Arsenal ខកចិត្ត​បាន​ត្រឹម​លេខ​៥ ដោយ​ធ្លាក់​ទៅ​ដណ្តើម​ពានរង្វាន់ Europa League នា​រដូវ​កាល​ក្រោយ​។​


នៅ​កីឡដ្ឋាន Estadio Vicente Calderon ក្រុង​ម៉ា​ឌ្រី​ត Barcelona បាន​យកឈ្នះ Alavés ៣-១ ដើម្បី​លើក​ពាន Copa del Rey ជា​លើក​ទី​២៩ និង​ជាការ​ដណ្តើម​៣​រដូវ​កាល​ជាប់ៗ​គ្នា​របស់​ក្លិប​យក្ស​មួយ​នេះ ក្រោម​ការដឹកនាំ​របស់​លោក Luis Enrique​។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​សុទ្ធតែ​កើតឡើង​នៅក្នុង​តង់​ទីមួយ​។ Lionel Messi, Neymar និង Paco Alcacer សម្រេច​ផល​ឲ្យ Barcelona រីឯ Theo Hernandez រក​បង្គ្រប់កិច្ច​ឲ្យ Alaves​។ ក្នុង​ក្របខណ្ឌ La Liga ក្លិប Barcelona បាន​លេខ​២ ដោយ​ចាញ់ Real Madrid ៣​ពិន្ទុ ចំណែក Alaves ស្ថិតនៅ​លេខ​៩ ។​


សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន DFB-Pokal Cup របស់​អាល្លឺម៉ង់​ឯណោះ​វិញ Borussia Dortmund បាន​យកឈ្នះ Einstracht Frankfurt ២-១ នៅ​កីឡដ្ឋាន Olympiastadion ក្នុង​ក្រុង​ប៊ែ​រ​ឡាំង​។ Pierre-Emerick Aubameyang បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​តង់​ទី​ពីរ​នាំ​ជ័យជម្នះ​សម្រាប់ Dortmund បន្ទាប់ពី​ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ នៅ​៤៥​នាទី​ដំបូង ដោយ Ousmane Dembele រក​គ្រាប់​បើកឆាក​ឲ្យ Dortmund ដែល​ជាប់​លេខ​៣​ក្របខណ្ឌ Bundesliga មុនពេល Ante Rabic តាម​ស្មើ​សម្រាប់​ក្រុម​លេខ​១១ Eintracht Frankfurt​។​


ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ Coupe de France នៅ​កីឡដ្ឋាន Stade de France របស់​បារាំង Paris Saint-Germain ឈ្នះ​ពាន​នេះ​ជា​លើក​ទី​១១ ដែលជា​កំណត់ត្រា​ពិសេស ហើយ​វា​ក៏​ជាការ​ដណ្តើមបាន​រយៈពេល​៣​រដូវ​កាល​ជាប់ៗ​គ្នា​ផងដែរ​។ PSG ត្រូវ​អរគុណ​ខ្សែការពារ Issa Cissokho នៃ​ក្លិប Angers ដែល​ភ្លាត់​តែ​តបាល់​បញ្ចូល​ទី​ខ្លួនឯង​នៅ​នាទី​បន្ថែម​។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល PSG ឈ្នះ​ពាន Coupe de France ដោយ​គ្មាន​ការ​ធ្លាយ​សំណាញ់​មួយគ្រា​ប់​សោះ​ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​របស់ខ្លួន​។ ក្នុង​ក្របខណ្ឌ Ligue 1 ក្លិប PSG ជាប់​លេខ​២ រីឯ Angers ស្ថិតនៅ​លេខ​១២ ។​


នៅ​អ៊ីតាលី Juventus ក្រោម​ការដឹកនាំ​របស់​លោក Massimiliano Allegri បាន​លើក​ពាន​រូ​ច​ទៅហើយ ទាំង​ក្របខណ្ឌ​កំពូល Serie A និង​ពាន Coppa Italia​។​

​ជាមួយគ្នានេះ​ផងដែរ អតីត​គ្រូបង្វឹក Liverpool លោក Brendan Rodgers ដែល​បាន​ជួយ​ឲ្យ Celtic លើក​ពាន Scottish Premiership និង Scottish League Cup នោះ បន្ត​ជោគជ័យ​ដ៏​ធំធេង​បន្ថែមទៀត តាមរយៈ​ការដណ្តើម​បាន​ពាន Scottish Cup ក្រោយ​ឈ្នះ Aberdeen ២-១ ។ នេះ​ជាការ​ឈ្នះ​ពាន Scottish Cup លើក​ទី​៣៧​របស់​ក្លិប​កំពូល​ស្កុ​តឡែ​ន Celtic ៕



Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com