អន្តរជាតិ
បញ្ចប់​ទស្សនកិច្ច​ក្រៅប្រទេស លោក ត្រាំ ត្រឡប់​ចូល​ស្រុក​ជាមួយ​បញ្ហា​កំពុង​រង់ចាំ​
28, May 2017 , 3:54 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់ទាហានអាមេរិកនៅអ៊ីតាលី (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់ទាហានអាមេរិកនៅអ៊ីតាលី (រូបភាព Reuters)
ពី​អា​រ៉ា​ប៊ី​សា​អូឌីត ទៅ​អ៊ីស្រាអែល បន្ទាប់មក​ទៅ​ប៉ា​ឡេ​ស្ទី​ន រួច​បន្តដំណើរ​ទៅកាន់​បុរី​វា់ទី​កង់ បែលហ្ស៊ិក និង​ចុងក្រោយ​អ៊ីតាលី ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានបញ្ចប់​ទស្សនកិច្ច​ក្រៅប្រទេស​លើកទីមួយ​ដោយ​ក្ដី​រីករាយ​ផង និង​ក្ដី​ទោមនស្ស​ផង​។ លោក ត្រាំ ចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​វែង​ដោយ​ការសម្រេចបាន​កិច្ចព្រមព្រៀង​តម្លៃ​រាប់លាន​ដុល្លារ​នៅ​មជ្ឈិមបូព៌ា ប៉ុន្តែ​នៅ​អឺរ៉ុប គឺ​សោះកក្រោះ​ខ្លាំង​។ នៅពេលនេះ លោក ត្រាំ ត្រឡប់មក​ស្រុក​វិញ ដោយមាន​បញ្ហា​ច្រើន​កំពុង​រង់ចាំ​លោក​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ត្រឡប់​ទៅកាន់​អាមេរិក​វិញ​ហើយ បន្ទាប់ពី​បានបញ្ចប់​ទស្សនកិច្ច​ក្រៅប្រទេស​រយៈពេល​៩​ថ្ងៃ​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប​។ នៅ​មជ្ឈិមបូព៌ា លោក ត្រាំ បានបង្ហាញ​ជំហរ​ទន់ភ្លន់​ដាក់​សម្ព័ន្ធមិត្ត​របស់ខ្លួន ដោយ​មិនបាន​លើកឡើង​អ្វី​សោះ​ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស តែ​លោក​ទំនងជា​ពេញចិត្ត​នឹង​បដិសណ្ឋារកិច្ច​ដ៏​អធិកធ​ម​ដែល​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​រៀបចំ​ជាពិសេស​សម្រាប់​លោក​។​

​នៅ​អឺរ៉ុប​វិញ លោក ត្រាំ បាន​ប្រែ​ផ្លាស់​អាកប្បកិរិយា​របស់​លោក ខុសពី​អ្វីដែល​បានធ្វើ​នៅ​មជ្ឈិមបូព៌ា​។ លោក ត្រាំ បាន​បន្ត​ដាក់​សម្ពាធ​ឲ្យ​សម្ព័ន្ធមិត្ត​ជាស​មា​ជិកសម្ព័ន្ធ​យោធា​ណា​តូ បង្កើន​ការចំណាយ​ឲ្យ​បាន​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុង​សរុប​តាម​ការសន្យា​របស់​ពួកគេ​។ បន្ទាប់មក​ក្នុង​កិច្ចប្រជុំ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ (G7) ប្រធានាធិបតី​អាមេរិក ក៏​មិនទាន់​ផ្ដល់​ចម្លើយ​ឲ្យ​បានច្បាស់លាស់​ជុំវិញ​ជំហរ​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាស​ធាតុ​ដែរ​។  

​យ៉ាងណាក្ដី ទស្សនកិច្ច​ក្រៅប្រទេស​មួយ​ជុំ​លើក​នេះ អាមេរិក ក៏​ទទួលបាន​ប្រយោជន៍​មិនតិច​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ បាន​និយាយថា លោក​បាន​ប្រមូល​កម្លាំង​អន្តរជាតិ​បាន​ច្រើន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និយម ហើយ​លោក​ចាត់ទុកជា​នេះ​ជោគជ័យ​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។ លើសពីនោះ អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​តម្លៃ​១១០​ពាន់​លាន​ដុល្លារ​ថែមទៀត​។

​យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក មិន​បានធ្វើ​សន្និសីទកាសែត​បិទ​បញ្ចប់​ទស្សនកិច្ច​ដូច​រាល់ដង​ឡើយ​។ នេះ ទំនងជា​លោក ត្រាំ មិន​ចង់​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​នឹង​សួរនាំ​លោក​ជុំវិញ​បញ្ហា​ក្នុងស្រុក គឺ​ការស៊ើបអង្កេត​របស់ FBI ពាក់ព័ន្ធ​នឹង​លូកដៃ​របស់​រុស្ស៊ី​ក្នុងការ​រៀបចំ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ បញ្ហា​នេះ កំពុង​អុកឡុក​រដ្ឋបាល​លោក ត្រាំ កាន់តែខ្លាំង ព្រោះ​សូម្បីតែ​កូនប្រសារ​របស់លោក ក៏មាន​ឈ្មោះជាប់​ពាក់ព័ន្ធ​ដែរ​។​

​បញ្ហា​នេះ ធ្វើ​ឲ្យ​លោក ត្រាំ ឈឺក្បាល​ខ្លាំង ព្រោះ​ការស៊ើបអង្កេត​នៅតែ​បន្ត បើទោះជា​លោក​បាន​បណ្ដេញ​លោក ច​ន ខូ​មី (John Comey) ពី​តំណែង​នាយក FBI ក្ដី​។ ក្រុម​ប្រជាធិបតេយ្យ​បាន​រិះគន់​លោក ត្រាំ លើ​ការបណ្ដេញ​លោក ខូ​មី ដោយ​ចោទ​លោ​កថា​ព្យាយាម​បិទបាំង​សកម្មភាព​របស់លោក​។ យ៉ាងណាក្ដី នាយក​ស្ដីទី FBI ដែល​ចូលកាន់​តំណែង​បន្ត​ពី​លោក ខូ​មី ក៏​ប្រកាស​បន្ត​ការស៊ើបអង្កេត​លើ​ក្រុមការងារ​បោះឆ្នោត​របស់​លោក ត្រាំ ដើម្បី​ស្វែងរក​ការពិត​៕      


© រក្សាសិទ្ធិដោយ thmeythmey.com